ដោយៈប៉ែន ខុន/ព្រះសីហនុៈខេត្តព្រះសីហនុ គឺជាខេត្តមួយក្នុងចំណោមខេត្តបួនរបស់ប្រទេសកម្ពុជាដែលត្រូវបានចាត់ទុកថាជា “តារារះនាទិសនិរតី”ដោយសារតែនៅស្ថិតនឹងជាប់សមុទ្រ។ប៉ុន្តែចំណុចពិសេសមួយរបស់ខេត្តព្រះសីហនុគឺមានកំពង់ផែអន្តរជាតិសម្រាប់ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងទេសចរណ៍យ៉ាងមមាញឹកទៅកាន់ពិភពលោក។កំពង់ផែស្វ័យតខេត្តមួយនេះបាននិងកំពុងអភិវឌ្ឍន៍ឲ្យក្លាយទៅជាកំពង់ផែទឹកជ្រៅនាពេលអនាគតដែលនឹងស្រូបបាននូវចំណូលយ៉ាងធំសម្រាប់សេដ្ឋកិច្ចជាតិ។ក្រៅពីនេះខេត្តព្រះសីហនុក៏ជាប៉ូលទេសចរណ៍និងសេដ្ឋកិច្ចតាមរយៈសក្តានុពលនៃរមណីយដ្ឋានធម្មជាតិជាច្រើនពិសេសកោះឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាប់ចំណាត់ថ្នាក់ជាឆ្នេរស្អាតលើពិភពលោកនិងតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រសហគ្រាសរាប់សិបនិងបង្កើតការងាររាប់ម៉ឺនកន្លែង។

.ភូមិសាស្ត្រខេត្ត
ខេត្តព្រះសីហនុស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជាមានទំហំផ្ទៃដី២.៦៥៩គីឡូម៉ែត្រក្រឡា។ មានពីរក្រុងបី ស្រុកមាន៦ សង្កាត់២៣ឃុំស្មើ១១១ភូមិ ។មានប្រជាពលរដ្ឋសរុបចំនួន៣០២.៨៨៧នាក់ក្នុងនោះ ស្រី១១១.៣១២នាក់ ។ដង់ស៊ីតេរបស់ខេត្តមានប្រជាជនរស់នៅ១១៣,៩១នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា។ខេត្តមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង,ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃឡង់ដ៏,ខាងកើតជាប់នឹងខេត្តកំពតនិងខេត្តកំពង់ស្ពឺ។ក្រុងរបស់ខេត្តនេះមានចម្ងាយប្រមាណ២៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤និងចម្ងាយប្រមាណ២៦០គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣,មានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញដោយឆ្លងកាត់តាមខេត្តកណ្តាល,តាកែវនិងខេត្តកំពត។ជាខេត្តព័ទ្ធដោយឆ្នេរមានប្រវែង១៧៥,៨គីឡូម៉ែត្រនិងមានកោះតូចធំចំនួន៣២ដែលមានផ្ទៃដីសរុបប្រមាណ១៦២,៣៩គីឡូម៉ែត្រក្រឡា។
ដោយសារតែធនធានធម្មជាតិដែលមានស្រាប់និងភូមិសាស្ត្រអំណោយផលបែបនេះផងនោះបានធ្វើឲ្យខេត្តព្រះសីហនុ(អ្នកខ្លះនិយមហៅកំពង់សោម)ដំបូងគឺជាដែកឆក់ក្នុងវិស័យទេសចរណ៍។

លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថាបច្ចុប្បន្នតំបន់ឆ្នេរនៅក្នុងក្រុងព្រះសីហនុដែលបានរៀបចំកែលម្អ សម្អាត ដោយចាក់បំពេញខ្សាច់សស្អាតសម្រាប់សាធារណជនចូលកម្សាន្តជាសាធារណៈ មានប្រវែង៩.៣២០ម៉ែត្រ ដោយមានរៀបចំកន្លែងអង្គុយលំហែនិងទទួលទានតាមគម្រូបានចំនួន៤៣ខ្ចុសនៅឆ្នេរអូរឈើទាល ។
ខេត្តមានអាជីវកម្មលើវិស័យទេសចរណ៍សរុបចំនួន៨៧៧ទីតាំងដែលរួមមានសណ្ឋាគារ១០៧ស្មើនឹង៧.៥១៥បន្ទប់,បឹងហ្គាឡូ៣៣ស្មើនឹង៤៦២បន្ទប់,ផ្ទះសំណាក់២៣០ស្មើនឹង២.៧៧៥បន្ទប់,ភោជនីយដ្ឋានអាហារដ្ឋាន៣១២កន្លែងស្មើនឹង១៣.៨៩២កៅអី,ខារ៉ាអូខេ៣៨កន្លែងស្មើនឹង៤៤៨បន្ទប់,ឌីស្កូតែក៩កន្លែងចំណុះ៨៩៨នាក់,បៀរហ្គាឌិន៣កន្លែងស្មើនឹង៣៩០កៅអី,ទូកដឹកភ្ញៀវទេសចរ៣០ម្ចាស់ស្មើនឹង៥៤ទូក,កីឡាទេសចរណ៍២០, ទីភ្នាក់ងារទេសចរណ៍មានចំនួន២៣, រមណីយដ្ឋានធម្មជាតិ និង កែឆ្នៃ៦ (មិនរាប់បញ្ជូលរមណីយដ្ឋានឆ្នេរ)ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះមានកំនើនជាមធ្យមពី ១០-១៥ភាគរយ។
ឆ្នាំ២០១៩កន្លងទៅខេត្តទទួលភ្ញៀវទេសចរសរុប២.២២៩.៤២៨នាក់កើនឡើង៨,៨៧%ក្នុងនោះភ្ញៀវទេសចរជាតិ១.៣៤៣.៦៩០នាក់ ថយចុះ៨,៣៧%និងភ្ញៀវទេសចរអន្តរជាតិ ៨៨៥.៧៩២ នាក់ កើនឡើង ៥២,៤១%។
ប៉ុន្តែនៅឆ្នាំ២០២០នេះ ដោយសារវិបត្តិនៃជំងឺរាតត្បាតជាសាកលមេរោគកូវីដ១៩ទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុក។ ប៉ុន្តែរយៈពេលចុងក្រោយនេះក្នុងឱកាសនៃការឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិនិងបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងគួរគត់សម្គាល់។ក្នុងអំឡុងពេលឈប់សម្រាកជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាមានភ្ញៀវទៅកម្សាន្តចំនួន១១៦.៣៤៦នាក់់។ដោយឡែកក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបីថ្ងៃពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកញ្ញា មានភ្ញៀវទៅកម្សាន្តចំនួន៦៥.៨២៥នាក់់។

ចំណុចទាក់ទាញការវិនិយោគ
ខេត្តព្រះសីហនុជាខេត្តមានវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។សក្តានុពលចម្បងគឺកំពង់ផែសមុទ្រទឹកជ្រៅ,មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ទីតាំង(៤កំពុងដំណើរការនិង៦ត្រៀមដំណើការ)មានអាកាសយានដ្ឋានអន្តរជាតិកេងកងនិងឆ្នេរសមុទ្រដ៏ស្អាតដែលត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី”។
គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តនិងកំពុងដំណើរការមានចំនួន១៩៤គម្រោង និងមានទុនវិនិយោគសរុប៣០.០៩១.០៦១.៩២៤ដុល្លារអាម៉េរិកក្នុងនោះមានគម្រោងវិនិយោគលើវិស័យអចលនទ្រព្យចំនួន១២ក្រុមហ៊ុនក្នុងគម្រោងទុនវិនិយោគសរុប១.០៦៦.៥០០.០០០ ដុល្លារ។តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ២.៥៨៦,២៦ ហិកតា ទុនវិនិយោគសរុប ១.៤៨១.៣៥៨.៨០២ ដុល្លារ ។ គម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច មានចំនួនប្រាំក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី១១.៧២៨ហិកតា ជាមួយទុនវិនិយោគ ១១២.៥៤៨.៩២៤ ដុល្លារ។
គម្រោងវិនិយោគដីជួលរយៈពេលវែង មានចំនួនបីក្រុមហ៊ុនអភិវឌ្ឍន៍លើផ្ទៃដី ៧.០៥១,៩៧ ហ.ត ទុនវិនិយោគ ៧.៦៩៣.០៣៤.៤៤០ដុល្លារ។ គម្រោងវិនិយោគកោះឆ្នេរ មានចំនួន២០ក្រុមហ៊ុន អភិវឌ្ឍន៍លើផ្ទៃដី ១១.៦៣៧ ហ.ត មានទុនវិនិយោគ៣.៩០០.៥៧០.២៥១ដុល្លារ។គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍និងសណ្ឋាគារ មានចំនួន៦០ក្រុមហ៊ុនក្នុងគម្រោងទុនវិនិយោគ១០.៧៤៥.៦០១.៨៤៩ដុល្លារ។គម្រោងវិនិយោគលើវិស័យកសិកម្មកសិ-ឧស្សាហកម្មចំនួន១១ក្រុមហ៊ុន ក្នុងគម្រោងទុនវិនិយោគ២១៣.៩៥៣.៥៤០ដុល្លារ។គម្រោងវិនិយោគលើវិស័យកម្មន្តសាលចំនួន៦ក្រុមហ៊ុន ក្នុងគម្រោងទុនវិនិយោគ៥៩.០៦៣.៦៧៤ដុល្លារ។ គម្រោងវិនិយោគលើវិស័យច្នៃម្ហូរអាហារ ផលិតភេសជ្ជៈ និងថ្នាំជក់ មានចំនួន៩ក្រុមហ៊ុនក្នុងគម្រោងទុនវិនិយោគសរុប៣៣៤.៧២៩.