
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ជំនួយក៏ដូចជាកម្ចីឥណទានសម្បទានរបស់ប្រទេសចិនមកកម្ពុជាបានរួមចំណែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ រដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះសមានចិត្តដ៏ល្អរបស់ប្រទេសចិន។ សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែផ្តល់នូវសេវាសុខាភិបាលថ្វាយព្រះមហាក្សកម្ពុជា និងសម្តេចម៉ែ។
ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំចង្អៀតជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។

លោក វ៉ាង យី ទីប្រឹក្សរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញទស្សនាពិពណ៍រូបភាពនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា។ បន្ទាប់ពីទស្សនាពិព័រណ៌រួចរាល់ លោកវ៉ាង យី និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងដឹកនាំកិច្ចប្រជុំចង្អៀត។ បន្ទាប់ពីប្រជុំចង្អៀតចប់ លោកវ៉ាង យី និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំរួម។
បន្ទាប់ពីជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លោកវ៉ាង យី ចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា គម្រោងផ្សេងៗទ្វេភាគីរវាងកម្ពុជា ចិន នៅតែបន្ត ហើយនៅថ្ងៃនេះ នឹងមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន ដែលជាជំហានថ្មីមួយនៅក្នុងការជម្រុញទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា កន្លងទៅជំនួយក៏ដូចជាកម្ចីឥណទាន សម្បទានរបស់ប្រទេសចិនមកកម្ពុជាបានរួមចំណែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះសមានចិត្តដ៏ល្អរបស់ប្រទេសចិន។ ហើយសូមអំណរគុណដល់រដ្ឋាភិបាលចិនដែលតែងតែផ្តល់នូវសេវាសុខាភិបាលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ។
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែននឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននិងឯកសារសំខាន់ពីរទៀតរួមមានលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកវ៉ាងយីមកកាន់កម្ពុជាលើកនេះនឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់សាមគ្គីភាព ភាតរភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជានិងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕សរន