ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ បើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យ សាលាខេត្តពោធិ៍សាត់ ស្ដីពីស្ថានភាពទឹកជំនន់ ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ ដោយគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលឥទ្ធិពលព្យុះ និងភ្លៀងបានធ្លាក់ ជាបន្តបន្ទាប់ រយៈពេល ៥ ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង តាមដងស្ទឹងខេត្តពោធិ៍សាត់ ចំនួន ៥ ក្រុង ស្រុក និង ២៩ ឃុំ និងសង្កាត់ ដែលបណ្ដាលឱ្យរងផលប៉ះពាល់ លំនៅដ្ឋាន និងដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដូចខាងក្រោមៈ
នៅស្រុកវាលវែងៈ បណ្ដាលឱ្យរងផលប៉ះពាល់ ចំនួន ៥ ឃុំ រួមមានឃុំប្រមោយ ឃុំអន្លង់រាប ឃុំក្រពើពីរ ឃុំថ្មដា និងឃុំអូរសោម ក្នុងនោះ លិចផ្ទះសម្បែងប្រជាពលរដ្ឋ សរុប ២៣ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ១៩ ខ្នង និងខូចខាតមធ្យម ចំនួន ៤ ខ្នង ខូចខាតសម្ភារប្រើប្រាស់ផ្សេងៗ មានគោយន្តចំនួន ៣ គ្រឿង ម៉ូតូ ៣ គ្រឿង ម៉ាស៊ីនគ្រប់ប្រភេទ សរុបចំនួន ២២ គ្រឿង រួមនឹងសម្ភារជាច្រើនទៀត។

ក្នុងនោះផងដែរ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ មានខូចស្ពានចំនួន ៩ កន្លែង ខូចលូ ចំនួន ២០ កន្លែង បាក់ស្រុតក្បាលលូ ១កន្លែង នៅភូមិតាឡុះ ថ្នល់ក្រាលក្រួសក្រហម ប្រវែង ១.២២៦ ម៉ែត្រ និងខូចខាតដំណាំគ្រប់ប្រភេទ សរុបចំនួន ១៦.៧៣៥ ហិកតា និង ២០.១២០ ដើម ។
ក្រុងពោធិ៍សាត់ៈ រងផលប៉ះពាល់ ៦ សង្កាត់ ក្នុងនោះ លិចស្រូវចំនួន ១.៣០៤ ហិកតា ផ្លូវចំនួន ៣៩ ខ្សែ ស្មើ ២៥.៥២២ ម៉ែត្រ ក្នុងផ្លូវដីស ចំនួន ៩ ខ្សែ ស្មើនឹង ៤០,៣២ ម៉ែត្រ ផ្លូវក្រួសក្រហមចំនួន ២៤ ខ្សែ ស្មើ ១៣.៦៥០ ម៉ែត្រ ផ្លូវក្រាលកៅស៊ូ ចំនួន ៣ ខ្សែ ស្មើនឹង ៧.២៥០ ផ្លូវបេតុងចំនួន ៣ ខ្សែ ស្មើនឹង ៥៣៥ ម៉ែត្រ ។
ស្រុកកណ្តៀងៈ រងផលប៉ះពាល់ ៨ ឃុំ ស្មើនឹង ៦៦ ភូមិ ក្នុងនោះ លិចផ្លូវកៅស៊ូ ៩.៤៣០ ម៉ែត្រ ផ្លូវដីក្រាលក្រួសក្រហម ចំនួន ៣.៣00 ម៉ែត្រ បាក់ទំនប់ចំនួន ៣ កន្លែង ប្រវែង ២៣ ម៉ែត្រ រងផលប៉ពាល់ស្រូវ ចំនួន ៣.៤៨៥ ហិកតា ស្រូវដែលរងផលប៉ះពាល់ខ្លាំង ចំនួន ១.៦១៤ ហិកតា ស្រូវខូចចំនួន ៧៧៨ ហិកតា និងបានរងផលប៉ះដំណាំ ចំនួន ៦ ហិកតា ។

ស្រុកភ្នំក្រវាញៈ បានរងផលប៉ះពាល់ ៤ ឃុំ រួមមាន ឃុំសំរោង ឃុំរកាត ឃុំវាក់ចិញ្ចៀន ឃុំប្រងិល ក្នុងនោះលិចស្រូវ ចំនួន ២៣០ ហិកតា ដំឡូងមី ៣៦១ ហិកតា ពោតចំនួន ៣៥២ ហិកតា ខូចខាតផ្លូវកៅស៊ូ ៣ កន្លែង ផ្លូវក្រាលក្រួសក្រហម ២៦៥ ម៉ែត្រ រលំផ្ទះ១ខ្នង ដាច់ច្រោះក្បាលលូ ១កន្លែង និងបានដាច់ផ្លូវ ៤ កន្លែង មានប្រវែង ១.៤០៥ ម៉ែត្រ ។
ស្រុកបាកានៈ បានរងផលប៉ះពាល់ ៦ ឃុំ ស្មើ ៤៣ ភូមិ ក្នុងនោះ ផ្ទៃដីស្រែដែលរងផលប៉ះពាល់ ចំនួន ១.៩២០,៥ ហិកតា ផ្ទះដែលរងផលប៉ះពាល់ ចំនួន ២៥ ខ្នង មាននៅឃុំត្រពាំងជង ១២ ខ្នង និងឃុំស្នាមព្រះ ១៣ ខ្នង ។
ចំពោះទីតាំងដែលរងគ្រោះ ខាងលើ គណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យ និងអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ ម៉ោង។
យោងតាមការតាមដានកម្ពស់ទឹក នៅក្នុងថ្ងៃនេះ ឃើញថា ទឹកស្ទឹងស្រុកក្រវាញ មានកម្ពស់ ៧,១៩ ម៉ែត្រ ដោយឡែក នៅក្នុងក្រុងពោធិ៍សាត់ បាននិងកំពុងឡើងបន្តទៀត ៕/V



