នៅក្នុងការថ្លែងសុន្ទរកថាមួយទៅកាន់ក្បួនព្យុហយាត្រាយោធាដែលបង្ហាញកាំជ្រួចផ្លោងចម្ងាយឆ្ងាយជាលើកដំបូងរបស់ប្រទេសនៅក្នុងរយៈពេល២ឆ្នាំមកនេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍ទី១០តុលា បានធ្វើការសុំទោសចំពោះការខកខានមិនបានធ្វើអោយការរស់នៅរបស់ប្រជាជនកូរ៉េខាងជើងកាន់តែល្អប្រសើរឡើង។
ប្រទេសនេះបានកត់សំគាល់ខួបទី៧៥នៃការបង្កើតគណបក្សកម្មករ ជាមួយនឹងការធ្វើពិធីនិងការប្រគំតន្ត្រី ជាព្រឹត្តិការណ៍មួយសំរាប់លោកគីមបញ្ជូនសារទៅកាន់ទស្សនិកជនក្នុងស្រុកនិងបរទេស។
ក្យួនដង្ហែដែលពួកអ្នកវិភាគបាននិយាយថាមិនដែលបានឃើញពីមុន បានបង្ហាញកាំជ្រួចផ្លោងឆ្លងទ្វីបនៅលើយានដឹកជញ្ជូនកង់២២ គឺធំជាងកាំជ្រួចដែលប្រទេសនេះបានបង្ហាញកាលពីមុនៗ ។
គីម បាននិយាយថា «យើងនឹងបន្តស្ថាបនាកម្លាំងការពារជាតិនិងរបាំងការពារសង្គ្រាមដោយខ្លួនឯង» តែលោកបានប្តេជ្ញាថា កម្លាំងយោធារបស់ប្រទេសនឹងមិនត្រូវប្រើសំរាប់វាយប្រហារបង្ការទុកជាមុននោះទេ។លោកមិនបាននិយាយចំឈ្មោះប្រទេសអាម៉េរិក ឬកិច្ចពិភាក្សានុយគ្លេអ៊ែរដែលជាប់គាំងនោះទេ។
គីម បានបន្ទោសទណ្ឌកម្មអន្តរជាតិ ព្យុះ និងការផ្ទុះជំងឺឆ្លងកូរ៉ូណាចំពោះការរារាំងមិនអោយប្រទេសធ្វើអោយសំរេចការរីកចំរើនសេដ្ឋកិច្ចដូចការសន្យា។លោកបាននិយាយដូច្នេះថា «ខ្ញុំមានភាពអាម៉ាសណាស់ដែលមិនអាចសងអោយបានត្រឹមត្រូវសំរាប់ជំនឿចិត្តដ៏ធំធេងរបស់អ្នក។ការខិតខំនិងការលះបង់របស់ខ្ញុំ មិនគ្រប់គ្រាន់ដើម្បីនាំប្រជាជនយើងចេញពីជីវភាពដ៏លំបាក»។
លោកគីមក៏បានអរគុណយោធាចំពោះការខិតខំធ្វើការយ៉ាងលំបាកដើម្បីឆ្លើយតបនឹងព្យុះបំផ្លិចបំផ្លាញជាបន្តបន្ទាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។មេដឹកនាំវ័យក្មេងរូបនេះបានអះអាងថា កូរ៉េខាងជើងមិនមានអ្នកឆ្លងវីរុសកូរ៉ូណាម្នាក់ណាទេ ហើយសង្ឃឹមថា កូរ៉េខាងជើងនិងខាងត្បូងនឹងរួមដៃគ្នាជាថ្មីបន្ទាប់ពីវិបត្តិកូរ៉ូណាទៅ៕ប្រែសម្រួល៖វាសនា
ក្នុងព្យុហយាត្រាដើម្បីរំលឹកខួបបង្កើតបក្សកម្មករកូរ៉េកាលពីថ្ងៃ១០តុលា កូរ៉េខាងជើងបង្ហាញកាំជ្រួចផ្លោងឆ្លងទ្វីប និងរ៉ុក្កែត