ដោយ: ចាន់តូ / ភ្នំពេញ: ឃ្លាំងស្តុកសារធាតុគីមី ថ្មស្អុយ កាវ វត្ថុធាតដើមគីមី ជ័រ មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ផ្សែងហុយខ្មួលខ្មាញ់ បំភាយក្លិនឈួល ឈ្លក់ បង្កឲ្យភ្ញាក់ផ្អើល ព្រួយបារម្មណ៍ ប៉ះពាល់សុខភាព សង្ស័យប្រតិកម្មជាមួយទឹក ទើបបង្កចេញបែបនេះ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា ឃ្លាំងខាងលើស្តុកទៅដោយសារធាតុគីមី កាវ វត្ថុធាតុដើមគីមី ថ្មស្អុយ រាប់សឹបតោន ហើយកន្លងមក ធ្លាប់ប្រតិកម្មរវាងថ្មស្អុយជាមួយទឹកម្តងហើយ តែម្ចាស់ទីតាំងទប់ស្កាត់ទាន់ពេលវេលា ស្រាប់តែនៅព្រឹកថ្ងៃនេះ បែជាមានផ្សែងហុយខ្មួល បំភាយក្លិនឈួល ឈ្លក់ ម្តងទៀត កាន់តែខ្លាំងឡើងៗ ផ្អើលពលរដ្ឋក្បែរខាង ទ្រាំងនឹងផ្សែងក្លិនឈ្លក់សឹងមិនបាន ពិបាកដកដង្ហើម ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុ សុខៗ ស្រាប់តែមានផ្សែងហុយខ្មួល និងក្លិនឈួល ឈ្លក់ បង្កប៉ះពាក់ផ្លូវដង្ហើម ពលរដ្ឋក្បែរខាងព្រួយបារម្មណ៍ ។ ភ្លាមៗត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង របស់ស្នងការក្រុងចំនួន៦គ្រឿង រថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿង ចេញទៅបាញ់ទឹក និងជញ្ជូនធុងដែលផ្ទុក សាធាតុគីមីចេញក្រៅ រលត់ទៅវិញនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែល ។

បើតាមការសន្និដ្ឋាន អគ្គិភ័យខាងលើសង្ស័យប្រតិកម្មរវាងថ្មស្អុយជាមួយទឹក ទើបបង្កចេញបែបនេះ សមត្ថកិច្ចចាត់វិធានការបង្កទប់ស្កាត់ ដោយប្រើប្រាស់ទឹកអស់៧រថយន្ត តែមិនបណ្តាលឲ្យអ្នកណារងរបួសឡើយ គ្រាន់តែទទួលរងក្លិន ស្ទើរតែទ្រាំងលែងបាន ហើយសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវបន្ថែមទៀត ៕ ល
