​ជំនន់​ទឹកភ្លៀង ក៏បាន​ប៉ះពាល់​ដល់​ខេត្តកំពង់ឆ្នាំង​ដែរ បន្ទាប់ពី​ខេត្ត​មួយចំនួន​

190
ចែករម្លែក

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុន​ថុ​ន បាន​ប្រាប់អោយដឹង តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១២ តុលា នេះ​ថាៈ ដោយ​ស្ថានភាព​ទឹកភ្លៀង ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ នៅ​ថ្ងៃទី​១០ និង ១១ ខែតុលា បណ្តាលឱ្យ​ជំនន់​ទឹកភ្លៀង បាន​សម្រុក​ធ្លាក់​គំហ៊ុក​យ៉ាងខ្លាំង និង​បាន​ជម្រុល​មកដល់​ផ្នែក​ខាងលើ នៃ​ស្រុក​សាមគ្គី​មានជ័យ ក្នុងស្ថានភាព ទឹក​ជម្រុល​ខ្លាំង​បែបនេះ មន្ត្រី​ជំនាញ ក៏បាន​បើកទ្វារ​ទឹក​ទាំងអស់ នៃ​ទំនប់​អន្លង់​ជ្រៃ​បន្ទាន់ ដែលជា​ចំណុច​ទឹកធំ​បំផុត ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ដើម្បី​ទម្លាក់​ទឹក ចុះមក​ក្រោម ដើម្បី​បន្ធូរ​ស្ថានការណ៍ ដែល​ជៀសវាង​ការ​ជន់​លិច និង​បាក់​ទំនប់​។​

ស្រូវ​ស្រែ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ចំណុច​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក៏បាន​លិចលង់​អស់​

​លោក ដោក ប៊ុនថន បាន​អោយដឹងទៀតថាៈ បន្ទាប់ពី​ទឹក​អន្លង់​ជ្រៃ បាន​បើកទឹក​ហើយ​នោះ បាន​ធ្លាក់​ជា​បន្តបន្ទាប់ មកដល់​ទំនប់​ដ​ង្វា​យ និង​ទំនប់ យុទ្ធសាស្ត្រ រួច​ក៏​ធ្លាក់​មកដល់​ស្ទឹង​កន​រៃ​ង​ពន្លៃ តាមផ្លូវ​ជាតិ​លេខ​៥ ។

​លោក​បាន​បញ្ជាក់ថាៈ ជំនន់​ទឹកភ្លៀង ពិតជា​រង​ការប៉ះពាល់​ខ្លះ​ហើយ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ សម្រាប់​ថ្ងៃ ១២ តុលា​នេះ ។ បើ​ពិនិត្យមើល អាកាសធាតុ មិនទាន់មាន​អ្វី​ប្រែប្រួល គួ​កត់សម្គាល់​ឡើយ ហើយ​បើ​ក្នុង​រយៈពេល​ថ្ងៃនេះ មិនមាន​ភ្លៀង​ធ្លាក់​ពីលើ​មក​ទេ ទឹក​អាច​នឹង​ស្រក​ទៅវិញ ពុំខាន​ឡើយ ។​

​បើតាម​ការពិនិត្យ នៅ​ទំនប់​គង្គារ ដែល​ជាទី​រមណីយដ្ឋាន របស់​ភ្ញៀវទេសចរ គឺ​ទឹកបាន​លិច អស់​ទៅហើយ ក្នុងស្ថានភាព​បែបនេះ ភ្ញៀវ​មិនអាច​ទៅ​អង្គុយលេង បានឡើយ ព្រោះ​មួយចំនួន បាន​ជន​លិច​អស់​ទៅហើយ ។ ចំណែក​ប្រជាពលរដ្ឋ ដែលមាន​ស្រូវ​ស្រែ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ចំណុច​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក៏បាន​លិចលង់​អស់​ដែរ​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ក៍​បានបញ្ជាក់​អោយដឹង នៅថ្ងៃនេះ​ដែរ​ថាៈ ទឹក​ពិតជា​បាន លិច​ស្រូវ​ស្រែ របស់​ប្រជាពលរដ្ឋ​ពិតមែន ប៉ុន្តែ​មិនទាន់​ដល់​ស្ថានភាព​រងគ្រោះ ប៉ះពាល់​ខ្លាំង​នោះទេ ដោយសារតែ​ស្រូវ អាច​រស់នៅក្នុង​ទឹក រយៈពេល​ជាង ១០ ថ្ងៃ ។​

​តែ​យ៉ាងនេះ​ក្តី កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ចំណុច​ខ្លះ ក៏មាន​ការ​លិច​ខ្លះ​ដែរ ដែល​គេ​សង្កេតឃើញ កម្មករ​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ បាន​យក​ដី​ច្រក​កា​រ៉ុង ទប់ស្កាត់ ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​លិច លើផ្លូវ​ជាតិ​៕​/V

ទំនប់​គង្គារ ដែល​ជាទី​រមណីយដ្ឋាន របស់​ភ្ញៀវទេសចរ
អាជ្ញាធរ បាន​បើកទ្វារ​ទឹក​ទាំងអស់ នៃ​ទំនប់​អន្លង់​ជ្រៃ​ បញ្ចៀសការលិចលង់បាក់ទំនប់
ស្រូវ​ស្រែ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ចំណុច​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក៏បាន​លិចលង់​អស់​

ទីតាំងផ្សាយពាណិជ្ជកម្ម