ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ បានអញ្ជើញចុះទៅ សំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យ ការសាកល្បងបាញ់គ្រាប់ពិត របស់យោធិន ដែលកំពុងតែហ្វឹកហ្វឺន បណ្តុះបណ្តាលយោធាចារ្យ ជំនាន់ទី២ បំពេញក្របខណ្ឌ ឲ្យសាលានាយទាហាន ចំណុះកងទ័ពជើងគោក នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ កងពលតូចលេខ៧០ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ថាៈ ការងារហ្វឹកហ្វឺន បានដើរតួនាទី ជាយុទ្ធសាស្ត្រ យ៉ាងសំខាន់ សម្រាប់ការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេស យោធិន វ័យក្មេង ដែលជាអ្នកបន្តវេន ជំនាន់ក្រោយ។

លោកបានបន្ថែមថាៈ ផែនការហ្វឹកហ្វឺន បានបន្តជម្រុញ អោយយោធិន មានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាព ដល់កងទ័ព អោយបានយល់ដឹង កាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុងការបញ្ជាបាញ់គ្រាប់ អោយបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ ក្នុងការប្រើប្រាស់សម្ភារ គ្រឿងបំពាក់ ត្រូវតាមលក្ខណៈបច្ចេកទេស ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ តាមភារកិច្ច ដែលបានចាត់តាំង របស់កងយោធពលខេមរភូមិន្ទ ប្រកបដោយភាពទទួលខុសត្រូវជានិច្ច ៕S/


