ដោយៈ បូរិន/ភ្នំពេញ៖ តារាចម្រៀងពហុជំនាញឈានមុខនៅកម្ពុជាអ្នកនាង ខាត់ សុឃីម បានបង្ហាញពីការបើកដំណើរការមុខជំនួញថ្មីដោយការបើកទ្រង់ទ្រាយធំជាក្រុមហ៊ុនឡើងវិញ ក្រោយនាងបង់ខាតអស់លុយក្បែរលានដុល្លារលើជំនួញរកស៊ីដីនិងដាក់ប្រាក់កម្ចីជាមួយដៃគូមិត្តភក្តិរបស់នាង។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នាងបានបើកមុខជំនួញគ្រឿងសម្អាង ហើយចំណែកស្វាមីនាងប្រកាសបើកក្រុមហ៊ុននាំចូលនាំចេញសម្ភារផ្គត់ផ្គង់ បន្ទាប់ពីនាងបានខាតបង់លើមុខជំនួញមួយចំនួនកាលពីពេលកន្លងមកដោយតារាស្រីល្បីឈ្មោះរូបនេះបានចាត់ទុកលើការបរាជ័យនេះថាជាមេរៀនល្អបំផុតសម្រាប់នាងនិងស្វាមី។

ក្រុមហ៊ុនថ្មី២ដែលនាងនិងស្វាមីបើកដំណើរការគឺជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង និងសម្លៀកបំពាក់ដែលក្រុមហ៊ុននេះទទួលបានសិទ្ធិក្នុងការប្រតិបត្តិការចាប់ពីចុងខែកញ្ញា ឆ្នាំ២០២០មក។ ជាសារលើកទឹកចិត្តសម្រាប់ខ្លួនឯង និងមហាជន តារាចម្រៀងរូបនេះថ្លែងថា “សេចក្តីក្លាហាន ហ៊ានប្រឈមមុខ តស៊ូជាមួយនឹងរឿងគ្រប់យ៉ាង គឺជាចំណុចពិសេសរបស់មនុស្សយើង គ្មានអ្វីដែលមនុស្សត្រូវបាក់ទឹកចិត្តនោះទេ ។ ភាពបរាជ័យគឺជាមេរៀនដ៏ល្អបំផុតសម្រាប់យើង ឈប់ខូចចិត្តទៀតទៅ បងប្អូនដែលបរាជ័យ ស៊ូៗទៅមុខទៀត តោះកុំសម្លាប់ខ្លួន ខាតណាស់ កើតមកជាមនុស្សរយសំណាងយើងហើយ”។

សូមរំលឹកផងដែរថា ក្រោយពីលេចចេញដំណឹងនៃការចាញ់បោកប្រាក់គេអស់ប្រមាណជិត ៨០ម៉ឺនដុល្លារអាម៉េរិកមកលើមុខជំនួញមួយកន្លងមកនោះ ខាត់ សុឃីម មិនបានបោះបង់ការខិតខំប្រឹងប្រែងនោះទេ នាងនៅតែបន្តអាជីវកម្ម និងការងារសិល្បៈរបស់នាងជាបន្តបន្ទាប់ ហើយការបើកដំណើរការក្រុមហ៊ុនថ្មីនេះគឺជារបត់នៃស្ថានភាពជីវិតថ្មីរបស់នាង៕/Ha


