Home ព័ត៌មានជាតិ នយោបាយ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​ចិន ជួប​ជាមួយ​បណ្ដា​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៃ​កម្ពុជា​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅវេលា​ម៉ោង ៩​និង​២៥​នាទី​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍ នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់ពី​ទស្សនា​ពិព័រណ៍​រួចរាល់ នៅវេលា​ម៉ោង ៩​និង​៣០​នាទី លោក វ៉ាង យី និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រជុំ​ចង្អៀត ហើយ​បន្ទាប់មក នៅវេលា​ម៉ោង ១០​និង​១៥​នាទី លោក វ៉ាង យី និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រជុំ​រួម ។

លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​លោក ប្រាក់ សុខុន បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍ នៅ​ក្រសួងការបរទេស

​នៅវេលា​ម៉ោង ១១ ព្រឹក លោក វ៉ាង យី ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបប្រជុំ​ការងារ ជាមួយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ល្ងាច ថ្ងៃទី​១១ ខែតុលា ២០២០ ។​

​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើង​ថាៈ ការប្រើប្រាស់​ឥណទាន​សម្បទាន (Loan) និង​ហិរញ្ញប្បទាន​ឥត​សំណង (Grant) សម្រាប់​បេក្ខភាព​គម្រោង​អាទិភាព ឆ្នាំ​២០២០ ដើម្បី​អនុវត្ត​គម្រោង ចំនួន​៨ រួមមានៈ -​គម្រោង​ត្រៀម​ចុះហត្ថលេខា មានៈ គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​កក្រោម​បាតសមុទ្រ ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង​។ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 71C ។ គម្រោង​ខ្សែ​បញ្ជូនអគ្គិសនី​ជនបទ ជំហាន​ទី​៧ ។ គម្រោង​ជំរុញផលិក​ម្ម​ស្រូវ និង​នាំចេញ​អង្ករ​។ -​គម្រោង​ដែល​កំពុង​រៀបចំ​មានៈ គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់ ស្ទឹង​ព្រែក​ត្នោត​។ គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ លេខ​៤១ លេខ​៣៣ និង​លេខ​៣១​។​

លោក ហោ ណាំហហុង ស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះលោក វ៉ាង យី

ក្នុងឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស្នើ​មិត្ត​ចិន​ជួយ​ដោះស្រាយបញ្ហា​ផ្ដាច់មុខ របស់​ក្រុមហ៊ុន COFCO របស់​ចិន ដែលជា​របាំងសម្រាប់​ការនាំ​ចូលអង្ករ​កម្ពុជា ដែលមាន​ចំនួន ៤០០.០០០ តោន​។ លោកឧបនាយករដ្ឋមន្ត្រី បាន​លើក​ទៀតថាៈ ភាគី​មិត្ត​ចិន បាន​យល់ព្រម​ទិញ​ស្វាយ (​ដែល​បាន​ចុះអនុស្សរណៈ​រួចហើយ​) និង​ត្រី ទៅ​ប្រទេស​ចិន ស្នើ​ជំរុញ​ការនាំ​ចូលឲ្យ​បាន​ឆាប់​។​

​ឆ្លៀតឱកាស​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​ថាៈ កន្លងមក មិត្ត​ចិន​បាន​ទិញ​កសិផល​យើងបាន​ច្រើន​មួយចំនួន​ហើយ ដូចជា ចេក ស្វាយ ដំឡូង​មី កៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម លោក​ក៏បាន​ស្នើ​មិត្ត​ចិន ជួយ​ទិញ​ឲ្យ​បាន​ច្រើន​ថែមទៀត ព្រមទាំង​ស្នើ​ឲ្យ​មិត្ត​ចិន​ជួយ​ទិញៈ ម្រេច ទុរេន ស្ករស ផ្លែ​តា​ង៉ែ​ន ។​ល​។ លើសពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ស្នើ​ភាគី​មិត្ត​ចិនពិនិត្យ​លទ្ធភាព​លើកទឹកចិត្ត ដល់​វិនិយោគិន​ចិន ក្នុង​ការផ្ទេរ​រោងចក្រ​ពីប្រទេស​ចិន មក​ប្រទេស​កម្ពុជា ឲ្យ​បាន​ច្រើន ស្របតាម​គោលនយោបាយ​ជាតិ អភិវឌ្ឍន៍​កសិកម្ម​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកពី​ករណី​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវការ បានស្នើ​ភាគី​មិត្ត​ចិន ផ្តល់​វ៉ាក់សាំង​នេះ ជា​អំណោយដល់​ប្រទេស​កម្ពុជា​។​

លោក ហោ ណាំហហុង និងលោក វ៉ាង យី

​លោក វ៉ាង យី បាន​លើក​ជាអាទិ៍ ដូចតទៅ រដ្ឋាភិបាល និង​ប្រជាជន​ចិន ចងចាំ​មិន​ភ្លេច​នូវដំណើរ​ទស្សនកិច្ច​រប​ស់សម្ដេច​តេ​ជោ កាលពី​ខែកុម្ភៈ​កន្លងមក​។​
​ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺ​ដោយសារ​សម្ដេច​តេ​ជោ និង​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ខិតខំកន្លងមក​។ ក្រោយ​កូ​វីដ​-១៩ ចិននិង​កម្ពុជា នឹង​រៀបចំ​ផែនការអភិវឌ្ឍន៍​រួមគ្នា​។ វិនិយោគ​ចិននៅ​កម្ពុជា មិនបាន​ប៉ះពាល់ ដោយ​កូ​វីដ​-១៩ ទេ តែ​កាន់​តែមាន​ច្រើន​។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

​ភាគី​មិត្ត​ចិន បានប្រគល់​នូវកំណត់​ទូត អំពី​ជំនួយឥតសំណង សម្រាប់​គម្រោង​ប្រញាប់ ក្នុងការ​អភិវឌ្ឍ​កម្ពុជា ដែលមាន​ទឹកប្រាក់ ចំនួន ៩៥០ លាន​យាន់ (​ប្រហែល ១៤០ លាន​ដុល្លារ​)​។ ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​-១៩ ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​កម្ពុជា ជា​មិត្ត​ដែកថែប ព្រមទាំង​សន្យា​នាំចូលកសិផល​កម្ពុជាថែមទៀត ដែលមាន​គុណភាព តាម​សំណើ​របស់​កម្ពុជា​។ ចិន​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ផ្សេងៗ​ទៀត​។ ចិន​បាន​ផ្ដួចផ្ដើម​គំនិត ការពារ​សុវត្ថិភាព​ទិន្នន័យ ឌីជីថល ស្នើឲ្យកម្ពុជា​គាំទ្រ​។​

​លោក វ៉ាង យី ក៏បាន​លើកសរសើរ សម្ដេច​តេ​ជោ ដែល​បាន​ទប់ស្កាត់​កូ​វីដ​-១៩ បាន​ជោគជ័យ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ឆ្លើយថាៈ កម្ពុជានិង​ចិន បានទទួល​ជោគជ័យ​រួម ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ។ មុន​បញ្ចប់ លោក វ៉ាង យី បានលើកឡើង​ថាៈ លោក​ឧបនាយករដ្ឋមន្ត្រី ជា​មិត្ត​ចាស់​របស់​ចិន ជា​អ្នកការទូត និង​ជា​អ្នកនយោបាយ​ជើងចាស់ ដែល​គាត់​សុំ​រៀនសូត្រ​តាម ៕​/V/Ha

លោក ហោ ណាំហុង និងលោក វ៉ាង យី ប្រជុំរួម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular