ចិនបានប្រកាសកាលពីថ្ងៃអាទិត្យទី១១តុលាថាខ្លួនបានផ្តល់ប្រាក់ចំនួន៩០លានដុល្លារដល់ស្រីលង្កា នៅ២ថ្ងៃបន្ទាប់ពីប្រធានាធិបតីនៃប្រទេសកោះនេះបានស្វះស្វែងរកជំនួយពីគណៈប្រតិភូចិនដែលធ្វើទស្សនកិច្ច ដែលផ្ទុយនឹងការដែលថា គម្រោងធំៗដែលផ្តល់មូលនិធិដោយចិននៅក្នុងប្រទេសនេះគឺជាអន្ទាក់បំណុល។
ដោយហៅជំនួយហិរញ្ញវត្ថុនេះថាជាការផ្តល់ជំនួយទាន់ពេលវេលានោះ ស្ថានទូតចិនប្រចាំនៅទីក្រុងកូឡំបូ បាននិយាយថា វានឹងត្រូវបានប្រើប្រាស់សម្រាប់ការថែទាំសុខភាព ការអប់រំនិង ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទរបស់ប្រទេសស្រីលង្កាហើយថាវានឹងចូលរួមចំណែកដល់សុខុមាលភាពរបស់ស្រីលង្កានៅពេលក្រោយជំងឺកូវីដ១៩។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកោះនៅមហាសមុទ្រឥណ្ឌានេះ កាលពីថ្ងៃសុក្រដោយគណៈប្រតិភូចិនដែលដឹកនាំដោយ លោកយ៉ាង យីជិ សមាជិកការិយាល័យបក្សកុម្មុយនិស្តនិងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស។
ក្នុងជំនួបពិភាក្សាជាមួយ លោកយ៉ាង យីជិ ប្រធានាធិបតីស្រីលង្កា បានស្នើឱ្យចិនជួយលោក។
ចិនបានចាត់ទុកប្រទេសស្រីលង្កា គឺជាខ្សែតភ្ជាប់ដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធពិភពលោក ” ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ដ៏ធំរបស់ខ្លួននិងបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់គម្រោងស្រីលង្កាអស់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ គម្រោងទាំងនោះ គឺរួមទាំងការកសាងកំពង់ផែសមុទ្រ អាកាសយានដ្ឋាន កំពង់ផែក្រុង ផ្លូវធំ និងស្ថានីយថាមពល៕ប្រែសម្រួល៖សុខា/sn

លោក យ៉ាង យីជិ (រូបឆ្វេង) ធ្វើជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីសីលង្កា(រូបស្តាំ)នៅទីក្រុងកូឡុំបូ កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២០