ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសជូនដំណឹងថា គិតត្រឹមថ្ងៃទី១២ តុលា ក្រុងស្រុកចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
បើយោងតាមលិខិតជូនដំណឹង របស់អ្នកនាំពាក្យ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ តុលា នេះថាៈ បន្ទាប់ពីទទួលរង នូវឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង រយៈពេលប៉ុន្មានថ្ងៃ ជាប់ៗគ្នា នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដោយគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានទទួលរងគ្រោះធម្មជាតិ ដោយសារទឹកជំនន់ ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្វើឱ្យរងនូវផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ចំនួន១២.៨៤១គ្រួសារ នៅក្នុង៦ក្រុងនិងស្រុក ក្នុងនោះមាន ស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ស្មើនឹង ៣៤ ឃុំ និងសង្កាត់, ព្រមទាំងបានប៉ះពាល់ ដល់ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនដូចជា៖ ស្រូវចំនួន ១៤.៣១៤ ហិកតា ដំណាំកសិឧស្សាហកម្ម ចំនួន២.៥៧១ហិកតា, ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទ សរុបចំនួន ៩៦៣ហិកតា ទឹកលិចផ្លូវ (ផ្លូវកៅស៊ូ, ក្រួសក្រហម និងផ្លូវដីស) សរុបចំនួន១០០ខ្សែ ស្មើនឹង៨០.៦៧០ម៉ែត្រ, ដាច់ផ្លូវចំនួន ៤កន្លែង មានប្រវែង១.៤០៥ ម៉ែត្រ, ខូចស្ពានចំនួន៩កន្លែង ខូចលូចំនួន២២កន្លែង, បាក់ទំនប់ចំនួន ៣កន្លែង ផ្ទះប្រជាពលរដ្ឋ ខូចខាតទាំងស្រុង ចំនួន២៣ខ្នង ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទួលសុវត្ថិភាព ចំនួន១៩៧គ្រួសារ លិចសាលារៀន ចំនួន២៦កន្លែង លិចវត្ដអារាម ចំនួន៣៣កន្លែង លិចមណ្ឌលសុខភាព ចំនួន៣កន្លែង និងមានករណីលង់ទឹកស្លាប់មនុស្ស ចំនួន២នាក់ ផងដែរ។
បើយោងតាមការតាមដាន ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ នៅក្នុងថ្ងៃនេះ ឃើញថា ទឹកស្ទឹងស្រុកភ្នំក្រវាញ មានកម្ពស់ ៦,១៩ ម៉ែត្រ (ថយចុះ ០,៤៣ ម.), ស្ទឹងស្រុកវាលវែង មានកម្ពស់ ៣,៧៥ ម៉ែត្រ (ថយចុះ ០,២៥ម.), ស្ទឹងពោធិ៍សាត់ មានកម្ពស់ចំនួន ៥,៤៧ ម៉ែត្រ (ថយចុះ ០,៤០ម.) និងទន្លេកំពង់លួង មានកម្ពស់ ៤,១៦ ម៉ែត្រ (កើនឡើង ០,១២ ម.) ។
ដោយសារកម្ពស់ទឹកស្ទឹង នៅតែបន្តឡើង ខេត្ត ក្រុង ស្រុក បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅតាមដងស្ទឹង និងតំបន់ផ្សេងៗទៀត ដែលរងការលិចលង់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យផ្សេងៗ ដែលកើតឡើង ក្នុងនោះត្រូវយកចិត្តទុកដាក់ លើកុមារតូច កុំទុកគាត់ចោល ហើយពិសេសនោះ គឺសត្វអាសិរ្ពិស និងជំងឺផ្សេងៗ ដែលត្រូវរួមគ្នា ធ្វើការទប់ស្កាត់ ដែលនឹងកើតឡើង នៅពេលទឹកស្រក ទៅវិញ នៅពេលខាងមុខ៕/V/Ha






