ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការនាយករដ្ឋមន្ត្រី។បន្ទាប់ពីជំនួបនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣ ដែលក្នុងនោះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនផងដែរ ។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញមកដល់ ប្រទេសកម្ពុជានៅវេលាម៉ោង៥ ល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២០ ។បន្ទាប់ពីបានមកដល់ភ្លាម លោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងសហគមន៍វាសនារួមកម្ពុជា-ចិន នៅសណ្ឋាគារសូហ្វីតែល ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ។
នៅព្រឹកនេះ លោក វ៉ាង យី នឹងជួបចរចាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មុនពេលជួបជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ក្រោយជំនួបលោក វ៉ាង យី ក៏នឹងអញ្ជើញមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងឯកសារសំខាន់០២ទៀតរួមមាន៖ លិខិតប្ដូរសារស្ដីពីការសិក្សាលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនិងលិខិតប្ដូរសារស្ដីពីការសិក្សាលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនិងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ ថ្ងៃពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែតុលា២០២០។លោក វ៉ាង យី គឺជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាមិត្តទី២ហើយដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងអំឡុងពេលវិបត្តិកូវីដកូវីដ១៩ក្នុងឆ្នាំ២០២០នេះ បន្ទាប់ពីលោកម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីខែសីហាកន្លងទៅនេះ។
ក្រសួងការបរទេសកម្ពុជាបានបង្ហាញការកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះនឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជា ប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជានិងចិនក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ១៩ ដែលពុំធ្លាប់ មានពីមុន៕BR/Ha
