កូរ៉េខាងជើងរៀបចំពិធីអបអរសាទរទ្រង់ទ្រាយធំនូវខួបលើកទី៧៥នៃការបង្កើតបក្សពលករ

188
ចែករម្លែក

មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានមើលអ្នករបាំ អ្នកហាត់កាយសម្ព័ន្ធ និង អ្នកសម្តែងរាប់ម៉ឺននាក់នៅក្នុងពិធីអបអរសាទរទ្រង់ទ្រាយធំមួយកាលពីថ្ងៃអាទិត្យទី ១១ តុលានៃខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករកាន់អំណាច។

កាសែតរបស់គណបក្ស ឈ្មោះថា Rodong Sinmun បានចុះផ្សាយនៅថ្ងៃចន្ទទី១២តុលានេះនូវរូបថតរបស់លោកគីមអមដោយជំនួយការកំពូលៗនៅតុជប់លៀងដ៏វែងមួយ ដោយគ្រវីដៃទៅកាន់ទស្សនិកជន។

ទូរទស្សន៍រដ្ឋ KCNA បានរាយការណ៍ថា លោកគីមត្រូវបានស្វាគមន៍ដោយសំឡេងទះដៃខ្លាំងៗ នៅពេលដែលគាត់ចូលរួមកាលពីថ្ងៃអាទិត្យសម្រាប់ “ការសម្តែងកាយសម្ព័ន្ធទ្រង់ទ្រាយធំនិងការសម្តែងសិល្បៈដ៏ធំមហិមា គឺ មគ្គុទេសក៍អស្ចារ្យ”។

ព្រឹត្តិការណ៍នេះកើតឡើងមួយថ្ងៃបន្ទាប់ពីព្យុហយាត្រាយោធានៅព្រឹកទៀបភ្លឺមិនធ្លាប់មានពីមុនមកដើម្បីបង្ហាញអាវុធថ្មីមិនធម្មតារបស់ប្រទេសនេះ។

កូរ៉េខាងជើងបានស្តារឡើងវិញនូវអ្វីដែលខ្លួនហៅថា “ការប្រកួតកីឡាទ្រង់ទ្រាយធំ” ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីខកខាន ៥ ឆ្នាំ ដើម្បីបង្ហាញមុខមាត់នៃការចូលរួមជាមួយអន្តរជាតិនិងសន្តិភាព ខណៈបង្កើនរូបិយប័ណ្ណបរទេសដែលត្រូវការចាំបាច់។

ត្បិតមានឈ្មោះជាការប្រកួតកីឡាក៏ពិតមែន ក៏ប៉ុន្តែវាគឺជាការសម្តែងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីអ្នករបាំ អ្នកហាត់កាយសម្ព័ន្ធ អ្នកហាត់ក្បាច់គុន និងអ្នកចម្រៀងរាប់ម៉ឺននាក់ ដែលសម្តែងទស្សនីយភាពឃោសនាការរបស់បក្ស។

KCNA បានរាយការណ៍ថាទង់ជាតិកូរ៉េខាងជើងនិងទង់គណបក្សពលករត្រូវបានដាក់ទៅក្នុងបទភ្លេចជាច្រើនដូចជាបទ “គណបក្សពលករគឺជាមគ្គុទេសក៍របស់យើង” និង “នៅតាមមាគាសង្គមនិយម”។

ការប្រកួតកីឡានេះជាធម្មតាគឺទាក់ទាញភ្ញៀវទេសចរច្រើនណាស់ ដែលភាគច្រើនគឺមកពីប្រទេសចិន ប៉ុន្តែក្រុមសិទិ្ធមនុស្សនិយាយថា ការដាក់បញ្ចូលកុមារសម្តែងរាប់ពាន់នាក់គឺស្មើនឹងការបង្ខំកុមារឱ្យធ្វើពលកម្ម ហើយសក្ខីកម្មដែលប្រមូលបានពីក្រុមអ្នករត់ចោលស្រុក ពិពណ៌នាអំពីរបបនេះបណ្តុះបណ្តាលក្មេងៗយ៉ាងតឹងរ៉ឹង។

ការប្រកួតនេះបានដំណើរការនៅឆ្នាំនេះទោះបីមានការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹងនិងមានវិធានការចត្តាឡីស័កដើម្បីការពារការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏ដោយ។

ក្រុមអ្នកវិភាគនិយាយថាវានឹងធ្វើឱ្យអន្តរាយដល់ប្រទេសឯកោខាងសេដ្ឋកិច្ចនិងនយោបាយមួយនេះ ដែលមិនទាន់មានសេចក្តីរាយការណ៍អំពីករណីកូវីដ១៩នៅឡើយ។

លោកគីមនិងក្រុមមន្ត្រីរបស់គាត់មិនបានពាក់ម៉ាស់នោះទេនៅក្នុងរូបថតរបស់កាសែត Rodong Sinmun នៃព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ៕ ដោយ ៖ កញ្ញាដាលីស

លោកគីមមើលការសម្តែងទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យដើម្បីអបអរការបង្កើតបក្សពលករ

ទីតាំងផ្សាយពាណិជ្ជកម្ម