
ភ្នំពេញៈលោកស្រី លីយូរកា រ៉ូឌ្រីហ្គេល បារយ៉ូស ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងកូនស្រីរបស់លោកស្រី អាល់លីន រូដរីហ្គឺស បារីយ៉ូស បានធ្វើទស្សនកិច្ចមកកាន់«បណ្ណាល័យសម្តេចម៉ែ»នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ដើម្បីបង្ហាញអំពីការទទួលស្គាល់ចំពោះវត្តមាននៃបណ្ណាល័យនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានទស្សនាពិព័រណ៍សំខាន់ៗទាំងពីររបស់បណ្ណាល័យសម្តេចម៉ែ រួមមាន ព្រះឆាយាល័ក្ខណ៍សម្តេចព្រះបរមរតនកោដ្ឋ និងប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត ព្រមទាំងបរិក្ខាររក្សាទុកនិងចងក្រងឯកសាររាប់សែនទំព័រ ដែលជាសមិទ្ធផលនៃការងារក្នុងរយៈកាលជាង២៥ឆ្នាំកន្លងមករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាវជ្រៅចំពោះពិព័រណ៍ព្រះឆាយាល័ក្ខព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតបណ្ឌិត ហូលីយ៉ូ អេ.ជែលដ្រេស ដែលជាអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋនរោត្តម សីហនុ រៀបរាប់អំពីព័ត៌មានពិស្តារជាភាសាអេស្ប៉ាញ។

នៅក្នុងខែមេសាឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋគុយបា បានប្រារព្ធគម្រប់ខួបទី៦០នៃចំណងមិត្តភាពការទូតរបស់ខ្លួន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានកើតមានឡើងចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០មកម្ល៉េះ។ ទំនាក់ទំនងជាប្រវត្តិសាស្ត្រមួយនេះគឺចាប់ផ្តើមចេញពីទិសដៅស្របគ្នានៃប្រទេសទាំងពីរ គឺ កម្ពុជានិងគុយបា ក្រោមការដឹកនាំរបស់ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក ហ្វីឌែល កាស្ត្រូ រូហ្ស ដោយប្រកាន់យកនូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធដូចគ្នា នៅអំឡុងពេលសង្គ្រាមត្រជាក់រវាងប្លុកកុម្មុនីស្តនិងប្លុកសេរី។
ថ្វីត្បិតតែសាធារណរដ្ឋគុយបាមានទីតាំងភូមិសាស្ត្រនៅទ្វីបអ៊ឺរ៉ុប ឯកម្ពុជាស្ថិតនៅទ្វីបអាស៊ីក្តី ចម្ងាយភូមិសាស្ត្រនេះ មិនបានបង្កជាការរអាក់រអួលដល់ទំនាក់ទនងរវាងប្រទេសទាំងពីរទេ។ ប្រទេសទាំងពីរនៅតែមានភាពជិតស្និទ្ធនឹងគ្នា ហើយបច្ចុប្បន្នប្រទេសទាំងពីរក៏បានប្រកៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាក់ស្តែង នៅក្នុងសំណេរថ្លែងអំពីចំណងមិត្តភាពនៃប្រទេសកម្ពុជានិងគុយបា ដើម្បីអបអរគម្រប់ខួបលើកទី៦០ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា៖ “យើងនឹងបន្តការងារក្នុងការរឹតចំណងសម្ព័ន្ធភាពរបស់យើង ហើយយើងប្រាកដថាចំណងមិត្តភាពរបស់យើងនឹងអាចតស៊ូប្រឆាំងនឹងគ្រប់ប្រភេទជំងឺទាំងអស់”។

តាមរយៈដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាលើប្រធានបទនានាជុំវិញការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រតិភូកិត្តិយសបានបង្ហាញអំពីការគាំទ្រ និងការពេញចិត្តយ៉ាងក្រៃលែងចំពោះបណ្ណាល័យសម្តេចម៉ែ។ តំណាងឲ្យប្រតិភូកិត្តិយសនិងស្ថានទូតសាធារណរដ្ឋគុយបា លោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស បានរក្សាទុកចំណារអនុស្សាវរីយ៍នៅលើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានសេចក្តីដូចតទៅ៖
“នេះពិតជាកិត្តិយសសម្រាប់ខ្ញុំនិងកូនស្រីរបស់ខ្ញុំ អាល់លីន ក្នុងការទទួលបានបទពិសោធន៍ដ៏វិសេសវិសាលមកកាន់ «បណ្ណាល័យសម្តេចម៉ែ»។ ក្នុងឱកាសនេះ យើងទាំងពីរអាចយល់ដឹងជាច្រើនអំពីប្រវត្តិសាវតានៃរាជវង្សានុវង្ស និងប្រជាជនកម្ពុជា។ ប្រទេសគុយបានិងកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតសម្ព័ន្ធភាពការទូតរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការអបអរគម្រប់ខួបនេះ។ ពីខ្ញុំ លីយូរកា រ៉ូឌ្រីហ្គេល បារយ៉ូស អគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងកូនស្រីរបស់ខ្ញុំ អាល់លីន រ៉ូឌ្រីហ្គេល បារយ៉ូស។”៕សរន





