ភូមិ​អ​ញ្ឆ​ញ ឬ ភូមិ​កោះ​ថ្ម ក្នុង​របប​ខ្មែរក្រហម​

512
ចែករម្លែក
ខ្ទម​អ្នកតា​ក្រហម​កចាស់​។ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​។​
(​រី លក្ខិណា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ គាត ស្រី​ឡែ​ន បុគ្គ​លិ​កមជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/កំពង់ចាមៈភូមិ​អ​ញ្ឆ​ញ ឬ ភូមិ​កោះ​ថ្ម ស្ថិតនៅក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​សព្វថ្ងៃ ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ អ្នកភូមិ​អ​ញ្ឆ​ញ​ភាគច្រើន​មាន​ដើមកំណើត​ជា​ជនជាតិភាគតិច​ស្ទៀង និង​មាន​ជំនឿ​លើ​ការ​បន់ស្រន​អារក្ស​និង​អ្នកតា​។ នៅពេល​មាន​ជួប​គ្រោះអាសន្ន​ដូចជា​មាន​ជំងឺ​ព្យាបាល​មិនជា​ឬ​បាត់​របស់ទ្រព្យ​អ្នកភូមិ​តែងតែ​នាំគ្នា​ទៅ​បញ្ជាន់អារក្ស​ឬ​បន់ស្រន់​សូម​ជំនួយ​ពី​អ្នកតា​សូម​ឲ្យ​ជា​សះ​ពី​ជំងឺ​ត​ម្តា​ត់​ឬ​បាន​រកឃើញ​របស់ទ្រព្យ​ដែល​បាត់បង់​នោះ​ផង​។​នៅពេលដែល​ការ​បន់ស្រន់​បានសម្រេច​ដូច​បំណង អ្នកភូមិ​តែងតែ​យក ជ្រូក មាន់ ទា គោ ក្របី ទៅ​ថ្វាយ​ដើម្បី​លាបំណន់ និង​ដើម្បី​អរគុណ​ដល់​អារក្ស ឬ​អ្នកតា​ដែល​បាន​ជួយ​ថែរក្សា​។ អ្នកតា​ដែល​អ្នកភូមិ​កោះ​ថ្ម​ភាគច្រើន​បាន​ជឿជាក់ថា​ស័​ក្កិ​សិទ្ធិ​មានឈ្មោះ “​អ្នកតា​ក្រហម​ក​”​។

ខ្ទម​អ្នកតា​ក្រហម​ក​ដែល​ត្រូវបាន​សាងសង់​ថ្មី​។ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​។​
(​រី លក្ខិណា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សព្វថ្ងៃ​ខ្ទម​អ្នកតា​ក្រហម​កមាន​ទីតាំង​នៅមុខ​សាលាបឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​កោះ​ថ្ម​។​អ្នកភូមិ​តែងតែ​ធ្វើ​ពិធី​ឡើងអ្នកតា​ជា​រៀងរាល់ឆ្នាំ​នៅ​រយៈពេល​២៣​ថ្ងៃ​មុនពេល​ពិធី​ចូលឆ្នាំ​ខ្មែរ​ចូលមក​ដល់​។​នៅពេល​ធ្វើ​ពិធី​ឡើងអ្នកតា​ម្តងៗ​អ្នកភូមិ​បាន​ចូលរួម​តាម​លទ្ធភាព និង​ការស្ម័គ្រចិត្ត ដោយ​យក មាន់ ទា ជ្រូក និង ក្បាលជ្រូក មក​ចូលរួម​ពិធីសែនព្រេន​រួមគ្នា​។ បន្ទាប់ពី​រៀបចំ​សែនព្រេន​រួចហើយ អ្នកភូមិ​នាំគ្នា​ហូបបាយ​ជុំគ្នា និង​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​យ៉ាង​សប្បាយរីករាយ​។​
​បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ភូមិ​អ​ញ្ឆ​ញ ឬ​កោះ​ថ្ម ត្រូវបាន​ខ្មែរក្រហម​គ្រប់គ្រង ឬ​ហៅថា​តំបន់​រំដោះ​។ ប្រជាជន​ម្នាក់​ដែល​បានរស់នៅ​ក្នុងភូមិ​កោះ​ថ្ម​បាន​រៀបរាប់ថា​ខ្ញុំ​ឈ្មោះ មិច មាន់ សព្វថ្ងៃ​អាយុ​៧៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មេ ផេង អាយុ​៧៣​ឆ្នាំ និង​មានកូន​៧​នាក់​។ កូន​របស់ខ្ញុំ​បាន​ស្លាប់​អស់​២​នាក់​ដោយសារ​ជំងឺ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​អ​ញ្ឆ​ញ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​សព្វថ្ងៃ​ខេត្ត​ត្បូងឃ្មុំ​។​

មិច មាន់ ផ្តល់​បទសម្ភាសន៍​ដល់ គាត ស្រី​ឡែ​ន នៅផ្ទះ​របស់គាត់​នៅក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
(​គាត ស្រី​ឡែ​ន​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

កាលពី​តូច​ខ្ញុំ​ត្រូវបាន​ឪពុកម្តាយ​បញ្ជូន​ឲ្យ​ទៅ​រៀន​ជាមួយ​ព្រះសង្ឃ​នៅ​វត្ត​ក្តុល​ផ្សារ​ពីព្រោះ​នៅក្នុង​ភូមិ​អ​ញ្ឆ​ញ​មិនទាន់មាន​សាលារៀន​។ ខ្ញុំ​បាន​ឈប់រៀន​នៅមុន​ឆ្នាំ​១៩៧០​។ ពេលនោះ​ខ្ញុំ​អាច​អាន និង​សរសេរ​អក្សរ​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​បង្រៀន​ក្មេងៗ​នៅក្នុង​ភូមិ​អ​ញ្ឆ​ញ​។ ខ្ញុំ​បង្រៀន​ក្មេងៗ​ទៅតាម​សមត្ថភាព​ដែល​ខ្ញុំ​បាន​ចេះ ដូចជា បង្រៀន​ក្មេងៗ​ឲ្យ​អាន​អក្សរ សរសេរ​អក្សរ​កម្រិត​ថ្នាក់​កុមារដ្ឋាន និង​បង្រៀន​ពី​របៀប​ធ្វើ​ប្រមាណ​វិធី បូក ដក គុណ និង​ចែក​។
​បន្ទាប់ពី​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​ខ្មែរក្រហម​បាន​ផ្លាស់​ខ្ញុំ​ពី​គ្រូបង្រៀន​ក្មេង​មក​ធ្វើជា​ប្រធាន​ក្រុម​ដឹកនាំ​ប្រជាជន​ធ្វើស្រែ​ចម្ការ​វិញ​។​នៅ​ខណៈនោះ​ប្រជាជន​ត្រូវបាន​រៀបចំ​ឲ្យ​រស់នៅ​ហូបចុក​ក្នុង​សហករណ៍​និង​បាន​បែងចែក​ឲ្យ​ធ្វើ​ការងារ​ពលកម្ម​តាម​កង​និង​ក្រុម​រៀងៗ​ខ្លួន​។​នៅក្នុង​ភូមិ​កោះ​ថ្ម​ខ្មែរក្រហម​បានរៀបចំ​ជា​សហករណ៍​មួយ​ហើយ​ប្រជាជន​ទាំងអស់​តម្រូវ​ឲ្យ​មក​ហូបចុក​រួមគ្នា​។
​ប្រជាជន​នៅ​ភូមិ​កោះ​ថ្ម​ត្រូវបាន​បែងចែក​ឲ្យ​ធ្វើ​ការងារ​ពលកម្ម ដូចជា​លើក​ទំនប់ ជីក​ប្រឡាយ និង​ធ្វើស្រែ​ចម្ការ​តាម​កង និង​ក្រុម​រៀងៗ​ខ្លួន​។ ចំណែក​ខ្ញុំ​ដែលជា​ប្រធាន​ក្រុម​ត្រូវ​ទទួលបញ្ជា​ពី​ប្រធាន​កង​ឲ្យ​ដឹកនាំ​សមាជិក​ក្នុង​ក្រុម​ចុះទៅ​លើក​ទំនប់ និង​ធ្វើការ​ការ​ស្រែចម្ការ​។​នៅពេលនោះ​ខ្ញុំ​បាន​បែងចែក​សមាជិក​ក្រុម​ជា​ពួកៗ​ដើម្បី​ងាយស្រួល​និង​ធ្វើ​ការងារ​បាន​លឿន​តាម​ផែន​ការដែល​ប្រធាន​កង​ដាក់​ឲ្យ​ធ្វើ​។ នៅពេល​មានការ​ប្រជុំ​ជាមួយ​ប្រធាន​កង​ខ្ញុំ​ត្រូវ​ដើរ​ហៅ​សមាជិក​ក្រុម​មក​ចូលរួម​ប្រជុំ​ដើម្បី​ស្តាប់​តាម​ការណែនាំ និង​ការចាត់ចែង​ការងារ​ពី​ប្រធាន​កង ដូចជា ការលើក​ភ្លឺស្រែ និង​ទប់​ទំនប់​ស្រែប្រាំង​។ ទោះ​ខ្ញុំ​ជា​ប្រធាន​ក្រុម​ក៏​ខ្ញុំ​ត្រូវធ្វើ​ការងារ​ពលកម្ម​ដូច​សមាជិក​ក្រុម​ដែរ​។

ផ្លូវ​នៅក្នុង​ភូមិ​កោះ​ថ្ម​។ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​។​
(​រី លក្ខិណា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅក្នុង​របប​ខ្មែរក្រហម ប្រជាជន​ត្រូវធ្វើ​ការងារ​ពលកម្ម​ជាច្រើន​ម៉ោង​ក្នុង​ថ្ងៃៗ ដូចជា លើក​ទំនប់ ជីក​ប្រឡាយ លើកភ្លឺស្រែ ភ្ជួរស្រែ ច្រូតស្រូវ និង​ដឹកជញ្ជូន​។ ចំណែក​របប​អាហារ​ហូបចុក គឺ​មិនបាន​គ្រប់គ្រាន់​ទេ មានពេលខ្លះ​ត្រូវ​ហូបបាយ​លាយ​ពោត ឬ​ដំឡូង និង​មាន​ពេលខ្លះទៀត​ត្រូវ​ហូប​បបរ​ជាមួយ​សម្ល​ប្រ​លឹ​ត និង​ក្រ​កួន​។ នៅក្នុង​របប​ខ្មែរក្រហម បើ​នរណាម្នាក់​ហ៊ាន​គេចវេះ​មិន​ធ្វើតាម​បញ្ជា​ថ្នាក់លើ គឺ​អ្នកនោះ​ត្រូវបាន​ថ្នាក់លើ​ហៅ​ទៅ​កសាង​មិន​ខាន​។ ពាក្យ​ថា​កសាង នរណា​ក៏​ខ្លាច​ដែរ ពីព្រោះ​មានពេលខ្លះ​បើ​ថ្នាក់លើ​ហៅ​ទៅ​កសាង​ហើយ គឺ​អ្នកនោះ​មិនឃើញ​ត្រឡប់មកវិញ​ទេ​។
​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ អ្នកភូមិ​កោះ​ថ្ម​ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តុំ​ឡុំ ឬ​ហៅថា​ស្រែ​ទូលាយ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ភូមិ​កោះ​ថ្ម​។​អ្នកភូមិ​កោះ​ថ្ម​បានរស់នៅ​និង​ធ្វើស្រែ​នៅ​ស្រែ​ទូលាយ​បាន​រយៈពេល​មួយ​វស្សា​។ បន្ទាប់ពី​ច្រូតស្រូវ​រួច​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ភូមិ​កោះ​ថ្ម​ឲ្យ​ទៅ​នៅក្នុង​ភូមិ​មួយ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ​។ ការរស់នៅ​ស្រុក​ស្នួល គឺមាន​ការលំបាក​វេទ​នា​ខ្លាំង ហើយ​ប្រជាជន​មូលដ្ឋាន​មានការ​រើសអើង​ខ្លាំង​ជាមួយនឹង​អ្នក​ជម្លៀស​។ ពេលនោះ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ប្រើ​ឲ្យ​ទៅ​ដឹក​ដើម​ដំឡូងឈ្វា​ជាមួយ​ប្រជាជន​មូលដ្ឋាន​។​កាលនោះ​ខ្ញុំ​ខ្លាចចិត្ត​ណាស់​យើង​បរទេះ​ទៅជា​មួយ​គេ​ដឹក​របស់របរ​ហូបចុក​ទៅជា​មួយ យើង​បររទេះ​នៅ​ពីក្រោយ គេ​នៅ​ពីមុខ​យើង ដល់ពេល​គេ​មានអី​ហូប​គេ​ហូប​តែ​គ្នា​គេ គេ​មិន​នឹកឃើញ​យើង​បរទេះ​នៅ​ពីក្រោយ​ទេ គេ​មាន​ពោត​លី​ញ​ហូប យើង​នៅក្រោយ​អីចឹង​គេ​គ្មាន​ហៅ​យើង​ហូប​មួយ​មាត់ ពេល​គេ​ហូប​ឆ្អែត គេ​សុខចិត្ត​បោះ​ពោត​លី​ញ​នោះ​ចោល មិន​ឲ្យ​យើង​ហូប​សូម្បី​មួយគ្រា​ប់ ។


​នៅ​ចុងឆ្នាំ​១៩៧៨​នៅ​ខណៈពេលដែល​កងទ័ព​វៀតណាម​វាយ​ចូល​មកដល់​ស្រុក​ស្នួល​ខ្មែរក្រហម​បាន​ជម្លៀស​អ្នកភូមិ​កោះ​ថ្ម​ទៅ​ទី​រួម​ខេត្តក្រចេះ​បន្តទៀត​។ បន្ទាប់មក​ខ្មែរក្រហម​បាន​ដឹក​ប្រជា​ជាន​ទាំងនោះ​តាម​កាណូត​ពី​ខេត្តក្រចេះ​មក​ស្រុក​ស្ទឹងត្រង់​នៃ​ភូមិភាគ​កណ្តាល​។ ពេលមកដល់​ស្រុក​ស្ទឹងត្រង់​ខ្មែរក្រហម​បាន​ដឹក​ប្រជាជន​តាម​ឡាន​មក​ដា​ក់នៅ​ស្រុក​ចម្ការលើ​បន្តទៀត​។ នៅ​យប់​ដែល​ខ្មែរក្រហម​ដឹក​ប្រជាជន​តាម​ឡាន​នោះ ខ្ញុំ​បានឮ​ខ្មែរក្រហម​និយាយ​គ្នា​អំពី​ផែនការ​ម្លា​ប់ម​នុស្ស ប៉ុន្តែ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ថា ខ្មែរក្រហម​ចង់​សំដៅ​មកលើ​ប្រជាជន​ភូមិ​កោះ​ថ្ម​ឬ​យ៉ាងណា​នោះទេ​។ ខ្ញុំ​ចេះតែ​មើលទៅ​ទិសខាងកើត ហើយ​គិតក្នុងចិត្ត​ថា បើសិនជា​ស្លាប់ ឬ​រស់​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​ស្លាប់​ក៏​អស់ចិត្ត​ដែរ នឹកឃើញ​កូន​អ្នកភូមិ​មួយចំនួន​នៅ​តូច​មិនទាន់​ហ្នឹង​ចេះ​ដើរ​ផង បើ​ស្លាប់​មែន​សូម​ស្លាប់​នៅ​ស្រុកកំណើត​ខ្លួនឯង​វិញ​ចុះ​។ ខ្ញុំ​រស់នៅក្នុង​ស្រុកចម្កា​រលើ​បាន​ប្រហែល​ប្រាំ​ទៅ​ប្រាំ​មួយថ្ងៃ កងទ័ព​វៀតណាម​ក៏បាន​ចូលទៅ​ដល់ នៅ​ខណៈនោះ ខ្ញុំ និង​អ្នកភូមិ​កោះ​ថ្ម​បានធ្វើ​ដំណើរ​ត្រឡប់មក​ស្រុកកំណើត​វិញ​។ នៅតាម​ផ្លូវ ខ្ញុំ​បាន​ជួប​ឪពុក​របស់ខ្ញុំ ហើយក៏​ធ្វើដំណើរ​មក​ផ្ទះ​ជាមួយគ្នា​។ នៅពេល​ត្រឡប់​មកដល់​ភូមិ​កោះ​ថ្ម​ដំបូង​ក្នុងភូមិ​គ្មាន​មនុស្ស​ទេ ខ្ញុំ​និង​ក្រុមគ្រួសារ​បានមក​រស់នៅ​លើផ្ទះ​របស់​យើង​វិញ និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ដូចដែល​យើង​ធ្លាប់ធ្វើ​កន្លងមក​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម