ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ខណៈដែលកម្មករកម្មការិនីក្រុមហ៊ុនស៊ីនទ្រីនៅតែបន្តការធ្វើកូដកម្មមិនព្រមដឹកជញ្ជូនសំរាមទៅចាក់នៅទីលាននោះ អាជ្ញាធររាជធានីភ្នំពេញបានប្រឹងប្រែងយ៉ាងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាប្រមូលសំរាមឱ្យបានអស់ពីរាជធានីភ្នំពេញ។

ប៉ុន្តែយើងប្រមូលសំរាមមិនបានអស់ដូចអ្វីដែលយើងចង់បាននោះទេ។ដូច្នេះដើម្បីឱ្យដំណើរការក្នុងប្រតិបត្តិការនៃការប្រមូលសំរាមនេះទទួលបានលទ្ធផលល្អប្រសើរថែមទៀត នៅរសៀលថ្ងៃទី ១២ខែតុលានេះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតមកប្រជុំពិភាក្សារកដំណោះស្រាយ ថាតើធ្វើយ៉ាងណាដើម្បីគ្រប់គ្រង ការប្រមូលសំរាមឱ្យបានល្អប្រសើរឡើងមួយកំរិតទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖កម្មករក្រុមហ៊ុនស៊ីនទ្រី ពិសេសអ្នកបើកបររថយន្ត មានចេតនាមិនព្រមចូលធ្វើការវិញនោះទេបើទោះបីក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញលិខិតអោយពួកគាត់ចូលបម្រើការងារវិញនៅថ្ងៃទី១០ខែតុលាកន្លងក៏ដោយ ក៏ពួកគាត់មិនព្រមចូលធ្វើការវិញដែរ។ បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត បានសហការ រួមគ្នា លើការប្រមូលសំរាមនេះ ឲ្យបានល្អ បើទោះបីយើងប្រមូលទាន់មិនអស់ក៏ដោយ ។

លោកបញ្ជាក់ថា ៖ថ្ងៃដំបូង យើងប្រមូលសំរាមបានត្រឹមតែ៣០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែមកដល់ពេលនេះ យើងប្រមូលសំរាមបានរហូតទៅដល់២៥០០តោនក្នុងមួយថ្ងៃ ខណៈដែរសំរាមមាននៅក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃប្រមាណជាង២៨០០តោន។
ពាក់ព័ន្ធនឹងការប្រមូលសំរាមនេះដែរ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ជ្រើសរើសកម្មករបន្ថែម ដោយឧបត្ថម្ភក្នុងម្នាក់១០ដុល្លារក្នុងមួយថ្ងៃ ដើម្បីជួយសម្រួលលើការងារការប្រមូលសំរាមនេះកាន់តែល្អប្រសើរឡើង។

លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ៖ចំពោះកម្លាំងប្រដាប់អាវុធ មានប៉ូលីសអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថ និង កងអង្គរក្សសរុបចំនួន២០០០នាក់ដែលត្រូវបញ្ជូនមក ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ យើងមិនទាន់ត្រូវការទេ ចាំពេលណាដែរ រដ្ឋបាលរាជធានីភ្នំពេញប្រមូលសំរាមបានអស់ហើយ យើងយកកម្លាំងទាំង២០០០នាក់នេះមកធ្វើពិធី លាងសម្អាតថ្នល់តែម្តង៕S/