Home ព័ត៌មានជាតិ សង្គម ដាំ​កូនឈើ​ប្រ...

ដាំ​កូនឈើ​ប្រណីត​នៅ​អម​សងខាង​ផ្លូវ​ជុំវិញ​តំបន់​គល់ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រីរាជការ ដាំ​កូនឈើ​ប្រណីត​(​ធ្នង់​)​ប្រមាណ ១.០០០ ដើម​នៅ​អម​សងខាង​ប្រព័ន្ធ​ផ្លូវ គល់ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ខាង​ស្រុក​ស្ទឹងត្រង់​នៅ​ព្រឹក​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២០​។ ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ដែល​បាន​រិច​រិល កាត់បន្ថយ​នូវ​បម្រែបម្រួល​អាកាសធាតុ និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​នៅ​តំបន់​នោះ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​នៅមុន​ការដាំ​ដើមឈើ​នោះ​ថា ការចូលរួម​ដាំ​កូនឈើ​ប្រភេទ​ឈើ​ធ្នង់​ប្រហែល ១.០០០ ដើម​ដែលជា​អំណោយ​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នាឱកាស​នេះ​ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ ដែល​យើង​បានរួម​គ្នា​អភិរក្ស​ធនធានធម្មជាតិ​ដែល​បាន​រិច​រិល គឺ​តម្លៃ​របស់​ព្រៃឈើ​បាន​ចូល​រួច​ចំណែក​ក្នុងការ​កាត់បន្ថយ​នូវ​បម្រែបម្រួល​អាកាសធាតុ និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​នៅ​ទីប្រជុំជន​របស់​យើង​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា ខណ​:​ដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ​នូវ​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​របស់​យើង គឺ​យើងទាំងអស់គ្នា​ជា​មន្ត្រីរាជការ អាជ្ញាធរ​នៅទីនេះ គឺ​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដែរ​។ ជាពិសេស​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានផ្តល់​ជូន​ជា​ចំណង​ដៃដល់​អ្នក​ស្ទឹងត្រង់ និង​ក្រូចឆ្មារ នូវ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដ៏​ប្រណីត ដែល​បម្រើ​ដល់​ប្រទេសជាតិ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​។​

​លោក​បាន​បន្តថា ដូច្នេះ​យើង​ត្រូវមាន​ការអភិវឌ្ឍន៍ រីកចម្រើន និង​លើកកម្ពស់​គ្រប់​រូបភាព​ទាំងអស់​។ អ៊ីចឹង​យើង​ត្រូវ​ចូលរួម​ដាំ​ដើមឈើ ដើម្បី​លើកកម្ពស់​នូវ​សោ​ភ័​ណ្ឌ​ភាព​ក្នុង​តំបន់​របស់​យើង និង​ទុកជា​មរតក​សម្រាប់​មនុ​ស្ស​ជំនាន់​ក្រោយ​របស់​យើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular