ដោយ: គ្រញូង / បាត់ដំបង: លោក នូ ប៊ុនយ៉ាង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកបវេល បានឲ្យដឹងថា នៅយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២០ បានចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុកចុះសង្គ្រោះប្រជាពលរដ្ឋនៅចំណុចភូមិតាគត់ឃុំក្តុលតាហែនចំនួន១៣នាក់ កុមារ ៥នាក់ និងភូមិឃ្លាំងឃុំឃ្លាំងមាសចំនួន១០នាក់ និងកុមារ ៥នាក់ ដែលបានកំពុងជាប់នឹងគេហដ្ឋានតាមដងស្ទឹងមង្គលបូរី។

លោកអភិបាលស្រុកបានបញ្ជាក់ថា សម្រាប់ការសង្គ្រោះនេះ ក្រុមការងារប្រើប្រាស់ពេលវេលា៩ម៉ោង ដោយសារភ្លៀងធ្លាក់ខ្លាំងពេកនិងល្បឿនទឹកហូរខ្លាំង។ លោក នូ ប៊ុនយ៉ាង បានបន្តថា ការជម្លៀសប្រជាពល
រដ្ឋសរុបនៅឃុំក្តុលតាហែនមានចំនួន ៨១គ្រួសារ គិតមកត្រឹមពេលប្រតិបត្តិការសង្គ្រោះចប់បានទៅកាន់ទីទួលមានសុវត្ថិភាព។
លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ដោយឡែកនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលស្រុកបវេល បានទទួលទូកម៉ាស៊ីនចំនួន៥គ្រឿង និងកម្លាំងរបស់ទីបញ្ជាការដ្ឋានកងទ័ពពិសេសចំនួន១៨នាក់ ដើម្បីចុះអន្តរាគមន៍លើឃុំមានឃុំក្តុលតាហែន ឃុំព្រៃខ្ពស់ និងឃុំល្វា។ ចំពោះស្ថានភាពទឹកមានការកើនឡើងនៅឃុំក្តុលតាហែន ឃុំបវេល និងព្រៃខ្ពស់។ ក្រុមការងារកំពុងចុះធ្វើការអន្តរាគមន៍សង្គ្រោះលើគោលដៅសំខាន់ៗ៕ ល/Ha