ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចររវាងរថយន្តសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ បុកជាមួយម៉ូតូអូសជាង១០ម៉ែត្រ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៥ល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ស្ថិតក្នុងភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយ គ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 7323 សណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 4A 1139 ដឹកកុងតឺន័រ។
បើកបរដោយឈ្មោះ រឹម ជីវាន់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកបរពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើបានបើកវ៉ាជែងរថយន្ត មួយគ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក HONDA សេ១២៥សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB.7466។

ប្រភពបានបន្តថា អ្នកបើកបរម៉ូតូមានឈ្មោះ ប្រាំង ចន្ធូ ភេទស្រី អាយុ ២៥ឆ្នាំ(ស្លាប់) រស់នៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងអូសកិនស្ត្រីរងគ្រោះជាមួយម៉ូតូជាង១០ម៉ែត្រ។
ក្រោយកើតហេតុ សពស្ត្រីខាងលើត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ល