ផ្សព្វផ្សាយនិងស្រាវជ្រាវរកកុមារមានបេះដូងចំហ ដើម្បីទទួល បានការព្យាបាលឥតគិតថ្លៃនៅចិន

230
ចែករម្លែក

ដោយ៖ដេប៉ូ/ស្វាយរៀង៖ នៅមណ្ឌលសុខភាពឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានរៀបចំកម្មវិធីបាឋកថាស្តីពី អេកូសាស្រ្តជំងឺបេះដូងចំហរបស់កុមារជូនដល់ក្រុមគ្រូពេទ្យនិងពិសេសបានផ្សព្វផ្សាយពីការទទួលព្យាបាលដោយឥតគិតថ្លៃនៃរោគជំងឺបេះដូងចំហរបស់កុមារដោយឥតគិតថ្លៃនៅប្រទេសចិន។

          ក្នុងពិធីដែលបានរៀបចំឡើងនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០គេឃើញមានមន្រ្តី

 សុខាភិបាលបម្រើការងារនៅក្នុងមណ្ឌលសុខភាពឃុំបុសមនចំនួន៥រូប បានទទួលការបណ្តុះបណ្តាលជំនាញអេកូសាស្រ្តស្តីពីរោគជំងឺបេះដូងចំហរបស់កុមារ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងល្អជាមួយកម្ពុជាទើបអង្គការYUNDIរបស់ប្រទេសចិន តែងបានជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យFUWAIខេត្តយូណាន ប្រទេសចិន។ព្រមជាមួយគ្នាចំពោះការរៀបចំពិធីនាពេលនេះដែរគឺមានគោលបំណងសំខាន់ចំនួន២គឺ៖ ទី១-ផ្សព្វផ្សាយនិងចែករំលែកពីចំណេះដឹងនិងបទពិសោធន៍នៃការធ្វើអេកូសាស្រ្តជំងឺបេះដូងពីកំណើតរបស់កុមារ និងទី២-សហការជាមួយនិងអាជ្ញាធរថ្នាក់មូលដ្ឋាន ជាពិសេសនៅក្នុងឃុំបុសមនក្នុងការពង្រីកការផ្តល់ព័ត៌មានពីបេសកកម្មការងាររបស់អង្គការYUNDIលើការជួយសម្របសម្រួលជូនដល់កុមារដែលមានជំងឺបេះដូងចំហទៅទទួលបានការវះកាត់និងព្យាបាលពីមន្ទីរពេទ្យប្រទេសចិន។  

ដោយឡែកលោក ឈីវ  លីម អគ្គលេខាធិការរងនៃអាជ្ញាធរមីន តំណាងលោក លី  ធុជ  ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ និងជាប្រធានក្រុមការងារចុះជួយស្រុករំដួល  បានថ្លែងកោតសរសើរនិងសាទរចំពោះគណ:អភិបាលស្រុករំដួល សាលាឃុំបុសមន  អង្គការYUNDIនិងមន្ទីរពេទ្យបេះដូងFUWAIដែលកន្លងមកបានជួយកុមារចំនួន៣រូបរស់នៅស្រុករំដួល ឱ្យបានជាសះស្បើយពីជំងឺបេះដូងចំហ។

ក្នុងពិធីនេះដែរលោកស្រី ប្រាក់ ធារី ប្រធានមណ្ឌលសុខភាពឃុំបុសមន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិដែលតែងបានផ្តល់ឱកាសជូនដល់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពឃុំបុសមន បានសហការនិងទទួលនូវបទពិសោធន៍ថ្មីៗ ព្រមទាំងអាចមាន    ឱកាសទៅបន្តការសិក្សាបន្ថែមពីក្រុមវេជ្ជបណ្ឌិតជំនាញអេកូសាស្រ្តនៅតាមបណ្តាមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញទៀតផង៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម