បញ្ញវន្ត​សង្ឃៈ ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ ប៉ះពាល់​កិត្តិយស ជាតិ និង ព្រះពុទ្ធសាសនា

109
ចែករម្លែក

ដោយៈ មេសា/ភ្នំពេញៈ នាឱកាស​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខដល់ រស្មី​កម្ពុជា នា​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ នេះ ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បិណ្ឌ​បាត្រ​ដល់​អ្នកពាក់ព័ន្ធ​នឹង​បុណ្យកឋិន ឱ្យ​ទុកដាក់​សំរាម ថា “ សូម​ពុទ្ធបរិស័ទ ទាំង​ម្ចាស់ នៃកឋិនទាន ទាំង​អ្នក​ទៅ​ចូលរួម​ពិធីបុណ្យ​កឋិនទាន មេត្តា​គិតគូរ​យកចិត្ត​យកចិត្តទុកដាក់​សំរាម ឱ្យមាន​សណ្តាប់ធ្នាប់ ចៀសវាង​ការ​ចោល​សំរាម​ពាសវាល​ពាសកាល ខូច​សោភ័ណភាព សុខភាព និង បរិស្ថាន ហើយក៏​ថែមទាំង​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ព្រះពុទ្ធ​ពុទ្ធសាសនា និង កិត្តិយស​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ទៀតផង “ ។

ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ( រូបៈ មេសា )


​ជា​ការណ៍​ពិតណាស់ថា កន្លងមក ក្រោយពី ពិធីបុណ្យ​ទាន​នានា មានបុណ្យ​កឋិនទាន នេះ​ជាដើម គេ​ឃើញ​មាន​នៅសល់​សំរាម​ពាសពេញ​ពេញ​វត្ត ស្អុយរលួយ ជះក្លិន​អសោច​គួរ​ជាទី​រង្កៀស​ចិត្ត​ក្រៃលែង គឺជា​ទិដ្ឋភាព​មួយ​ដែល​ផ្ទុយ​ទាំងស្រុង​ពី​ការអប់រំ​របស់​ព្រះពុទ្ធសាសនា ដ្បិត​ព្រះពុទ្ធសាសនា ដែល​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​ថា ជា​សាសនា​បរិស្ថាន ព្រោះ​ព្រះពុទ្ធសាសនា បង្រៀន​ប្រៀនប្រដៅ​បរិស័ទ​របស់ខ្លួន​ឱ្យ​ស្រឡាញ់ ថែរក្សា​ការពារ​បរិស្ថាន ធម្មជាតិ ដោយ​ប្រការ និង គំរូ​នានា​ជាច្រើន ដែលជា​សរុបទៅ ការ​ចោល​សំរាម​ពាសវាល​ពាសកាល គឺជា​ទង្វើ​មិន​ស័ក្តិ​សមជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ឡើយ ។ ហេតុនេះ ការ​បិណ្ឌ​បាត្រ​របស់​ព្រះមហា​សមណៈ សឿ ហេង ខាងលើនេះ មិនមែន​ដោយ​ចៃដន្យ​ឡើយ ។​


​ពាក់ព័ន្ធ​បញ្ហា​កិត្តិយស​របស់​ប្រទេសជាតិ​វិញ ព្រះ​ភិក្ខុ សឿ ហេង បាន​ពន្យល់ថា ការ​ចោល​សំរាមឥត​សណ្តាប់ធ្នាប់ ( ជាពិសេស​ក្រោយពេល​បុណ្យ​នានា មានបុណ្យ​កឋិនទាន ជាដើម ) លាយឡំ​ដោយ​ក្លិនស្អុយ ឆ្អេះឆ្អាប ( នៃទឹកនោម និង លាមក ដែល​បន្សល់ទុក​ក្រោយពេល​បុណ្យទាន​នានា ) បង្ហាញ​នូវ​ភាពខ្វះ​ការយល់ដឹង ខ្វះ​ការអប់រំ ខ្វះ​ទំនួល​ខុសត្រូវ ខ្វះ​ការគិតគូរ ខ្វះ​ការពិចារណា ខ្វះ​គុណធម៌ សីលធម៌ សុជីវធម៌ ឬ ក៏​អាច​និយាយ​ម្យ៉ាង​ទៀតថា គុណធម៌ សីលធម៌ ទំនួល​ខុសត្រូវ នៃ បរិស័ទ និង សមាសភាព ( ប្រជាជន​) នៃសង្គម​នោះ នៅមាន​ក​ម្រឹត​ទាប និង ខ្វះ​វិធានការ​មាន​ប្រសិទ្ធភាព របស់​ប្រជាជន និង អ្នកពាក់ព័ន្ធ​នៅក្នុង​សង្គម​មួយ ។​


