ភ្លៀងខ្លាំង អភិបាលរាជធានី សម្រេចផ្អាកការធ្វើដំណើរលើផ្លូវ៣៧១បណ្តោះអាសន្ន

240
ចែករម្លែក
ភ្លៀងខ្លាំងអភិបាលរាជធានីសម្រេចផ្អាកការធ្វើដំណើរលើផ្លូវ៣៧១បណ្តោះអាសន្ន

ដោយ:រ៉ាម៉ន/ភ្នំពេញ:នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បរិមាណ ទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ មានកម្ពស់ជិត១០០មិលី្លម៉ែត្រ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនបូមទឹកចល័តចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន ដើម្បីរំដោះទឹកដែលបានជន់លិច។

នាយប់ថ្ងៃទី១១តុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​និងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា  កំពុងដឹកនាំមន្ដ្រីជំនាញធ្វើ​អន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយបឹងទំពុនស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ នេះផងដែរ។

នៅទីតាំងប្រតិបត្តិការដើម្បីបូមទឹករំដោះនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធ កំពុងខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់។

សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។

បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយបូមទឹកបឹងទំពុនឡើងខ្លាំងមែនទែន។ ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាក​ចរាចរណ៍ជាបណ្តោះអាសន្ន។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានតំបន់ជាច្រើនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង។ តំបន់រង្វង់មូលចោមចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក៏កំពុងរងការជន់លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕សរន/Ha

ភ្លៀងខ្លាំងអភិបាលរាជធានីសម្រេចផ្អាកការធ្វើដំណើរលើផ្លូវ៣៧១បណ្តោះអាសន្ន
ភ្លៀងខ្លាំងអភិបាលរាជធានីសម្រេចផ្អាកការធ្វើដំណើរលើផ្លូវ៣៧១បណ្តោះអាសន្ន
ភ្លៀងខ្លាំងអភិបាលរាជធានីសម្រេចផ្អាកការធ្វើដំណើរលើផ្លូវ៣៧១បណ្តោះអាសន្ន
ភ្លៀងខ្លាំងអភិបាលរាជធានីសម្រេចផ្អាកការធ្វើដំណើរលើផ្លូវ៣៧១បណ្តោះអាសន្ន

ទីតាំងផ្សាយពាណិជ្ជកម្ម