Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹក​លិច​ភ្នំព...

ទឹក​លិច​ភ្នំពេញ បន្ទាប់ពី​មាន​ភ្លៀង លើសពី ១០០ មី​លី​ម៉ែត្រ ច្រើន​កន្លែង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ រាជធានី​ភ្នំពេញ បាន​រង​ការលិចលង់ យ៉ាងធ្ងន់ធ្ងរ នៅ​ផ្នែក​ខ្លះ កាលពី​ល្ងាច ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា មាន​កម្រិត​ចាប់ពី ៥០ មី​លី​ម៉ែត្រ ដល់​ជាង ១០០ មី​លី​ម៉ែត្រ​។ ចំណែក​ស្ថានភាព​ទឹកជំនន់ នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ បាន​ធូរស្រាល​បន្តិច​វិញ​ហើយ នៅ​ថ្ងៃទី​១២ ខែតុលា នេះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១២ តុលា នេះ​ថាៈ ភ្លៀង​ធ្លាក់ លើ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ បង្កឱ្យមាន​ការលិចលង់ ធ្ងន់ធ្ងរ​នៅ​ផ្នែក​ខ្លះ កាលពី​ល្ងាច ថ្ងៃទី​១១ តុលា កើតឡើង បន្ទាប់ពី​មាន​បរិមាណ​ទឹកភ្លៀង ធ្លាក់​នៅ​ស្ថានីយ៍ មន្ទីរ (​ជិត​ផ្សារ​ដើម​គរ​) ១០៨ មី​លី​ម៉ែត្រ , បឹង​ធំ ៩៤,៥ មី​លី​ម៉ែត្រ , សាក់​សំពៅ ៥០,៦ មី លី​ម៉ែត្រ​, ចាក់អង្រែ ១១២,៥ មី​លី​ម៉ែត្រ​, ទួល​សង្កែ ៩៩ មី​លី​ម៉ែត្រ​, សែន​សុខ ៦៤,២ មី​លី​ម៉ែត្រ និង​នៅ​ចោមចៅ ៩៧ មី​លី​ម៉ែត្រ រួចមក​។​

​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ស្ថានភាព​ជំនន់ ទឹកស្ទឹង​សង្កែ នៅ​ខេត្តបាត់ដំបង បាន​ធូរស្រាល​បន្តិច​វិញ​ហើយ នៅ​ព្រឹក​នេះ គឺ​ទឹកបាន​ស្រក​ចុះ​តិចៗ តែ​ជា​លំដាប់ ។ ឯ​នៅ​ខេត្តពោធិ៍សាត់ ក៏មាន​ភាព​ធូរស្រាល មកវិញ​ដែរ​។​

​លោក ឡុង ផល្គុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១២ តុលា នេះដែរ​ថាៈ ទឹកស្ទឹង​សង្កែ ចាប់ផ្តើម ស្រក​ចុះ បន្ទាប់ពី​យើង (​ផល្គុណ​) បន្ថយ​ការបញ្ចេញ​ទឹក ពី​អាង​សេក​សក ។ តែ​នៅ​ស្រុក​មួយចំនួន មិនទាន់​ស្រក​នៅ​ឡើង​ទេ ។ ជំនន់​ទឹកភ្លៀង ដែល​បាន​កើតមាន ពីថ្ងៃ​ទី​៦ និង​ចាប់ផ្តើម​ខ្លាំង នៅ​ថ្ងៃទី​៩ ខែតុលា បាន​បណ្ដាលឱ្យ លិច​លង់ដល់​ផ្នែក​ខ្លះ នៃ​ស្រុក និង​ក្រុង ទាំង ១៤ នៅ​ទូទាំង​ខេត្ត​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular