សាន សំអុនប្រើកណ្ដាប់ដៃផ្ដួលផាន ផាន់ណាត់ទឹកទី៣

ដោយ:រ៉ូហ្សា/ភ្នំពេញ:សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card សាន សំអុនក្លិបអារុណរះកីឡាប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ផាន ផាន់ណាត់ក្លិបទ័ពឆ័ត្រយោង៩១១ បណ្ដាលឲ្យអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។

ការប្រកួតសម្រាប់គូពានរង្វាន់បែបនេះមានតែ៣ទឹកប៉ុណ្ណោះ ។ស្ថានភាពនៃការប្រកួត២ទឹកដំបូងគូទាំង២នេះហាក់ដូចជាមិនមាននរណាលើនរណានោះទេតែមកដល់ទឹកទី៣សំអុនបញ្ចេញកណ្ដាប់ដៃវាយសន្ធាប់លើផាន់ណាត់ចំនួន៨ដៃធ្វើឲ្យផាន់ណាត់ដួលហើយត្រូវ អាជ្ញាកណ្ដាលរាប់៨ ។ក្រោយពីរាប់ដល់៨ផាន់ណាត់ងក់ក្បាលថាគេអាចបន្តការប្រកួតបានតែភ្លាមៗនោះសំអុនវាយសន្ធាប់ម្ដងទៀតធ្វើឲ្យផាន់ណាត់ត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀត។

ភ្លាមៗនោះសំអុនក៏កាន់តែសន្ធាប់បន្ថែមធ្វើឲ្យផាន់ណាត់វង្វេងម្ដងទៀត ។លើកនេះអាជ្ញាកណ្ដាលមិនរាប់ ៨ម្ដងទៀតឡើយព្រោះនៅក្នុងបទបញ្ជាប្រកួតអាជ្ញាកណ្ដាលមិនរាប់៨ដល់ទៅ៣ដងក្នុងទឹកតែមួយនោះទេ ។

សាន់ សំអុនប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តនៅជុំទី២ ក្នុង ខណៈដែលផាន ផាន់ណាត់ខ្ទាតចេញពីការប្រកួត ។ពេលនេះមានអ្នកប្រដាល់៧រូបហើយដែលបានកក់កៅអីសម្រាប់ឡើងទៅប្រកួតជុំទី២ ហើយក៏មានអ្នកប្រដាល់៧រូបដែរដែលខ្ទាតចេញពីការប្រកួត ។

ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ផុន សុខវិបុលក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដែលប្រគាសឡើងប្រកួតសងសឹកជាមួយអ្នកប្រដាល់ប៊ន ពន្លឹកក្លិបនាគរាជគុនខ្មែរនោះបានត្រឹមតែឡើ ងមកឈឺសាច់ដោយទទួលបរាជ័យម្ដងទៀត ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។សុខវិបុលវ៉ៃបានល្អតែ មួយទឹកដំបូងប៉ុណ្ណោះតែចាប់ពីទឹកទី២ទៅពន្លឹកកៀបសង្កត់យ៉ាងខ្លាំង មកលើវិបុល ។ ចាប់ពីទឹកទី៣ទៅជង្គង់របស់ពន្លឹកបានធ្វើឲ្យសុខវិបុលកាន់តែជួបការលំបាកបន្ថែមទៀត ។ទោះបីយ៉ាងនេះក៏ដោយក៏ផុន សុខវិបុលតស៊ូរហូតចប់ទឹកទី៥ ។ផុន សុខវិបុលចាញ់ប៊ន ពន្លឹកដោយពិន្ទុម្ដងទៀត ។

រីឯខ្លាចាស់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីតុប ផេងក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុទាំងប្រផិត ប្រផើយបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ស្ថានភាពប្រកួតរវាងអ្នកទាំង២ពិតជាអស្ចារ្យមែន ។តុប ផេងស្រករក្រោយមែនតែគេបានធ្វើឲ្យកុសលឈឺសាច់មិនស្ទើរនោះទេ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញតែម្ដងដោយសេន កុសលជាអ្នកឈ្នះពិន្ទុតុប ផេង ។

ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតឈ្នះអ្នកប្រដាល់ សាន ឡាក់ហាយក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular