
ដោយៈប.ខុន/ភ្នំពេញៈ ឥទ្ធិពលព្យះទី១៥ ឈ្មោះលីនហ្វា(LINFA)បានថយ ឥទ្ធិពលមកនៅត្រឹមកម្រិតជាវិសម្ពាធTD នៅលើភាគខាងត្បូងបំផុតនៃប្រទេសឡាវជាប់កម្ពុជា។ ឯវិសម្ពាធTDថ្មីដែលបានដើរឆ្លងផុតប្រទេសហ្វីលីពីនចូលមកក្នុងសមុទ្រចិន ខាងត្បូងកាលពីព្រលប់ថ្ងៃទី១១ខែតុលា បានបង្កើនឥទ្ធិពលនិងវិវត្តទៅជាព្យុះទី១៦ តាមការព្យាករណ៍មានដំណើរកាត់ក្រោមកោះហៃណាំចូលក្នុងឈូងសមុទ្រតុងកឹងមុនទៅដល់តំបន់ឆ្នេរភាគខាងជើងនៃប្រទេសវៀតណាម។
ព្រមពេលជាមួយគ្នានេះសម្ពាធទាបសកម្មមួយទៀតនៅក្នុងសមុទ្រភាគអាគ្នេយ៍នៃប្រទេសហ្វីលីពីនក៏មានដំណើរចូលមកក្នុងសមុទ្រចិន ហើយអាចវិវត្តទៅជាព្យុះថ្មីមួយទៀតមានឥទ្ធិពលដល់កម្ពុជានៅចុងសប្តាហ៍នេះដែរ។
ព្យុះទី១៥បានថយឥទ្ធិពលមកនៅជាវិសម្ពាធ បង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើក្បែរប្រទេសកម្ពុជា ធ្វើឱ្យទឹកទន្លេមេគង្គដែលមានកម្រិតទាបបំផុតនៅក្នុងរដូវវស្សាឆ្នាំ២០២០បានហក់ឡើង នៅចុងរដូវវស្សានេះនិងបង្កឱ្យមានជំនន់នៅលើខេត្តជាច្រើន រួមទាំងភាគខាងត្បូងរបស់រាជធានីភ្នំពេញ៕សរន/Ha

