ជនជាតិអាម៉េរិក២រូបឈ្នះពានរង្វាន់ណូបែលសេដ្ឋកិច្ចសម្រាប់ស្នាដៃលើវិស័យដេញថ្លៃ

220
ចែករម្លែក

គណៈកម្មាធិការណូបែលបាននិយាយកាលពីថ្ងៃចន្ទទី១២តុលាថា សេដ្ឋវិទូអាម៉េរិកឈ្មោះ ផូល មីលហ្គ្រូម និង រ៉ូបឺត វីលសុន បានឈ្នះពានរង្វាន់ណូបែលសេដ្ឋកិច្ចកាលពីថ្ងៃចន្ទសម្រាប់ស្នាដៃរបស់ពួកគេលើវិស័យដេញថ្លៃពាណិជ្ជកម្ម រួមទាំងសម្រាប់ទំនិញនិងសេវាកម្មដែលពិបាកលក់តាមបែបប្រពៃណីដូចជាប្រេកង់វិទ្យុ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ គណៈកម្មាធិការបានឱ្យដឹងថា “រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអែតបានកត់សម្គាល់ថា របកគំហើយរបស់លោកមីលហ្គ្រូមអាយុ ៧២ ឆ្នាំនិងលោកវីលសុនអាយុ ៨៣ ឆ្នាំបានផ្តល់ផលប្រយោជន៍ដល់អ្នកលក់អ្នកទិញនិងអ្នកបង់ពន្ធនៅជុំវិញពិភពលោក”។

លើកជាឧទាហរណ៍ជាច្រើនដូចជាថ្លៃអគ្គិសនីបត់បែនដែលកំណត់ដោយការដេញថ្លៃប្រចាំថ្ងៃនិងបណ្តាប្រទេសនានាប្រមូលមូលនិធិតាមរយៈការដេញថ្លៃសញ្ញាប័ណ្ណរដ្ឋាភិបាល រាជបណ្ឌិត្យសភាស៊ុយអែតបាននិយាយថា “ការដេញថ្លៃមានឥទ្ធិពលលើពួកយើងនៅគ្រប់កម្រិត។ ជាងនេះទៅទៀត ការដេញថ្លៃកាន់តែក្លាយជារឿងធម្មតាទូទៅ និង កាន់តែស្មុគ្រស្មាញផងដែរ”។

សមាជិកគណៈវិនិច្ឆ័យលោក ភីតធឺ ហ្វ្រេឌីរិកសុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ស្នាដៃរបស់លោកមីលហ្គ្រូមនិងលោកវីលសុន “ផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលយើងគួរតែរៀបចំការដេញថ្លៃ”៕ ដោយ ៖ កញ្ញាដាលីស

លោកមីលហ្គ្រូម (ឆ្វេង) និងលោកវីលសុនឈ្នះពានរង្វាន់ណូបែលសេដ្ឋកិច្ច

ទីតាំងផ្សាយពាណិជ្ជកម្ម