​ក្នុងន័យនេះ ព្រះ​ភិក្ខុ សឿ ហេង ទទួលស្គាល់ថា នៅក្នុង​ពិធី​បុណ្យទាន​នានា ដូចជា​បុណ្យ​ក កឋិនទាន នីមួយៗ មាន​មនុស្ស​ច្រើន​ចូលរួម ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត ប្រាកដជា​មិនអាច​មើល​គ្រប់​ជ្រុងជ្រោយ ( ដែល​បានសេចក្តីថា អ្នកចូលរួម​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្លួន​ឯ​ខ្ពស់ ហើយ​បែបនេះ គឺជា​អ្វីដែល​ប្រជាជាតិ​ជឿនលឿន​បានធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​រួចទៅហើយ ) វត្ត​អារាម ត្រូវមាន​វិធាន​ការឱ្យ​ប្រាកដថា អាច​គ្រប់គ្រង​សំរាម​បាន ដូច​ជាមាន​ធុងសំរាម គ្រប់គ្រាន់ ចាត់​ឱ្យមាន​កន្លែង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចំណែក​ទាំង​អ្នក​ដែល​ទៅធ្វើ​បុណ្យ ទៅ​ចូលរួម​សប្បាយ​នឹង​បុណ្យ នៅក្នុង​វត្ត​អារាម ដោយ​រួមទាំង​អ្នកលក់ដូរ​នំ ចំណី និង ភេ​សជ្ជៈ​នានា​ផង ត្រូវមាន​ស្មារតី​ទំនួល​ខុសត្រូវ ចំពោះ​សំរាម​របស់ខ្លួន សូម្បីតែ​ថង់​មួយ ដប​ទឹក​មួយ កំប៉ុង​ភេសជ្ជៈ​មួយ ឬ សម្បក​ផ្លែឈើ ត្រូវ​វេច​ខ្ចប់ ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ កុំ​គិតថា ជា​របស់​តូចតាច បោះចោល​ទីណា​ក៏បាន វា​នឹងមិន​ប៉ះពាល់​ធ្វី​ធំដុំ​ឱ្យសោះ ។​


​ទីទៃ​ពីនេះ​ទៅ គេ​បានឃើញ​ជារឿយៗ​ថា ពុទ្ធបរិស័ទ​ខ្លះ បន្ទាប់ពី​បានធ្វើ​បុណ្យ​កឋិនទានទៅ ក៏បាន​នាំគ្នា​ទៅ​កម្សាន្ត​នៅ​ទី​រមណីយដ្ឋាន​នានា ហេតុនេះ​ការ​ទុកដាក់​សំរាម​ក្នុង​បរិបទ​នោះ ក៏ត្រូវ​តែមាន​សណ្តាប់ធ្នាប់ ប្រកបដោយ​ស្មារតី​ទំនួល​ខុសត្រូវ សេចក្តីថ្លៃថ្នូរ ស្រឡាញ់​បរិស្ថាន ស្រឡាញ់​សោភ័ណភាព និង សុខភាព​ដែរ ៕ Kh/Ha

ការ​ទុកដាក់​សំរាម​មិនមាន​សណ្តាប់ធ្នាប់ មិនមែន​ប៉ះពាល់​តែ​សុខភាព សោភណភាព និង បិ​រ​ស្ថាន​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​នោះៗ​ផងដែរ ( រូបៈ មេសា និង អ៊ី​ន​ធឺ​ណេ​ត )

ទីតាំងផ្សាយពាណិជ្ជកម្ម