ចាប់ខ្លួន​ឃាតករ​ម្នាក់ ដែល​មក​ពួន ក្នុង​ខេត្តស្ទឹងត្រែង​

256
ចែករម្លែក

ដោយៈ សុខុម / ស្ទឹងត្រែងៈ ជនដៃដល់​ម្នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស នៅ​រាជធានី​ភ្នំពេញ កាលពី​កន្លងទៅ ត្រូវបាន​សមត្ថកិច្ច​នគ​របាល តាម​ចាប់ខ្លួន ដល់​ខេត្តស្ទឹងត្រែង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ប្រតិបត្តិ​ការចាប់​ឃាតករ​ម្នាក់ មក​លាក់ខ្លួន នៅ​ចំណុច​អូរ​ខ្លុង គីឡូម៉ែត្រ​លេខ ៩ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ ឃាតករ ឈ្មោះ ផល បញ្ញា អាយុ ៣១ ឆ្នាំ បានសម្លាប់​ជនរងគ្រោះ ឈ្មោះ ហន ចាន់​រស្មី ដោយ​ប្រើ​ញញួរ​ដែក វាយ​ចំក្បាល សៀតផ្កា និង​ផ្នែក​ខាងក្រោយ នៃ​ក្បាល បណ្ដាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​។​

​ជនដៃដល់ សម្លាប់​មនុស្ស​រួច បានគេច​ខ្លួន​មក​រស់នៅ ខេត្តស្ទឹងត្រែង មួយរយៈ​ខ្លី​។ សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ករណី​នោះ កើតឡើង ដោយសារ​ជនសង្ស័យ ខឹង​នឹង​ជនរងគ្រោះ ជេរប្រមាថ មានគំនិត​គំកួន រហូត​ឈានដល់​សម្លាប់ ហើយ​រត់គេចខ្លួន​។ ក៏ប៉ុន្តែ​សមត្ថកិច្ច នៅតែ​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ រហូត​ឈានដល់​ចាប់ខ្លួន យកទៅ​ផ្ដន្ទាទោស​។​

​លោក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជា​កម្លាំង​ជំនាញ បើក​ការស្រាវជ្រាវ ក្រោយ​កើតហេតុ នៅពេល​ដឹង​ព៍ត៌មាន​ថា ជនសង្ស័យ បានមក​ពួន នៅ​ទឹកដី​ខេត្តស្ទឹងត្រែង ក្រោយ​ធ្វើ​សកម្មភាព​រួច មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ។​

​លោក ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ សហការ​ជាមួយ អធិការដ្ឋាន​ខណ្ឌឫស្សីកែវ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា អយ្យការ​សាលាដំបូង ខេត្តស្ទឹងត្រែង ទើប​ឃាត់ខ្លួន​ឃាតករ បាន​ទាំងយប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ខ្លុង គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។​

​លោក ដួង ស៊ី​វុត្ថា នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បានឱ្យដឹងថាៈ នេះ​ជា​អំពើ​ឃាតកម្ម គឺ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​ឃាតករ ដែលជា​ជនដៃដល់​នោះ ក្រោយ​ធ្វើ​សកម្មភាព បាន​រត់គេច​មក​ពួន នៅ​ចំណុច​ខាងលើ ដោយមាន​ការបញ្ជា​ផ្ទាល់ ពីរ​លោក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត ដោយមាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា អយ្យការ​សាលាដំបូង​ខេត្ត ទើប​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​

​លោក​បាន​បន្តថាៈ ក្រោយមក កម្លាំង​នគរបាល​ជំនាញ នៃ​ក្រសួង​ក្រសួងមហាផ្ទៃ បាន​នាំ​ជនសង្ស័យ ទៅ​រាជធានី​ភ្នំពេញ​វិញ ទាំងយប់ ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់ ៕​/V

ឃាតករ ឈ្មោះ ផល បញ្ញា អាយុ ៣១ ឆ្នាំ
វត្ថុតាង ដែលសមត្ថកិច្ចបានដកហូតពីជនសង្ស័យ
ជនរងគ្រោះ ឈ្មោះ ហន ចាន់​រស្មី

ទីតាំងផ្សាយពាណិជ្ជកម្ម