បញ្ជូនថៅកែហាងនំប៉ាវម្នាក់ ដែលប្រើហិង្សាលើកម្មករបណ្តាលឲ្យរងរបួសធ្ងន់ និងចាក់សោរបង្ខាំងក្នុងបន្ទប់មក តុលាការ

158
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញៈ ថៅកែហាងនំប៉ាវម្នាក់ ដែលយកកាំបិតប៉័ងតោទះក្បាលកម្មកររបស់ខ្លួន បណ្តាលរងរបួសធ្ងន់ និង ចាក់សោរបង្ខាំងក្នុងបន្ទប់ ថែមទៀតនោះបានត្រូវនគរបាលខណ្ឌដង្កោបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។

ការបញ្ជូនមកតុលាការនេះគឹកើតឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនថៅកែហាងរូបនេះរួចបានដោះលែងអោយមានសេរីភាព វិញ ក្រោមហេតុផលសម្របសម្រួលគ្នាបញ្ចប់រឿង។

ថៅកែហាងនំប៉ាវរូបនេះ ឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ  មានទីលំនៅផ្ទះលេខ២៤០+២៤២ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ៣៧ឆ្នាំ  មានទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុម ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករដឹកនំប៉ាវ ។

គួររំលឹកថា អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបញ្ជាក់ ថា នៅមុនពេលកើតហេតុ កាលពីទៀបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីផ្ទះជួលរបស់ខ្លួន ទៅធ្វើការជាកម្មករ ដឹកនំប៉ាវនៅផ្ទះថៅកែឈ្មោះ សៀវ ទី ដូចសព្វដង ដោយថៅកែបានប្រើអោយជនរងគ្រោះ យកនំប៉ាវចំនួន២៦កេសដាក់លើរ៉ឺម៉ក ដើម្បីដឹកអោយភ្ញៀវនៅផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ៤ ជាមួយគាត់ ។ លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៣៖២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ថៅកែ បានហៅជនរងគ្រោះចូលក្នុងផ្ទះកន្លែងតុគិតលុយ រួចថៅកែបានយកបញ្ជី ដែលភ្ញៀវជំពាក់មកសួរជនរងគ្រោះ ហើយថៅកែបាននិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់៤កេស តែជនរងគ្រោះនិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់តែ៣កេសទេ ។

គ្រាន់តែសម្តីបែបនេះ សោះ ស្រាប់តែថៅកែ និយាយថា «ជនរងគ្រោះនិយាយឈ្លើយបង្កជាទំនាស់ពាក្យសម្តី ទើបថៅកែដើរទៅយកសោរចាក់ទ្វារផ្ទះ រួចក៏ដើរទៅផ្ទះបាយ យកកាំបិតប៉័ងតោ កាន់នៅនឹងដៃខាងស្តាំ ដើរសំដៅមកជនរងគ្រោះ រួចធាក់ផង ច្រចាច់ក ផង និង យកកាំបិតប៉័ងតោ មកទះមុខរបស់ជនរងគ្រោះ៤ទៅ៥កាំបិត ទៀតផង ។ ប៉ុន្តែជនរងគ្រោះយកដៃរង ហើយថៅកែក៏ដើរទៅអង្គុយ នៅតុវិញ រួចគាត់ក៏បានស្រែកសម្លុតអោយជនរងគ្រោះ ទៅអង្គុយលើគ្រែ ។ ពេលនោះថៅកែបានយកឧបករណ៍ផ្តាច់បារី គប់មកលើកម្មករចំដៃខាងឆ្វេង ហើយគាត់ក៏ងើបឡើងកាន់កាំបិតប៉័ងតោ មកទះ និងកាប់ក្បាលជនរងគ្រោះ បណ្តាលបែកក្បាលផ្នែកខាងមុខ ប៉ោងក្បាល ផ្នែកខាងក្រោយ និងហើមលើខ្នងដៃខាងស្តាំ និងប្រអប់ដៃទាំងសងខាង ថែមទាំងឃុំជនរងគ្រោះនៅក្នុងផ្ទះ ទៀតផង ។

លុះដល់វេលាម៉ោង៤៖១០នាទីរសៀល ទើបថៅកែហាងនំប៉ាវ បានចាក់សោរ អោយជនរងគ្រោះចេញពីផ្ទះ ហើយជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តែម្តង ។ បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព៍តមាន នៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០  ថា «រឿងនេះខាងជនសង្ស័យនិងជនរងគ្រោះបានសម្របសម្រួលគ្នាចប់ហើយ»៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម