ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ត្រូវបានចាប់ផ្តើមស្រកបណ្តើរៗហើយ

165
ចែករម្លែក

ដោយ:រិទ្ធិសែន/ពោធិ៍សាត់: អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់លោក ម៉ៅធនិន និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រយះពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី១០-១១.១២ ខែតុលា ឆ្នាំ២០២០ បានចុះជាបន្តបន្ទាប់ ដើម្បីពិនិត្យពីស្ថានភាពទឹក និងប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប អន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ និងនាំយកអំណោយ រួមមានស្បៀងអាហារនិងថ្នាំសង្កូវផ្សេងៗមួយចំនួន នាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពង់ជួបរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាង៣ពាន់គ្រួសារ គ្រស៊សដែលទឹកកំពុងមានសម្ពាធ មកលើ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ហើយនឹងត្រូវស្រកចាប់ផ្តើមចុះជាបណ្តើរៗ ។

អភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក អាណិតអាសូរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក និងជនរងគ្រោះនៅគ្រប់ទីកន្លែង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលបង្កឱ្យមានជំនន់ទឹកភ្លៀងតាមបណ្តាដងស្ទឹងពោធិ៍សាត់ និងធ្វើអោយរងនៅប៉ះពាល់ ៥ក្រុងនិងស្រុក ក្នុងនោះក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់នូវហេដ្ឋារចនាសម្ពន្ធមួយចំនួននិងបានធ្វើអោយ ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ចំការមួយចំនួនទៀត។

អភិបាលខេត្តពោធិសាត់បានអោយដឹងបន្តទៀតថា រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ សម្រាប់រថយន្តធុនធំ នេះដោយសារតែជំនន់ទឹកភ្លៀង ដែលបានជន់លិចលើកំណាត់ផ្លូវជាតិលេខ៥នេះផងដែរ។

អភិបាលខេត្តពោធិសាត់បានបន្ថែមថា ខេត្តបាននឹងកំពុងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ចលនាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗយុវជនគ្រប់អង្គភាព បែងចែកកម្លាំងគ្នាចុះអន្ដរាគមន៍ ជួយទប់ទឹក ជន្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព និងនាំយកស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់គ្រប់ទីកន្លែង។

ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព ពិសេសសត្វអសរពិសនិងសម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការពាតួប់ស្កាត់និងជំងឺឆ្លងផ្សេងៗ។

បើតាមរបាយការណ៍ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ លោក កែវវៃ បានបញ្ជាក់ឱ្យដឹង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.៤៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៦.០១ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ៣.៧៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពស្ទឹងក្រវាញ កម្ពស់ទឹកបានចាប់ផ្តើមស្រកបន្ត ១.១៤ម៉ែត្រ និងស្ទឹងអារ៉ៃ បានស្រក ១ម៉ែត្រ ដោយឡែកស្ថានភាពស្ទឹងក្រុងពោធិ៍សាត់ កម្ពស់ទឹកចាប់ផ្តើមស្រកបាន ០.០៧ម៉ែត្រ។

ប្រធានមន្ទីរធន់ធានទឹកនិងឧុតុនិយមបានអោយដឹងបន្តទៀតថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀតនោះទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់ គ្រាដែលបច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ។

សូមបញ្ជាក់ផងដែរថានៅគ្រាដែលទឹកស្ទឹងពោធិ៍សាត់មានការហក់ឡើងហួសពីការប្រកាសអាសន្ននេះទៅគេមើលឃើញថាបណ្ដាលឲ្យមនុស្សស្លាប់ 4 នាក់ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម