ក្តីសង្ឃឹមកាន់តែដាច់ដោចសម្រាប់បទឈប់បាញ់សម្របសម្រួលដោយរុស្ស៊ី ខណៈអាមេនីនិងអាស៊ែបៃហ្សង់នៅតែបាញ់គ្នាបណ្តាលឱ្យស្លាប់និងរបួសជនស៊ីលជាច្រើននាក់

217
ចែករម្លែក

ក្តីសង្ឃឹមក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់គ្នារវាងអាមេនីនិងអាស៊ែបៃហ្សង់ដែលសម្របសម្រួលដោយរុស្ស៊ី គឺកាន់តែដាច់ដោចទៅៗកាលពីថ្ងៃអាទិត្យទី១១តុលា ខណៈភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថាបានបាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើតំបន់ជនស៊ីវិលនិងបង្កើនការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរយៈពេល ២ សប្តាហ៍មកនេះ។

ក្រសួងការបរទេសអាស៊ែបៃហ្សង់បានឱ្យដឹងថា ការបាញ់ផ្លោងពេញមួយយប់ដោយកងកម្លាំងអាមេនីទៅលើទីក្រុងហ្គានចា ជាទីក្រុងធំទី ២ របស់ប្រទេស បានបណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់និង ៣៣ នាក់រងរបួសក្នុងនោះមានទាំងកុមារផងដែរ ពោលគឺតិចជាង ២៤ ម៉ោងបន្ទាប់ពីការបញ្ឈប់ការប្រយុទ្ធគ្នាសន្មត់ថាចូលជាធរមាននោះ។

អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងហ្គានចាបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះពាក់មួកសុវត្ថិភាពពណ៌ក្រហមបានជីកកកាយគំនរកម្ទេចកម្ទីដោយដៃទទេដើម្បីស្វែងរកអ្នកនៅរស់។

ពួកគេបានរកឃើញសាកសពអាក្រាតកាយស្ទើរទាំងស្រុងម្នាក់ហើយរុំនៅក្នុងថង់សដឹកតាមរថយន្តសង្គ្រោះ ខណៈដែលអ្នកស្រុកភ័យរន្ធត់ជាច្រើននាក់ឈរមើលផងយំផង។

សាក្សីម្នាក់បាននិយាយថាពួកគេបានភ្ញាក់ពីដេកដោយការផ្ទុះដ៏ធំដែលប៉ះពាល់ដល់ប្លុកផ្ទះមួយជាន់និងពីរជាន់នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយបណ្តាលឱ្យផ្ទះល្វែងចំនួន ៩ ដួលរលំ។

អ្នកស្រុកឈ្មោះហ្សាជីត អាលីយ៉េវ អាយុ ៦៨ ឆ្នាំបាននិយាយថា “អ្វីៗទាំងអស់ដែលខ្ញុំធ្វើការពេញមួយជីវិតដើម្បីវាត្រូវបានបំផ្លាញអស់រលីង”។

កិច្ចព្រមព្រៀងបញ្ឈប់ភាពប្រទូសរ៉ាយក្នុងគោលបំណងដើម្បីដោះដូរអ្នកទោសនិងប្រមូលសាកសព បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ២ សប្តាហ៍ជុំវិញតំបន់ជម្លោះ ណាហ្គ័រណូការ៉ាបាក់ ត្រូវបានអនុម័តដោយរដ្ឋមន្រ្តីការបរទេសអាមេនីនិងអាស៊ែបៃហ្សង់នៅក្នុងកិច្ចចរចាដែលសម្របសម្រួលដោយរុស្ស៊ីនៅទីក្រុងមូស្គូ។

បទឈប់បាញ់បានចូលជាធរមាននៅរសៀលថ្ងៃសៅរ៍ ប៉ុន្តែភ្លាមៗភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថារំលោភបទឈប់បាញ់។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរបស់តំបន់ផ្តាច់ខ្លួន ណាហ្គ័រណូការ៉ាបាក់ បានទទូចថា កងកម្លាំងអាមេនីបានគោរពបទឈប់បាញ់ដើម្បីមនុស្សធម៌ ហើយបានបន្ទោសអាស៊ែបៃហ្សង់ថារំលោភបទឈប់បាញ់ និងបាញ់ផ្លោងទៅលើតំបន់សម្បូរជនស៊ីវិល។

ក្រសួងបានបន្ថែមថា ការអះអាងថាកងកម្លាំងអាមេនីទទួលខុសត្រូវចំពោះការបាញ់ផ្លោងលើទីក្រុងហ្គានចា “ជាការកុហកទាំងស្រុង”៕ ដោយ ៖ កញ្ញាដាលីស

ទិដ្ឋភាពទីក្រុងហ្គានចារងការបាញ់ផ្លោងកាលពីព្រឹកទៀបភ្លឺថ្ងៃអាទិត្យ បណ្តាលឱ្យស្លាប់៧របួស៣៣នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម