ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីនៅពេលនេះមានសារសំខាន់ខ្លាំងណាស់អេប៊ីអេវាអាចបាត់បង់នៅពេលណាមួយក៏ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនគឺនៅជារៀងរហូត ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននាព្រឹក ថ្ងៃទី ១២ ខែ តុលា ២០២០ ។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ។
លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖នៅក្នុងជំនួបនោះលោក វ៉ាង យី បានពាំនាំនូវការពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីលោក ស៊ី ជីនពីងនិងលោក លី ខឺឈាំង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ។ ពីនោះទៀតលោកបានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីប្រជាជនចិនជូនចំពោះសម្ដេចតេជោនិងជូនពរសម្ដេចមានសុខភាពល្អ ដើម្បីដឹកនាំប្រទេសកម្ពុជាតទៅមុខទៀត ។
លោក វ៉ាង យី បានបន្តថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈកន្លងទៅបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ឆ្លុះ បញ្ចាំងអំពីសន្តានចិត្តដ៏ល្អប្រសើរចំពោះប្រជាជនចិនចំពោះរដ្ឋាភិបាលចិនពីនោះទៅទៀតក៏បង្ហាញពីភាពស្និទ្ធស្នាលនិងភាពរឹងមាំអំពីការយកចិត្តទុកដាក់នៃទំនាក់ទំនងរវាងកម្ពុជានិងចិនផងដែរ ។ លោកបន្តថាសន្តានចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែប្រជាជនចិនទេ គឺចំពោះប្រជាជនទូទាំងពិភពលោកតែម្ដង ជាអាទិ៍សម្តេចតេជោ ហ៊ុន សែន បានទទួលឲ្យនាវាវេសស្តេនដាមចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បានឆ្លុះបញ្ចាំងពីសន្ដានចិត្តមនុស្សធម៌របស់សម្ដេចតេជោ ដែលពេលនោះពិភពលោកទាំងមូលបានទទួលស្គាល់ថាកម្ពុជាដែលជាប្រទេសតូចមួយតែមានបេះដូងធំ ។
លោក វ៉ាង យី ក៏បានជម្រាបជូនសម្តេចតេជោអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនលើគ្រប់វិស័យនិងមានភាពទូលំទូលាយ។លោកបានមានប្រសាសន៍ថាកិច្ចពិភាក្សានេះបានឈានទៅដល់ការយល់ព្រមរវាងភាគីទាំងពីរថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត។លោករដ្ឋមន្ត្រីការបរទេសចិនក៏បានជំរាប ជូនសម្តេចដែលថាចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុតធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យនិងភាពថ្លៃថ្នូររបស់កម្ពុជា ។
ជាការឆ្លើយតបសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក ស៊ី ជីងពីង និងលោកលី ខឺឈាំង និងប្រជាជនចិនដែលបានជូនពរ សម្ដេច ហើយសម្តេចបានថ្លែងអំណរគុណផងដែរចំពោះការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិនរបស់លោក វ៉ាង យី។សម្តេចបានសំដែងនូវការអប អរសាទរចំពោះមិត្តចិនដែលបានទប់ស្កាត់ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ19 ។ សម្ដេចតេជោបានមានប្រសាសន៍ថាប្រទេសចិនមានប្រជាជន ជាង ១ ពាន់លាននាក់ប៉ុន្តែអ្នកទទួលរងនូវជំងឺកូវីដ19 មានចំនួនតិចបំផុតបើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងន័យនេះចង់បង្ហាញថាប្រទេសចិនមានសមត្ថភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ19 បានដោយជោគជ័យ ។ ពីនោះទៅទៀតសម្តេចតេជោក៏បានគាំទ្រនិងអបអរសាទរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងលោក វ៉ាង យី ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីហោណាំហុងហ្នឹងនិង លោក ប្រាក់ សុខុន។ ពីនោះទៅទៀតសម្តេចបានជម្រាបជូនលោក វ៉ាង យីថាដំណើរការនៃការទប់ ស្កាត់កូវីដ19 នៅព្រះរាជាណាចក្រកម្ពុជាក៏ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ទទួលបានជោគជ័យនោះសោតគឺប្រជាជនកម្ពុជាបានអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាលគោលការណ៍របស់ក្រសួងសុខាភិបាលពីនោះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ19 នេះ ។
ជាទីបញ្ចប់សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិនដែលបានផ្តល់ជំនួយដល់កម្ពុជាហើយសម្ដេចបានមានប្រសាសន៍ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពេលនេះមានសារសំខាន់ខ្លាំងណាស់ EBA អាចបាត់បង់ទៅវិញនៅពេលណាមួយក៏ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុ ជានិងចិនគឺនៅជារៀងរហូត ។
បន្ទាប់ពីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសរួចមក ។ សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងមួយចំនួនរួមមាន៖១.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ២.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងទឹកប្រាក់ចំនួន ៩៥០ លានយ័នសាធារណរដ្ឋប្រជាមានិតចិន(ស្មើប្រមាណ ១៤០ លានដុល្លារអាមេរិក),៣.លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរ ឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនិង៤.លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនិងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ និង ពិធីប្រគល់និងទទួលជំនួយបរិក្ខាវេជ្ជសាស្ត្រ ។
ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនត្រូវបានចុះហត្ថលេខាដោយលោក Zhong Shan រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ។
កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសសំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណងទឹកប្រាក់ចំនួន ៩៥០ លានយ័នរបស់រដ្ឋាភិបាលចិនដល់ កម្ពុជានិងលិខិតប្ដូរសារទាំងពីរចុះហត្ថលេខាដោយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមា និតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ដើម្បីចូលរួមលើកស្ទួយវិស័យសុខាភិបាលនិងដោយឈរលើមូលដ្ឋានជំនួយកន្លងមកសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់នូវជំនួយឧបករណ៍វេជ្ជសាស្ត្រចំនួន ១០,០០០ (មួយម៉ឺន)ឈុតដល់ព្រះរាជាណាច្រកកម្ពុជា។ លោក វ៉ាង វិនធាន (Wang Wentian) ប្រគល់ជំនួយឧបករណ៍វេជ្ជសាស្ត្រជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