ដោយ៖ លី ម៉េងហួរ / ភ្នំពេញ: កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា រដ្ឋសភា បានបើកបវេសនកាល សម័យប្រជុំ លើកទី៥ នីតិកាលទី៦។ ក្នុងឱកាសនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជឱង្ការ ក្នុងព្រះរាជសារជូនរដ្ឋសភា ដោយព្រះអង្គ អំពាវនាវឲ្យជនរួមជាតិ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាពទាំងឡាយ ដើម្បីឲ្យកម្ពុជា ចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
កាលពីថ្ងៃទី០៥ ខែតុលា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារ ជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ការប្រកាសជ្រើសរើសកម្មករប្រមូលសំរាមនេះ បានធ្វើឡើង បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្ម ផ្អាកប្រមូលសំរាម ចាប់តាំងពីថ្ងៃទី២ ខែតុលា ដោយទាមទារឲ្យក្រុមហ៊ុន បំពេញតាមលក្ខខណ្ឌមួយចំនួន ដែលពួកគេចង់បាន ដូចជា ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍មួយចំនួន។
កាលពីព្រឹកថ្ងៃទី៦ ខែតុលា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ ព្រះរាជវង្សានុវង្ស និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើនរូប បានយាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការបើកសម្ពោធមជ្ឈមណ្ឌលទេសចរណ៍ ព្រីនស៍ ម៉ាណ័រ នៅភាគខាងកើត រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ក៏ដូចជា ការបើកដំណើរការជាផ្លូវការនូវទីតាំងទេសចរណ៍ធំមួយទៀត គឺសួនទឹកហ្គាឌិន ស៊ីធី នៅភាគខាងជើងរាជធានីភ្នំពេញ កាលពីខែសីហា គឺចំពេល ដែលកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក បានទទួលរងផលប៉ះពាល់ ពីជំងឺកូវីដ១៩។
ប៉ុន្តែជំងឺកូវីដ១៩ មិនបានធ្វើសេដ្ឋកិច្ចកម្ពុជា ដួលរលំនោះទេ តែផ្ទុយទៅវិញ កូវីដ១៩ គឺជាឱកាសថ្មី ដែលធ្វើឱ្យកម្ពុជា អាចកសាងសក្តានុពលរបស់ខ្លួនបន្ថែម ពិសេសគឺការពង្រឹងទេសចរណ៍ផ្ទៃក្នុង ដែលកំពុងមានចរន្តកើនឡើង គួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការបើកសម្ពោធទីតាំងទេសចរណ៍ធំទាំងពីរគោលដៅនេះ ជាការរួមចំណែកដ៏សំខាន់ ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសទាក់ទាញទេសចរក្នុងស្រុក ជំនួសឲ្យការចេញទៅកម្សាន្ត នៅក្រៅប្រទេស។
កាលពីថ្ងៃទី០៧ ខែតុលា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍។ ក្នុងសេចក្តីណែនាំ ៣ទំព័រជាភាសាខ្មែរ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានក្រើនរម្លឹកសាធារណជនទាំងអស់ថា ប្រទេសកម្ពុជា នៅតែមានហានិភ័យនៃការចម្លងវីរុសកូវីដ១៩ គ្រប់ពេលវេលានៅឡើយ។
ដូច្នេះ ដើម្បីចូលរួមបន្តទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ការពង្រឹងការធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះ និងនៅតាមមណ្ឌលនានា គឺតម្រូវឲ្យមានការចូលរួមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីបុគ្គល និងមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាននៅទូទាំងប្រទេស បន្ទាប់ពីទទួលបានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ដែលមានការអនុញ្ញាតឲ្យបុគ្គលនោះ ទៅធ្វើចត្តាឡីស័ក ឬធ្វើការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន។
កាលពីថ្ងៃទី៧ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខមេដឹកនាំពិភពលោក តាមរយៈវេទិកា ភាពងាយរងគ្រោះបណ្តាលមកពីអាកាសធាតុ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីយប់មិញ បានបង្ហាញនូវឆន្ទៈនយោបាយមោះមុតរបស់កម្ពុជា ក្នុងការធ្វើកិច្ចសហការជាមួយពិភពលោក ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសាកល។ សម្តេចតេជោ បានជំរុញអោយមេដឹកនាំពិភពលោកទាំងអស់ បង្កើនធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញប្បទានអាកាសធាតុ សម្រាប់ការបន្សាំជាដុំកំភួន ដែលប្រទេសអភិវឌ្ឍន៍ បានសន្យាកន្លងមក និងផ្ទេរបច្ចេកវិទ្យា ជូនដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបរួមគ្នាទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្នើសុំកម្ពុជា ពិនិត្យលទ្ធភាព ដើម្បីបន្តដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកជាថ្មីឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈដោយសារការរីករាលដាលជំងឺកូវីដ១៩។ ការស្នើនេះ បានធ្វើឡើង នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី៧តុលា។
ឆ្លើយតបនឹងសំណើរនេះ សម្ដេចក្រឡាហោម បានអះអាងថា ជាគោលការណ៍ និងជាឆន្ទៈនយោបាយ កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះ ពោលគឺទោះជាដំណើរការមាតុភូមិនិវត្តន៍មានការខកខានដោយសារកូវីដ១៩ ប៉ុន្តែគោលការណ៍ និងឆន្ទៈនយោបាយកម្ពុជាលើការងារនេះមិនមានអ្វីប្រែប្រួលនោះទេ។
ចាប់តាំងពីឆ្នាំ២០០២ ដែលកិច្ចព្រមព្រៀងត្រូវបានអនុវត្តន៍ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៥០០នាក់ហើយ ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក និងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ក្រោយពីបានប្រព្រឹត្តបទល្មើស និងអនុវត្តទោសរួចរាល់។
កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ប្រមាណជាង ២ពាន់នាក់ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា បានសម្រេចចិត្តចូលធ្វើការ ដោយចេញប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញឡើងវិញ ក្រោយពីប្រមូលផ្តុំធ្វើកូដកម្ម រយៈពេលជិតមួយសប្តាហ៍កន្លងមក។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៨ ខែតុលា កម្មករក្រុមហ៊ុន ស៊ិន ទ្រី ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំធ្វើកូដកម្មបន្តទៀត ដោយទាមទារដូចមុន គឺការបើកប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ១ចំនួនទៀត។ ចំពោះស្ថានភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងការណ៍ បង្ហាញការសោកស្ដាយ និងប្រកាសប្រើវិធានការសរុប ដោយបញ្ចេញកម្លាំង និងសម្ភារៈ តាមខណ្ឌនីមួយៗ ប្រមូល និងដឹកជញ្ជូនសំរាម ដែលកកស្ទះឲ្យអស់ចេញពីក្នុងក្រុង។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី៩ ខែតុលា បានពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់សំខាន់ពីរ គឺសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ និងសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។
សេចក្តីព្រាងច្បាប់សំខាន់ទាំងពីរនេះ ត្រូវបានគណៈរដ្ឋមន្ត្រី ចាត់ទុកថា ជាឧបករណ៍ច្បាប់ដ៏សំខាន់ សម្រាប់កាត់បន្ថយអំពើហិង្សាលើស្ត្រី និងជាឧបករណ៍ផ្នែកគោលនយោបាយដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សុខភាពវិស័យហិរញ្ញវត្ថុកម្ពុជា នៅតែមានភាពល្អប្រសើរបើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងៗ នៅក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ១៩។ បើតាមសម្តេចតេជោ ក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិផ្សេងៗនោះទេ។
បន្ថែមលើសពីនេះ កម្ពុជានៅតែមានសកម្មភាពសកម្ម ក្នុងការបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគនានា ពិសេសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងឧបត្តម្ថសាច់ប្រាក់ដល់ប្រជាជនក្រីក្រ រងគ្រោះដោយសារជំងឺកូវីត១៩ ជាដើម។
នៅក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជូនបញ្ជីឈ្មោះមេធាវីស្ម័គ្រចិត្ត ចំនួន ១២៤ រូប ទៅប្រចាំការ នៅតាមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីការពារក្តីដោយឥតគិតកម្រៃ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ឲ្យបានបញ្ចប់ តាមផែនការ នៅមុនដំណាច់ឆ្នាំនេះ។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេស មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ២៨៣នាក់។ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ មានចំនួន ២៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មាន ៦នាក់ ( មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ៤នាក់ ( ស្ត្រីឥណ្ឌា បុរសឥណ្ឌូនេស៊ី បុរសជនជាតិខ្មែរ មកពីប្រទេសកូរ៉េខាងត្បូង និងស្ត្រីជនជាតិបារាំង ) រីឯនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មាន ២នាក់ ( បុរសហុងគ្រី និងបុរសជនជាតិបារាំង )។
រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ចំនួនពីរថែមទៀត រួមមាន៖ លិខិតប្តូរសារ ស្តីពី ការសិក្សាលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ ទៀតនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង រងគ្រោះដោយទឹកជំនន់ បង្កឡើងដោយទឹកភ្លៀង។ អភិបាលខេត្ត អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសកងទ័ព បានចុះអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរពីគ្រោះធម្មជាតិនេះ។
ចាប់តាំងពីយប់រំលងអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩តុលា ជំនន់ទឹកភ្លៀង ធ្វើឱ្យតំបន់មួយចំនួន នៅស្រុកវាលវែង ស្រុកកណ្តៀង រួមទាំងក្រុងពោធិ៍សាត់ រងការជន់លិចលង់។ ស្ទឹងពោធិ៍សាត់ ទឹកឡើងលើសពីកម្រិតឱ្យប្រុងប្រយ័ត្ន។
ចំណែកនៅខេត្តបាត់ដំបង ជំនន់ទឹកភ្លៀង ក៏បានលិចស្រុកមួយចំនួន រួមមាន ស្រុកសំឡូត រុក្ខគិរី មោងឫស្សី និងស្រុកសំពៅលូន។ អាជ្ញាធរ បានបើកទ្វារទឹក បង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹង កើនឡើង រីឯទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានជំនន់ទឹកភ្លៀង ហូរបុកផ្តាច់យ៉ាងគំហុក កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះ ក្នុងភូមិសាស្ត្រខាងលើនេះ និងផ្នែកទំនាប នៅខាងក្រោម។
ភ្លាមៗរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អភិបាលខេត្តបាត់ដំបង លោក គន់ គីម ព្រមទាំងមន្ត្រីបច្ចេកទេស បានសម្រេចចេញនូវផែនការទប់ទំនប់អាងទឹកបាសាក់ឡើងវិញជាបន្ទាន់ ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនកូរ៉េ ដែលកំពុងប្រត្តិបត្តិការនៅទំនប់ដូនទ្រី ក្បែរនោះ។ វិធានការនេះ ប្រើគ្រឿងចក្រធុនធ្ងន់ ចំនួន ១៨គ្រឿង ចាក់ល្បាយថ្ម ទំហំ ៦០ស.ម និងដីជួសជុលចាក់បិតទំនប់ដេញមកបណ្តើរៗ និងចុងម្ខាងទៀតបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុក ជួសជុលបិតផ្ចិតទំនប់ ដែលដាច់ឲ្យជាប់ដូចដើម ក្នុងរយ:ពេល ២ ឬ៣ថ្ងៃ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹក ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ការងារបង្កបង្កើនផលនាពេលខាងមុខ។
ដោយឡែក នៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០តុលា ឆ្នាំ២០២០ ស្ថានភាពទឹកនៅតំបន់មួយចំនួន នៅក្នុងក្រុង ក៏ជន់ឡើង ដោយតំបន់ខ្លះ ទឹកហូរលើផ្លូវ ដោយសារតំបន់ខ្លះ មានលូមុខទឹកតូច ហូរមិនទាន់។ ចំពោះដំណាំកសិកម្មវិញ មិនទាន់ទទួលរងផលប៉ះពាល់នោះទេ។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស កាលពីថ្ងៃទី១០ ខែតុលាថា ប្រទេសកម្ពុជាយើង នឹងបន្ដមានភ្លៀងធ្លាក់ច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ៕ ល