៧៤០ដុល្លារ។គម្រោងវិនិយោគលើវិស័យការច្នៃឈើគ្រឿងសង្ហារឹមមានចំនួន៦ក្រុមហ៊ុនក្នុងគម្រោងទុនវិនិយោគ ១០២.៩៦៥.៨៨០ដុល្លារ។គម្រោងវិនិយោគលើវិស័យសំណង់មានបីក្រុមហ៊ុន ក្នុងគម្រោងទុនវិនិយោគ១៤៧.៩២២.០៥០ដុល្លារ។គម្រោងវិនិយោគលើវិស័យទូរគមនាគមន៍ចំនួន២ក្រុមហ៊ុនក្នុងគម្រោងទុនវិនិយោគ៩៨៧.០១៩ដុល្លារ។ គម្រោងវិនិយោគលើវិស័យអាជីវកម្មរ៉ែមាន២ក្រុមហ៊ុនដែលមានទុនវិនិយោគ ៧.០៧៩.៩០៥ដុល្លារ។គម្រោងវិនិយោគលើវិស័យរោងចក្រ សហគ្រាសមាន៤៧ក្រុមហ៊ុន ក្នុងគម្រោងទុនវិនិយោគសរុប ៤.២០០.៦៨៥.៨៣២ ដុល្លារ។
វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមានឧស្សាហកម្មធុនធំដូចជារោងចក្រសរុបចំនួន២១៧រោងចក្រ ក្នុងនោះមាននៅរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១៥១រោងចក្រ,រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន៩រោងចក្រ,តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(បិតត្រាង)ចំនួន១៣៦រោងចក្រ ,តំបន់សេដ្ឋកិច្ចពិសេសចេជាង (ព្រៃនប់) ចំនួន១២រោងចក្រ, រោងចក្រក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦រោងចក្រ។ទុនវិនិយោគសរុបចំនួន ១.១៤៥.៨១២.០០០ ដុល្លារ។ ស្រូបទាញពលកម្មសរុបបានចំនួន ១៧.៦៨៤ នាក់ ស្រីចំនួន ១១.៧១០ នាក់។
សហគ្រាសធុនតូចមធ្យមនិងសិប្បកម្មមានចំនួន១.១៤៩ មូលដ្ឋាន មាននៅក្រុងព្រះសីហនុចំនួន៦៥៩មូលដ្ឋាន ,ស្រុកស្ទឹងហាវចំនួន៩៦មូលដ្ឋាន ,ស្រុកព្រៃនប់ចំនួន៣៥៣ មូលដ្ឋាន និងនៅស្រុកកំពង់សិលាមានចំនួន៤១មូលដ្ឋាន ដែលមានទុនសរុបចំនួន ២៦ .៨៩៥ .៨១១ ដុល្លារនិង ស្រូបទាញកម្លាំងពលកម្មបានចំនួន ៥.២៦១ នាក់( ស្រីចំនួន ១.១៤០ នាក់)។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកសក្ដានុពល
លោក គួច ចំរើន មានប្រសាសន៍កាលពីពេលកន្លងទៅថារាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំអភិវឌ្ឍន៍ខេត្តជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើលោកនិងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភាស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន ទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមរមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្របខ័ណ្ឌជាតិ តំបន់និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជានិងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្តើមចេញពីការមើលឃើញនូវសក្តានុពលដូចខាងលើ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថវិកាចំនួន១០០លានដុល្លារពីថវិកាសន្សំរបស់ជាតិដោយបានប្រគល់ភារកិច្ចជូន អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យវឌ្ឍនភាពចាត់ចែងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុនិងដាក់ចេញជាគោលការណ៍ ស្លឹកត្នោតខ្ចប់ស្កត្នោត។ សម្តេចបានប្រគល់ភារកិច្ចជូន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដោយមានការសហការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តព្រះសីហនុបានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែងជាបន្តបន្ទាប់។

នៅទីបំផុតការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែមានប្រវែងសរុប៨២,៥០៥ម៉ែត្រនៅខេត្តព្រះសីហនុបានបើកជាផ្លូវការនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១៩ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ការដ្ឋាននេះមានបែងចែកជាមហាវិថីមាន៣ខ្សែ គឺមហាវិថីរាម មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅមានប្រវែងសរុប២២.៧៣១ម៉ែត្រទទឹង៥០ម៉ែត្រ ,ទ្រូងផ្លូវ២៥,៧៥ម៉ែត្រ,ផ្លូវរថយន្ត៦គន្លង,ផ្លូវទោចក្រយានយន្ត២គន្លង។វិថីមាន១៤ខ្សែប្រវែងសរុប៤៩.៩៥៧ម៉ែត្រទទឹងពី២០ម៉ែត្រទៅ៤០ម៉ែត្រ,ទ្រូងផ្លូវ១៧,២៥ម៉ែត្រ,ផ្លូវរថយន្តមានពី២ទៅ៤គន្លង,ផ្លូវទោចក្រយានយន្ត២គន្លង។អនុវិថីមាន១៧ខ្សែប្រវែងសរុប១១.៨១៧ម៉ែត្រមានទទឹងពី៨ម៉ែត្រទៅ៤០ម៉ែត្រ,ទ្រូងផ្លូវមានពី៨,២៥ម៉ែត្រទៅ១២ម៉ែត្រ,មានផ្លូវរថយន្ត២គន្លងនិងផ្លូវទោចក្រយានយន្ត២គន្លង ។
ចិញ្ចើមផ្លូវក្រាលដោយថ្មក្រានីតសម្រាប់ផ្លូវថ្មើរជើងមានចំនួន ៨៦២.២៥៤ម៉ែត្រក្រឡា, ខឿនផ្លូវនិងខឿនទ្រូងផ្លូវរៀបដោយដុំក្រានីតប្រវែង២០៨.១៦៥ម៉ែត្រ,កម្រាលផ្លូវសម្រាប់ជនមានពិការភាពចំនួន ២៨.១៦២ម៉ែត្រក្រឡា,នៅតាមផ្លូវ៣៤ខ្សែបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៥៣៣គ្រឿង ,មានបង្គោលភ្លើងបំភ្លឺផ្លូវចំនួន៤.៨៤៥ដើម ,បំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart Streetlight Heads) របស់ក្រុមហ៊ុនមីនេបៀ (Minebea)ចំនួន៥.៥០០អំពូល, ចម្លាក់បដិមាសម្រាប់រង្វង់មូលចំនួន៣ទីតាំង គឺរង្វង់មូលព្រះសិវៈនាងឧមាវតី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីរាម និងមហាវិថីឆ្នេររាម,រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និង មហាវិថីឆ្នេររាម និងរង្វង់មូលសីហរាជមុខបី ស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ និងវិថីជោតញ្ញាណ ។
នៅតាមផ្លូវកំពុងសាងសង់មួយចំនួនក្នុងគម្រោង មានដាំលម្អដោយដើមផ្កាក្រដាសចំនួន៦០.២០០គុម្ព និង ដើមឈើចំនួន៨ប្រភេទស្មើនឹង១៥.៦៥០ដើមដូចជាដើមរាជព្រឹក្សចំនួន៣.៣៨០ដើម,ចាចំនួន៣.៧៦៥ដើម ,នាងនួន ចំនួន២.៩៤០ដើម ,ធ្នង់ចំនួន១.៧៣០ដើម ,ឥន្ទនេលចំនួន១.៩២៥ដើម ,ក្ងោកចំនួន៨៨០ដើម ,៧.បូរព្រឹក្សចំនួន៦៥០ដើម និងដើមរំដួល ចំនួន៣៨០ដើម ។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តព្រះសីហនុ ក្រៅពីផ្លូវ៣៤ខ្សែដែលដឹកនាំធ្វើការសាងសង់ឡើង ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា,នៅមានគម្រោងសាងសង់ផ្លូវ ដោយរដ្ឋបាលខេត្តចំនួន៩ខ្សែផ្លូវសាងសង់ដោយលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តព្រះសីហនុដែលកៀងគរបានពីសប្បុរសជនចំនួនមួយខ្សែ,ផ្លូវសាងសង់ដោយគម្រោងរបស់ក្រសួងសាធារណការចំនួន១១ខ្សែមានប្រវែង៥៩គីឡូម៉ែត្រនិងគម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុមានប្រវែងជាង១៩០គីឡូម៉ែត្រ,សម្រេចបានប្រមាណ២៣ភាគរយ(ត្រឹមខែកញ្ញា),គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណ ២.០០០លានដុល្លារ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២០ថា ការងារសាងសង់ផ្លូវ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ពេលនេះ ចូលដល់ដំណាក់កាលត្រូវអ៊ុតកៅស៊ូបន្ថែមពីលើបេតុងហើយ តែមិនទាន់អាចដំណើរពេញលេញបានដោយសារភ្លៀងនៅបន្តធ្លាក់ច្រើន។ការងារជាច្រើនផ្នែកផ្សេងៗទៀតនៅលើដងផ្លូវទាំង៣៤ខ្សែភាគច្រើនបានរួចរាល់ហើយ។
យោងតាមរបាយការណ៍នៃការស្ថាបនាផ្លូវក្រុង៣៤ខ្សែ នៅខេត្តព្រះសីហនុគិត ត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២០សម្រេចបានលទ្ធផលដូចជាការងារចាក់បេតុងផ្លូវសម្រេចបាន១០០ភាគរយ,ការងារដាក់លូតាមផ្លូវសម្រេចបាន១០០ភាគរយ,ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០,៥ភាគរយ , ការងាររៀបខឿនក្រានីត សម្រេចបាន៨៥, ៨៣ ភាគរយ,ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ ភាគរយ , ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ ភាគ រយ ,ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន៦៧,៧៥ភាគរយ,ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥ភាគរយ , ការងារដំឡើងភ្លើងស្អប់ចរា ចរណ៍សម្រេចបាន៤៥ភាគរយ , ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០ភាគរយ។
រំលឹកឱ្យដឹងថាផ្លូវចំនួន៣៤ខ្សែដែលកំពុងបន្តសាងសង់នៅក្នុងខេត្តព្រះសីហនុ មានប្រវែង សរុបជាង៨០គីឡូម៉ែត្រ ធ្វើការ សាងសង់ដោយក្រុមហ៊ុនចំនួន ៨ រួមមានក្រុមហេងសម្បត្តិក្រុមហ៊ុន SCE ក្រុមហ៊ុនសាជីវកម្មពិស្ណុការអន្តរជាតិ ក្រុមហ៊ុនK.B.H Construction Co.,LTD ក្រុមហ៊ុន VT Engineering Construction ក្រុមហ៊ុនរ៉ូ យ៉ាលមេគង្គខស្ត្រាក់សិន & ឌីវើឡុបមែន កងវិស្វកម្មសម្តេចតេជោហ៊ុនសែន សៀម រាបនិងកងវិស្វកម្មលេខ១៧៨ស្ពាន ថ្នល់ នៃក្រសួងការពារជាតិនៅ ក្រុង ព្រះ សីហនុនេះ បានបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ ២០១៩ ជាគម្រោងលើកឡើងដោយ គណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមាន លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨ ។ ផ្លូវទាំង៣៤ខ្សែនេះ នៅក្នុងគម្រោងចាក់ បេតុងកម្រាស់០,២៥ម៉ែត្រ និង អ៊ុតបេទីម បន្ថែមពីលើកម្រាស់០,០៧ ម៉ែត្រ ។

ក្រៅពីផ្លូវ៣៤ខ្សែខាងលើនៅផ្លូវមួយខ្សែសាងសង់ដោយថវិកាសប្បុរសជនតាមរយៈលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ,ផ្លូវចំនួន៩ខ្សែសាងសង់ដោយរដ្ឋបាលខេត្តព្រះសីហនុនិងផ្លូវចំនួន១១ខ្សែទៀតសាងសង់ដោយក្រសួងសាធារណការនិងដឹកជញ្ជូនដែលផ្លូវខ្លះបានរួចរាល់និងផ្លូវខ្លះកំពុងដំណើរការសាងសង់សរុបផ្លូវដែលបាននិងកំពុងសាងសង់ក្នុងខេត្តព្រះសីហនុនៅក្នុងឆ្នាំ២០២០មាន ចំនួន ៥៥ខ្សែ។
អភិបាលខេត្តបានបញ្ជាក់ដោយមោទនភាពថាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដែលបានកើតឡើងនេះពិតជាបានចូលរួមចំណែកដ៏ធំធេងក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុឆ្នាំ២០៣០សំដៅអភិវឌ្ឍន៍ខេត្តជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃនិង ការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ៕សរន













