ដោយៈស.រិទ្ធ/កណ្តាលៈយុវជនម្នាក់ដែលសម្លាប់មិត្តភក្តិនៅស្រុកកោះធំដោយសាររឿងជក់គ្រឿងញៀនត្រូវលោកអាតច័ន្ទដារាចៅក្រមស៊ីបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ក្រោមការចោទប្រកាន់ពីបទ”ឃាតកម្ម ” តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ជនរូបនេះឈ្មោះ វិច ឆៃ ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ចំណែកជនរងគ្រោះឈ្មោះផនសុខខន(ហៅអឹប)ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

គួររំលឹកថាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅក្រុមគ្រួសារ បានបាត់ជនរងគ្រោះ ដោយពុំឃើញត្រឡប់មកផ្ទះវិញ ក៏ទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីស្វែងរក។បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរួច មកនគរបាលស្រុកកោះធំ បានរាយការណ៍បន្តទៅនគរបាលខេត្តកណ្ដាល រួចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត អស់រយៈពេលជាង៨ខែ ។
ជាលទ្ធផលដឹងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម រួចកំណត់មុខសញ្ញាជនដៃដល់ជាឃាតក ដែលគេចខ្លួនទៅរស់នៅខេត្តតាកែវទើបនគរបាលខេត្តកណ្តាលសហការជាមួយនគរបាលស្រុកកោះធំ នគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវនិងលោកទិនសុចិត្រាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទើបឈានដល់ចាប់ខ្លួនឃាតករបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ.។
ជនសង្ស័យបានសារភាពថា ខ្លួន ពិតជាបានចូលរួមធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ផនសុខខន(ហៅអឹប)និងបានអូសយកសាកសពទៅកប់ចោលនៅក្នុងចំការស្វាយត្រង់ព្រំប្រទល់ដីរបស់ឈ្មោះ សល់ និងឈ្មោះ ប្រុស ស្ថិតនៅខាងកើតទំនប់ទទឹងថ្ងៃ រំលង០៣ក្បាលដី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ប្រាកដមែន។
ការសម្លាប់នេះគឺ មិត្តភក្តិខ្លួនឈ្មោះ ដូយ ផៃ (ហៅនិល) ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកសម្លាប់នៅពេលដែលពួកគេទាំង៣នាក់ កំពុងជក់គ្រឿងញៀនជាមួយគ្នា ដោយសារឈ្មោះ ដូយ ផៃ ខឹងឈ្មោះ ផន សុខខន ថា បឺតជក់យូរជាងគេ រួចក៏បានចាប់សក់ក្បាលបោក ទៅក្រោយបុកទៅនិងគល់ស្វាយ បណ្ដាលឲ្យស្លាប់តែម្ដង៕S/