ទីតាំង​លេងល្បែង​ប្រជាប្រិយ និង​ក្លោងទ្វារ​កោះកុង​សង្ក្រាន្ត សម្រេចបាន​ជាង​៩៥​ភាគរយ​ហើយ​

2529
ចែករម្លែក
  • 31
    Shares

​ដោយ​: សុ​ផានី​តា / កោះកុង​: គិត​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែមេសា នេះ សកម្មភាព​ការងារ​រៀបចំ​តុបតែង​លម្អ​ភ្លើង​ភ្ញី និង​ដំឡើង​​ក្លោងទ្វារ​កោះកុង​សង្ក្រាន្ត​នៅក្នុង ក្រុង​ខេ​រម​ភូមិន្ទ សម្រេចបាន​ប្រមាណ​៩៥​ភាគរយ​ហើយ​។ បើតាម​ការបញ្ជាក់​ពី​ក្រុមការងារ​អ្នករៀបចំ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកោះកុង ពួកគេ​នឹង​ព​ន្លឿ​ន​អោយបាន​ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃស្អែក​ថ្ងៃទី​១៣ មេសា​។​

​ខេត្តកោះកុង មិន​ខុសពី​ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដទៃទៀត​ឡើយ ពោលគឺ​សុទ្ធសឹងតែ​មានការ​រៀប​ចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។ ជាក់ស្តែង សំណង់​បម្រើ​ដល់​ព្រឹត្តិការណ៍​កោះកុង​សង្ក្រាន្ត ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​ប្រចាំឆ្នាំ​២០១៨ ដែលមាន​ភាព​ទាក់ទាញ​ជាង​បណ្តា​ឆ្នាំមុន​។

​មកទល់ពេលនេះ សកម្មភាព​នៃ​ការរៀបចំ​តុបតែង​កែលម្អ​តំបន់​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​នីមួយៗ និង​ការសង់​ដំឡើង​​ក្លោងទ្វារ​អបអរសាទ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរិទ្ធ​ស័​ក្ត ព​.​ស ២៥៦២ ដែល​ចូល​មកដល់​ខានស្អែក សម្រេចបាន​៩៥​ភាគរយ​ហើយ​។ ដោយ​បែង​ចែកជា​តំបន់​ដែល​ត្រៀម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ​គ្នា​ចំនួន​១៣​ដូចជា កន្លែង​លេង​បោះអង្គញ់ ចោល​ឈូក លាក់​ក​ន្រែ​ង ដណ្តើម​ស្លឹកឈើ និង​បូមទឹក​ដាក់​ដប​ជាដើម​។​

​លោក ក្រូច សីហា ក្រុមការងារ​សាងសង់​តំបន់​ល្បែង​លេង​ប្រជាប្រិយ​របស់​ស​សយ​កនៅ​មុខ​អតីត​រដ្ឋបាលខេត្ត​ចាស់ បានឱ្យដឹងថា មូលហេតុ​ដែល​យឺតយ៉ាវ​សាងសង់​តំបន់​កម្សាន្ត​ដល់​ពិធី​កោះកុង​សង្ក្រាន្ត ក៏​ព្រោះ​តែមាន​ពេលវេលា​តិចតួច និង​អនុវត្ត ទោះបីជា​ក្រុមការងារ​បានចាប់ផ្តើម​រៀបចំ​តាំងពី​ថ្ងៃទី​២៦ មីនា យ៉ាងណាក្តី​។ ប៉ុន្តែ​ពុំ​អ្វី​ជាការ​ព្រួយបារម្ភ​ទេ ដោយ​ការងារ​ទាំងនេះ​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៣ ខែមេសា ខាងមុខ​។​

​ដោយឡែក អ្នកស្រី ជាង មុន្នី​រ័ត្ន និង​លោក​ចាន់ រិ​ទ្ធិ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ដែល​មក​មើល​ការរៀបចំ​សំណង់​ព្រឹត្តិការណ៍​កោះកុង​សង្ក្រាន្ត ម្នាក់ៗ​សុទ្ធតែ​បាន​កោត សរសើរ​ចំពោះ​ការបង្កើត​អោយ​កម្មវិធី​នេះ​ឡើង ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​រួមគ្នា​រវាង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។

​បើតាម​ក្រុម​ប្រជាពលរដ្ឋ​ដដែល បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សប្បាយរីករាយ​ធំ​មួយ​ប្លែក​ពី​ឆ្នាំមុន សម្រាប់​ខេត្តកោះកុង ពិសេស​ចាប់តាំងពី​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត ឡើង​កាន់តែ​តំណែង​ជា​ថ្នាក់ដឹកនាំ​គ្រប់គ្រង​ជិត​១​ឆ្នាំនេះ​។ បន្ថែម​លើ​នេះ ពលរដ្ឋ​ស្នើឱ្យ​ថ្នាក់ដឹកនាំ​បន្ត​រៀបចំ​កម្មវិធី​សប្បាយៗ​ដូច្នេះ​នៅ ឆ្នាំក្រោយៗ​ទៀត​។​

​កោះកុង​សង្ក្រាន្ត រៀបចំឡើង​ក្នុងទិសដៅ​បង្កើត​បរិយាកាស​សាម​គី​ភាពសប្បាយ​រីករាយ ផ្តល់ឱកាស​ឲ្យ​ក្រុមយុវជន ប្រជាពលរដ្ឋ បាន​ស្វែងយល់ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ព្រមទាំង​ទាក់ទាញ​ភ្ងៀ​វ​ជាតិ និង​អន្តរជាតិ​មកលេង​កាន់តែច្រើន​។​

​ក្នុងនោះ មាន​៣​ទីតាំង​ដែល​អាចអោយ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​ដោយ​ក្តី​រីករាយ បាន​រយៈពេល​៣​ថ្ងៃ អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី គឺ​ទី​១ នៅមុខ​អតីត​សាលាខេត្ត​ចាស់​មាន​តំបន់​លេងល្បែង​ប្រជាប្រិយ​ខ្មែរ មុខ​អគារ​រដ្ឋបាលខេត្ត​ថ្មី មានការ​ប្រគុំ​តន្ត្រី​រាំលេង និង​ពិ​ព័រណ៍​ទំនិញ ទី​២ តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង និង​ទី​៣ គឺ​រមណីយដ្ឋាន​ទេសចរណ៍​ពាម​ក្រសោប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម