ព្យុះថ្មីទី១៦និង១៧ នឹងកើតឡើង បន្តបន្ទាប់ដោយជះឥទ្ធិពលឆ្លង កាត់កម្ពុជានៅថ្ងៃទី១៨-១៩ តុលា

225
ចែករម្លែក

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិង ឧតុនិយមថា យោងតាមការសង្កេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូង បានកើតព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។ តាមការព្យាករណ៍ព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី ១៥ ខែតុលា ។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី ១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជា ព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL ) ដែលមានកម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន ( Qui Nhon ) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគិរី នាថ្ងៃទី ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។

ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីតិចទៅបង្គរ ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តាខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាង​ជើង​នឹងអាចមានភ្លៀងពីបង្គួរទៅច្រើន ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀង​ធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។

ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំខ្យល់ បក់បោក និងរលកសមុទ្រខ្ពស់ៗ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម