ដោយៈ មេសា/ភ្នំពេញៈ តាមរយៈបណ្តាញ តេឡេហ្ក្រាម នៅព្រលឹមថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ថា “ សូមអាជ្ញាធរមូលដ្ឋាននៅរាល់គោលដៅដែលមនាបញ្ហាប្រឈមនានា ដូចជាតំបន់កំពុងរងទឹកជំនន់ជាដើម មេត្តារិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាផ្តល់លទ្ធភាព និង ភាពងាយស្រួល ឱ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីឧបត្ថម្ភសាច់ប្រាក់ អាចទៅបើកប្រាក់ឧបត្ថម្ភរបស់ពួកគាត់បាន “ ។

ការអំពាវនាវរបស់លោក ឈួរ សុបញ្ញា បែបនេះ ដោយសារប៉ុន្មានថ្ងៃមកនេះ មានតំបន់ខ្លះ នៃប្រទេស កម្ពុជា បានចាប់ផ្តើម និង កំពុងរងការលិចលង់ដោយទឹកជំនន់ ដែលជំនន់ទឹកនោះអាចជាឧបសគ្គដល់ប្រជាជនក្នុងការទៅបើកប្រាក់ឧបត្ថម្ភរបស់ពួកគាត់ ដែលជាកត្តានាំឱ្យមានបញ្ហាដល់ជីវភាពរបស់ពួកគាត់ដែលជាអ្នកក្រីក្រ និង ងាយរងគ្រោះស្រាប់ទៅហើយ ។
លោក ឈួរ សុបញ្ញា ក៏បានឱ្យដឹងផងដែរថា លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ( ដែលជាសាមីក្រសួង នៃកម្មវិធីឧបត្ថម្ភសាច់ខាងលើនេះ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ ) បានផ្តល់អនុសាសន៍ឱ្យអ្នកពាក់ព័ន្ធទាំងឡាយ ពិភាក្សាជាមួយភ្នាក់បើកប្រាក់ ( វីង ) ជូនប្រជាជន ធ្វើយ៉ាងណារិះរកមធ្យោបាយបង្ខិតភ្នាក់ងារទាំងនោះឱ្យទៅដល់កាន់តែជិតប្រជាជនអ្នកទទួលផល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបើកសាច់ប្រាក់ឧបត្ថម្ភរបស់ពួកគាត់ ។
គប្បីរំឮកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ហើយបើគិតត្រឹមម៉ោង ៦ និង ០០ នាទីល្ងាចថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ នេះ កម្មវិធីបានចំណាយ ថវិកាអស់ជិត ១០៥ លានដុល្លារអាម៉េរិកហើយ ។
ក៏គប្បីជម្រាបជូនផងដែរថា រាជរដ្ឋាភិបាល នឹងបន្ត
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ រយៈពេល ៣ ខែ តទៅទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ហើយ លោក ឈួរ សុបញ្ញា បានឱ្យដឹងថា រាជរដ្ឋាភិបាល បានត្រៀមថវិកាចំនួន ៣០០ លាន ដុល្លារអាម៉េរិក បន្ថែមទៀត សម្រាប់រយៈពេល ៣ ខាងមុខនោះ ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ មានស្ត្រី និង កុមារដែលជាអ្នកទទួលផលសរុប ១៤១ ៩៨៥ នាក់ ដោយគម្រោងបានចំណាយថិកាអស់ជាង ៧ លាន ដុល្លារអាម៉េរិក ។ ហេតុនេះបើបូកបញ្ចូលគ្នានូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ ខាងលើនេះទៅ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ជាង ១១២ លាន ដុល្លារអាម៉េរិក ហើយ ៕ Kh/Ha





