ដោយ: ប.ខុន / ភ្នំពេញ: ឥទ្ធិពលព្យះទី១៥ ឈ្មោះ លីនហ្វា (LINFA) បានថយឥទ្ធិពលមកនៅត្រឹមកម្រិតជាវិសម្ពាធ TD នៅលើភាគខាងត្បូងបំផុត នៃប្រទេសឡាវជាប់កម្ពុជា។ ឯវិសម្ពាធTDថ្មី ដែលបានដើរឆ្លងផុតប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង កាលពីព្រលប់ថ្ងៃទី១១ខែតុលា បានបង្កើនឥទ្ធិពលនិងវិវត្តទៅជាព្យុះទី១៦ តាមការព្យាករមានដំណើរកាត់ក្រោមកោះហៃណាំ ចូលក្នុងឈូងសមុទ្រតុងកឹង មុនទៅដល់តំបន់ឆ្នេរភាគខាងជើង នៃប្រទេសវៀតណាម។

ព្រមពេលជាមួយគ្នានេះ សម្ពាធទាបសកម្មមួយទៀត នៅក្នុងសមុទ្រភាគអគ្នេយ៍ នៃប្រទេសហ្វីលីពីន ក៏មានដំណើរចូលមកក្នុងសមុទ្រចិន ហើយអាចវិវត្តទៅជាព្យុះថ្មីមួយ ទៀតមានឥទ្ធិពលដល់កម្ពុជានៅចុងសប្តាហ៍នេះដែរ។
ព្យុះទី១៥ បានថយឥទ្ធិពលមកនៅជាវិសម្ពាធ បង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាងទន្លេមេគង្គលើ ក្បែរប្រទេសកម្ពុជា ធ្វើឱ្យទឹកទន្លេមេគង្គដែលមានកម្រិតទាបបំផុតនៅក្នុងរដូវវស្សាឆ្នាំ២០២០ បានហក់ឡើង នៅចុងរដូវវស្សានេះ និងបង្កឱ្យមានជំនន់នៅលើខេត្តជាច្រើនរួមទាំងភាគខាងត្បូងរបស់រាជធានីភ្នំពេញដែរផង៕ ល

