ព្យុះទី១៥ ឈ្មោះលីនហ្វា នឹងបង្កឲ្យទឹកទន្លេសេកុង សេសាន និងស្រែពក នឹង ហក់ឡើងដែលអាចក្លាយជា ជំនន់

205
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី១១ ខែតុលា ថាស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគូបផ្សំនៅយប់ថ្ងៃនេះ ព្យុះទី ១៥ ឈ្មោះ លីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ។ 

ក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា ស្ថានភាពបែបនេះ នឹងបង្កឲ្យទឹកទន្លេសេកុងសេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ ។ រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែងក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ។

ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនង នឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម