Home ព័ត៌មានជាតិ សង្គម អភិបាលរាជធានី...

អភិបាលរាជធានី : នៅប្រហែល ៤ម៉ោងទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញនិងស្រកអស់ មកជាធម្មតាវិញហើយ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅសល់ប្រមាណជា៣ទៅ ៤ម៉ោងទៀតប៉ុណ្ណោះគឺនៅរសៀលថ្ងៃទី១២ ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកអស់មកជាធម្មតាវិញ ខណៈដែរក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយ៍បូមទឹកបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពីរសៀលនិងយប់ថ្ងៃទី ១១ខែតុលា ដោយចាប់ពីម៉ោង២និង៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអាធ្រាត។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយ៍បូមទឹកបឹងទំពន់នាព្រឹកថ្ងៃទី ១២ខែតុលានេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាខណៈដែលយើងប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយ៍បូមទឹកបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាងនិងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយ៍បូមទឹកបឹងទំពុននេះកុំឲ្យផ្ទុះ ។

លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសំរុកបូមទឹកនៅ នៅស្ថានីយ៍បូមទឹកបឹង ទំពន់នេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏ បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួនទៀត ។

លោកឃួង ស្រេងក៏បានបញ្ជាក់ទៀតថា ៖បើមានភ្លៀងខ្លាំងបែបនេះទៀត គឺយើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។ ក្នុងនោះដែរ លោកឃួង ស្រេងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញដោយសារការលិច លង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងខ្លាំងខ្លាំងណាស់ដើម្បីដោះស្រាយលើការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយសារតែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។

លោកបន្តថាគ្រោះធម្មជាតិកាលពីយប់មិញថ្ងៃទី១១តុលាជាគ្រោះធម្មជាតិមួយដែលរាជធានីភ្នំពេញរបស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀតក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។លោកអភិបាលរាជធានីអះអាងថា៖នៅឆ្នាំខាងមុខយើងនឹងយកកម្រិតទឹកភ្លៀងនៅពេលនេះធ្វើជាទេហិកដើម្បីរៀបចំ ម៉ាស៊ីនបូមទឹក ប្រឡាយ អាងស្តុកទឹកឱ្យមានស្ថេភាពល្អប្រសើរទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវ៣៧១ នៅចំណុចស្ថានីយបឹងទំពន់នេះ កាលពីយប់ថ្ងៃទិ១១តុលា រដ្ឋបាលរាជធានីភ្នំពេញបានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃទី១២ តុលានេះហើយស្ថានភាពនៅស្ថានីយ៍នេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular