ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជា នៅថ្ងៃទី១២ ខែតុលាថាៈ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១៦៥ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានកើតឡើង ១.៣៥៦ លើក ស្លាប់មនុស្សចំនួន ៦៦៩នាក់ របួសចំនួន ២.១០១ នាក់ ក្នុងនោះរបួសធ្ងន់ ១.២៥៩ នាក់ ។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កើតឡើងចំនួន ៦ លើក ស្លាប់ ៣នាក់ និងរបួស ៦នាក់ ក្នុងនោះ របួសស្រាល ២នាក់ និងធ្ងន់៤នាក់ ។

អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបន្តទៀតថាៈ សម្រាប់លទ្ធផលរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យ លេខ៣៩ រយៈពេល ១៥៦ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ យានយន្ត ដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៨៩.៤៨៩ គ្រឿង ក្នុងនោះម៉ូតូ មានចំនួន ១៤០.០២០ គ្រឿង និងរថយន្តមានចំនួន ៤៩.៤៦៩ គ្រឿង (រថយន្តតូច ៤២.៣៩៤ គ្រឿង និងរថយន្តធំ ៧.០៧៥ គ្រឿង) ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថាៈ បទល្មើសភាគច្រើន សម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទ ពេលបើកបរ ៕S/


