ប្រជាពលរដ្ឋចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀង

381
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញ:ប្រជាពលរដ្ឋចំនួន ១១នាក់បានបាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀងរយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ហើយប្រជាពលរដ្ឋចំនួនជាងមួយពាន់គ្រួសារ ត្រូវបានជួយសង្គ្រោះទៅរកទីទួលសុវត្ថិភាព។ ចំណែកប្រជាពលរដ្ឋជាមួយម៉ឺនគ្រួសារផ្សេងទៀតបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀង។ 

លោកឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់រស្មីកម្ពុជានៅម៉ោងជិត១០យប់ថ្ងៃទី១១ ខែតុលានេះថា ខេត្តចំនួន ១០ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានដូចជាៈ ១. ខេត្តបាត់ដំបង ២. ខេត្តបន្ទាយមានជ័យ ៣. ខេត្តឧត្តរមានជ័យ ៤. ខេត្តព្រះវិហារ ៥. ខេត្តកណ្តាល ៦. ភ្នំពេញ ៧. ខេត្តកំពង់ស្ពឺ ៨. ខេត្តតាកែវ ៩.ខេត្តពោធិសាត់ និង១០. ខេត្តស្វាយរៀង។ ហើយខេត្តទាំង ១០នេះ នៅមិនទាន់មានកម្រិតធូរស្រាលទេ ។ ប៉ុន្តែនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែតុលា គឺមានស្រុកមួយបានលិច។ 

លោកបន្តថា បើតាមការព្យាករព្យាយាមុះបានមកដល់កម្ពុជានៅថ្ងៃទី១១ តុលា នេះ នឹងមានឥទ្ធិពលរយៈពេលបីទៅបួនថ្ងៃទៀតដែរ ដែលវាអាចប៉ះពាល់រយៈពេលប៉ុន្មានថ្ងៃទៀត ហេតុនេះសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាប ដែលងាយរងគ្រោះ ពីព្រោះនេះគឺជាជំនន់ទឹកភ្លៀងដែលឆាប់រហ័ស មិនមែនឡើងសន្សឹមៗដូចទឹកទន្លេនោះទេ ដែលយើងអាចរត់គេបាន ហើយជំនន់ទឹកភ្លៀងនេះយើងរត់គេចមិនទាន់ទេបើសិនជាវាខ្លាំង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ” តាមតួលេខបឋមប្រជាពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាពជាង ១ពាន់គ្រួសារ , ប្រជាពលរដ្ឋដែលរងគ្រោះជាង ១ម៉ឺនគ្រួសារ , ស្លាប់ ១១នាក់នៅទូទាងប្រទេស (ទាំង១១ខេត្ត) ដោយសារទឹកជំនន់រហ័សនិងស្លាប់ដោយសាររន្ទះបាញ់ ១នាក់ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ តុលា “៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម