ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិត្រឡប់ពីតំបន់អាក់ទិកវិញពាំនាំមកនូវទិន្នន័យអាកាសធាតុច្រើនមហាសាល

287
ចែករម្លែក

នាវាដឹកអ្នកវិទ្យាសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិរយៈពេលមួយឆ្នាំពេញដើម្បីសិក្សាអំពីតំបន់អាក់ទិកខ្ពស់ បានវិលត្រឡប់ទៅកំពង់ផែរបស់វាវិញនៅប្រទេសអាល្លឺម៉ង់ ដោយពាំនាំមកនូវទិន្នន័យយ៉ាងច្រើនមហាសាល ដែលនឹងជួយអ្នកស្រាវជ្រាវទស្សន៍ទាយអំពីការផ្លាស់ប្តូរអាកាសធាតុបានល្អប្រសើរនៅក្នុងទសវត្សរ៍ខាងមុខ។

នៅថ្ងៃចន្ទទី១២តុលានេះ នាវាបំបែកទឹកកក RV Polarstern បានទៅដល់កំពង់ផែ Bremerhaven នៅសមុទ្រខាងជើងពីកន្លែងដែលនាវាបានចាកចេញជាងមួយឆ្នាំមុន ដើម្បីជួបនឹងអាកាសធាតុត្រជាក់និងខ្លាឃ្មុំតំបន់ប៉ូល ប៉ុន្តែមិនមែនដើម្បីជួបការបិទប្រទេសនានាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលប៊ិះតែធ្វើឱ្យខកខានបេសកកម្មពាក់កណ្តាលផ្លូវទៅហើយនោះទេ។

មេដឹកនាំនៃបេសកកម្មនេះគឺលោក ម៉ាគូស រិច បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press តាមទូរស័ព្ទផ្កាយរណបថា “យើងបានសម្រេចនូវអ្វីគ្រប់យ៉ាងដែលយើងបានគ្រោងធ្វើឡើង។ យើងបានធ្វើការវាស់វែងរយៈពេលពេញមួយឆ្នាំដោយសម្រាកតែរយៈពេលខ្លីប៉ុណ្ណោះ”។

លោកបាននិយាយថា នាវាត្រូវចាកចេញពីទីតាំងរបស់ខ្លួននៅចុងភាគខាងជើងអស់រយៈពេល ៣ សប្តាហ៍នៅក្នុងខែឧសភាដើម្បីប្រមូលគ្រឿងផ្គត់ផ្គង់និងប្តូរវេនសមាជិកក្រុម បន្ទាប់ពីការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដបានរំខានដល់ផែនការធ្វើដំណើរដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្នប៉ុន្តែនោះមិនបង្កបញ្ហាគួរឱ្យកត់សម្គាល់ដល់បេសកកម្មនោះទេ។

លោករិច ជាអ្នកវិទ្យាសាស្រ្តបរិយាកាសនៅវិទ្យាស្ថាន Alfred Wegener សម្រាប់ស្រាវជ្រាវតំបន់ប៉ូលនិងមហាសមុទ្រអាល្លឺម៉ង់បាននិយាយថា “យើងកំពុងពាំនាំមកវិញនូវទិន្នន័យច្រើនអនេករួមជាមួយសំណាកនៃស្នូលទឹកកក ព្រិល និង ទឹករាប់មិនអស់”។

អ្នកវិទ្យាសាស្ត្រជាង ៣០០ នាក់មកពី ២០ ប្រទេសរួមទាំងចក្រភពអង់គ្លេសអាម៉េរិកបារាំងរុស្ស៊ីនិងចិនបានចូលរួមក្នុងបេសកកម្មតម្លៃ ១៥០ លានអឺរ៉ូដើម្បីវាស់ស្ទង់លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ដាច់ស្រយាលមួយនិងជាកន្លែងត្រជាក់បំផុតរបស់ភពផែនដីពេញមួយឆ្នាំ។

ព័ត៌មានភាគច្រើននឹងត្រូវប្រើដើម្បីកែលម្អប៉ាន់គំរូរបស់អ្នកវិទ្យាសាស្ត្រអំពីការឡើងកម្តៅពិភពលោកជាពិសេសនៅតំបន់អាក់ទិក កន្លែងដែលការផ្លាស់ប្តូរបានកើតឡើងក្នុងល្បឿនលឿនជាងកន្លែងផ្សេងទៀតនៅលើភពផែនដី៕ ដោយ ៖ កញ្ញាដាលីស

នាវាបំបែកទឹកកក RV Polarstern បានទៅដល់កំពង់ផែ Bremerhaven នៅថ្ងៃចន្ទនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម