បន់ស្រន់ឱ្យអ្នកដែលឆ្លងកូវីដ១៩ឆាប់បានជាសះស្បើយនិង អំពាវ នាវបញ្ឈប់ការស្រាវជ្រាវអាវុធជីវសាស្ត្រ

175
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ប្រជាពលរដ្ឋមួយក្រុម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី១១ ខែតុលា បានធ្វើកម្មវីធីជួបជុំគ្នាមួយក្រោមប្រធានបទ“ យកចិត្តទុកដាក់លើជីវិត និង សុខភាពនិងប្រឆាំងនឹងការស្រាវ​ជ្រាវជីវសាស្ត្រ”។

គោលបំណងនៃការរៀបចំកម្មវីធីនេះឡើងគឺជូនពរឱ្យអ្នកដែលឆ្លងជំងឺកូវីដ១៩ទាំងអស់ឆាប់បានជាសះស្បើយ និងសង្ឃឹមថានឹងបញ្ឈប់ការស្រាវជ្រាវអាវុធជីវសាស្ត្រ ដើម្បីជា ប្រយោជន៍ដល់សុខភាពមនុស្សទូទាំងសកលលោក។

អ្នកដែលចូលរួមក្នុងការជួបជុំគ្នានេះមកពីគ្រប់មជ្ឈដ្ឋានក្នុងទីក្រុងភ្នំពេញ ពួកគេបាន ចូល រួមកម្មវិធីនេះតាមរយៈព័ត៌មានដែលបាន ផ្សព្វផ្សាយតាមបណ្តាញសង្គមមួយ ចំនួន។

តំណាងអ្នកចូលរួមម្នាក់បានអានសេចក្តីប្រកាសមួយថាការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-១៩)ក្នុងឆ្នាំ២០២០នេះ បានសាយភាយពាសពេញពិភពលោកហើយ បានបង្ករការប៉ះពាល់ដល់ជីវិតមនុស្ស សេដ្ឋកិច្ចស្ទើរតែជិតដួលរលំ ការរស់នៅរបស់​ប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារត្រូវបានបំផ្លាញ និងប្រជាជនរាប់ពាន់រាប់ម៉ឺន​នាក់​បានបាត់បង់ការងារដោយមិនអាចប្រកបការងារតាមធម្មតាបាន។យើងអាចមើល​ឃើញ​ចំនួនករណីដែលបានឆ្លងជំងឺកូវីដ១៩មានការកើនឡើងជារៀងរាល់ថ្ងៃ ។

ចំណែកឯស្ថានភាពរាតត្បាតនៃជំងឺនេះនៅប្រទេសកម្ពុជាវិញ ថ្វីត្បិតតែត្រូវ​បានគ្រប់​គ្រង​និងមានស្ថិរភាព ប៉ុន្តែចាប់ពីខែកក្កដាមក នៅក្នុងប្រទេសកម្ពុជាមានការផ្ទុះឡើង​នៅ​ជំងឺគ្រុនឈីក(ជំងឺឈីកគន់ហ្គន់យ៉ា)ទៀតផង។យោងតាមក្រសួងសុខា​ភិបាល​បាន​ឱ្យដឹងថា ខេត្តចំនួន១២របស់ប្រទេសកម្ពុជា មានករណីជំងឺគ្រុនឈីក មានចំនួនជាង​១០០០ករណី ។

អ្នកតំណាងរូបនេះបានអំពាវនាវដល់ប្រជាជនកម្ពុជាចូលរួមបញ្ឈប់ការគំរាមកំហែងដ៏ធំមួយនេះដែលប្រៀបដូចជាដាវកំពុងព្យួរលើ ក យើងយ៉ាងដូច្នេះដែរ។ដូចអ្នកទាំង​អស់​គ្នាដឹងស្រាប់ហើយមានប្រទេសជឿនលឿនជាច្រើនបានបង្កើត​មន្ទីរពិសោធ​ន៍ជីវ​សា​ស្ត្រ​​​នៅក្នុងគ្រប់ទីកន្លែងជុំវិញពិភពលោក ហើយបានធ្វើការស្រាវជ្រាវមេរោគល្បីៗ​ជាច្រើនក៏ប៉ុន្តែមន្ទីរពិសោធន៍ទាំងនោះមិនដែលផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវជាសា ធារណទេ។

ជំនួបប្រជុំនេះសង្ឃឹមថាថ្នាក់ដឹកនាំគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកនឹងអាច បញ្ឈប់ការស្រាវជ្រាវអំពីអាវុធជីវសាស្ត្រដើម្បីថែរក្សាសុខភាពប្រជាជនទូទាំងពិភពលោក៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម