Home ព័ត៌មានជាតិ សេដ្ឋកិច្ច ជំនន់ទឹកភ្លៀង...

ជំនន់ទឹកភ្លៀងបានប៉ះពាល់ដំណាំស្រូវពលរដ្ឋនៅខេត្តស្វាយរៀង៦៧ ហិកតានៅស្រុកចន្ទ្រា តែនៅមិនទាន់ដល់ការប្រកាសអាសន្ននោះទេ

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ជំនន់ទឹកភ្លៀងនៅ ខេត្តស្វាយរៀងបានប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន៦៧ហិកតា ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទាខេត្តស្វាយរៀង។

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ ២០២០នេះថាក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងអាជ្ញាធរស្រុកចន្ទ្រាបានចុះពិនិត្យជាក់ស្ដែងដំណាំស្រូវដែល​រងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយផ្អែកលើរបាយការណ៍របស់លោកមេឃុំចន្ទ្រានឹងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នឹងមានការបើកទ្វារទឹកមកពីខាងលើ មានអាងទឹកដូនទយ អាងទឹកធ្លកកំបុត និងអាងទឹកស្វាយយាបណ្ដាលឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋនិងដោយសារតំបន់នោះជាតំបន់ធ្វើស្រូវប្រដេញទឹករៀងរាល់ឆ្នាំនៅខែវិច្ឆិកា ប៉ុន្តែពួកគាត់បានធ្វើស្រូវប្រដេញទឹកនៅដើមខែកញ្ញាដោយសារពួកគាត់ខ្លាចខ្វះទឹកជាហេតុនាំឲ្យជួបបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀង(ស្រូវអាយុកាល២០ថ្ងៃ)។

លោកបានបន្តថាដោយផ្អែកតាមការពិនិត្យជាក់ស្តែងផ្ទៃដីសរុបពីរភូមិមានចំនួន ៦៧ហិកតាប៉ះពាល់ ៣៥ហិកតា ខូចខាតសរុប ៣២ហិកតាស្មើនឹង ២៦គ្រួសារ។ក្នុងនោះភូមិសែនតផ្ទៃដីសរុប៣៥ហិកតា ប៉ះពាល់សរុប២៥ហិកតា ខូចខាតទាំងស្រុង១០ហិកតា ស្មើ១០គ្រួសារ,ភូមិចន្ទ្រាផ្ទៃដីសរុប៣២ហិកតា ប៉ះពាល់១០ហិកតា ខូចខាតទាំងស្រុង២២ហិកតាស្មើ១៦គ្រួសារ ផ្ទៃដីដែលប៉ះពាល់និងខូចខាតមានទីតាំងតាមមាត់អូរនិងបឹង។

លោកបានបន្តថាក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតែងតែជំរុញឲ្យកសិករយកចិត្តទុកដាក់ស្ដាប់តាមការណែនាំរបស់ការិយាល័យកសិកម្មស្រុកដូចជាមន្ទីរកសិកម្មខេត្តនិងការព្យាករណ៍ឧតុនិយមមុនសម្រេចចិត្តធ្វើការដាំដុះនិងជ្រើសពូជដែលធន់នឹងការរាំងស្ងួត ទឹកជំនន់និងត្រៀមពូជសម្រាប់ធ្វើការដាំដុះស្ដារឡើងវិញនៅពេលទឹកស្រក។

លោកណុប ទូច អនុប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្តស្វាយរៀងបានឲ្យដឹងថា:ចំពោះជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀងមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេឥឡូវលោកកំពុងតែចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular