ដោយ: គ្រញូង / បាត់ដំបង: បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀង បានថមថយយទៅវិញបន្តិច នៅមូលដ្ឋានស្រុករុក្ខគីរី តែមូលដ្ឋានស្រុកមួយចំនួនទៀត បាននិងកំពុងទទួលរងនូវឥទ្ធពលនេះជាបន្តបន្ទាប់។ ក្នុងនោះដែរ ដងស្ទឹងសង្កែ និងស្ទឹងផ្សេងទៀត ក្នុងមូលដ្ឋានខ្លះទៀតកំពុងទទួលរងនូវល្បឿនទឹកដែលហូរចាក់ពីបណ្តាស្រុកនៅជាប់ព្រំដែនយ៉ាងគំហុក។
ផ្តើមពីបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២០ បានបញ្ជាដល់លោក លោកស្រីស្នងការរងទទួលបន្ទុកដឹកនាំតាមអធិការដ្ឋាននគរបាលក្រុង ស្រុកនីមួយៗ ត្រូវបន្តចុះដឹកនាំកងកម្លាំងនគរបាល ដោយភ្ជាប់ទាំងមធ្យោបាយ សម្ភារៈផង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងធ្វើសកម្មភាពលើកដីទប់ស្កាត់ចំណុច ដែលទឹកហូរចូលក្នុងភូមិ និងបានចូលរួមចែកជូននូវស្បៀងអាហារជូនពួកគាត់បានទទួលទានទៀតផង។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះ កម្ពស់ទឹកនៅដងស្ទឹងសង្កែហក់ឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្នហើយ ១៣,៩ម៉ែត្រ ដែលបញ្ហានេះតម្រូវឱ្យកងកម្លាំងទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕ ល