
ដោយៈប.ខុន/ភ្នំពេញៈ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១១ខែតុលាបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០៥០ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែមបង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។
ស្ថានភាពទឹកនៅបន្តឡេីងបន្ថែមទៀត តែមិនទាន់មានអ្វីដែលជាការយាយីដល់រាជធានីភ្នំពេញនៅឡេីយទេ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងបានធ្វើការបិទរូងនាគជាច្រើនកន្លែងនៅតាមតួទំនប់ និងយាមប្រចាំការ ២៤ម៉ោងលេី២៤ម៉ោង អស់រយៈពេលជាង១សប្តាហ៍មកហើយ ។
លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋានក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្មានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៕សរន




