Home ព័ត៌មានជាតិ សន្តិសុខ ស្រ្តីម្នាក់ត...

ស្រ្តីម្នាក់ត្រូវរថយន្តកិនស្លាប់ និងម្នាក់ទៀតរងរបួស ដោយបើកម៉ូតូជែងទាក់ដៃចង្កូតដួលចូលរថយន្ត

ដោយៈសម្បត្តិ/ភ្នំពេញៈ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស នៅពេលស្ត្រីនោះ បើកម៉ូតូ ឌុបគ្នា វ៉ាជែងរថយន្ត ទាក់ដៃចង្កូត បណ្ដាលឱ្យដួល ហើយត្រូវរថយន្ត កិន នៅវេលាម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ ៦ អា ត្រង់ចំណុចមុខដីឡូត៌ គ្មានលេខមួយកន្លែង ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីដែលបានស្លាប់ មានឈ្មោះ បង ស្រីណា អាយុ៣១ឆ្នាំ មានមុខរបរ ជាមេផ្ទះ មានស្រុកកំណើត នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកស្ត្រី ដែលឌុបស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណ នៅឡើយ បានរងរបួសស្រាល។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុ នារីរងគ្រោះ ជិះម៉ូតូឌុបគ្នា ដោយធ្វើដំណើរចេញ ពីខេត្តកំពង់ចាម មករាជធានីភ្នំពេញ ដើម្បីមកជួសឈាម ចូលរៀន នៅសាលាគុកពីយេស៊ូ នៅរាជធានីភ្នំពេញ ដោយធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង នៅពេលមកដល់ចំណុចកើតហេតុ ខាងលើ បានវ៉ាជែងរថយន្តមួយគ្រឿង ធ្វើដំណើរស្របទិសដៅគ្នា មិនទាន់ផុតផង ក៏មានរថយន្តមួយគ្រឿងទៀត មកពីក្រោយកៀរទាក់ដៃចង្កូត ដួលខ្ទាតនារីរងគ្រោះ អង្គុយពីក្រោយ ចូលខាងមុខរថយន្ត មួយគ្រឿងទៀត បណ្ដាលអោយកិនបែកក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មាន បានបន្តទៀតថាៈ បន្ទាប់ពីកើតហេតុ រថយន្តមិនចាំម៉ាក ទាំង ២ គ្រឿង បានបើកគេចខ្លួន បាត់ស្រមោល បន្សល់តែសពនារីរងគ្រោះ និងម៉ូតូ និងជនរងគ្រោះម្នាក់ របួសស្រាល នៅកន្លែងកើតហេតុ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានវាស់វែង និងទំនាក់ទំនងរថយន្តសាមុយ ឲ្យមកដឹកអ្នករងរបួស យកទៅព្យាបាល និងទំនាក់ទំនងក្រុមគ្រួសារ សាច់ញាតិ មកយកសពស្ត្រីរងគ្រោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular