ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃចន្ទទី១២តុលាបានបញ្ជាឱ្យដាក់ស្ថានភាពគ្រាអាសន្នថ្មីរយៈពេលមួយសប្តាហ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះបន្ទាប់ពីសភាខកខានមិនបានពិចារណានិងអនុម័តបទបញ្ជាពីមុនរបស់គាត់ក្នុងរយៈពេលបីថ្ងៃដែលតម្រូវដោយច្បាប់។

ភាពច្របូកច្របល់បានឆ្លុះបញ្ចាំងពីភាពវឹកវរដែលបានកើតឡើងនៅទូទាំងប្រទេសបន្ទាប់ពីការបោះឆ្នោតសភាដែលមានជម្លោះមួយបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។

យោងតាមការិយាល័យរបស់ប្រធានាធិបតីសូរ៉ូបៃ ជីនបេកូវ ស្ថានភាពអាសន្ននៅទីក្រុងប៊ីស្កេតនឹងមានរយៈពេលចាប់ពីម៉ោង ៨ យប់ថ្ងៃចន្ទរហូតដល់ម៉ោង ៧ ព្រឹកថ្ងៃទី ១៩ ខែតុលា និង ពាក់ព័ន្ធនឹងបម្រាមគោចរ ការហាមឃាត់ការប្រមូលផ្តុំ និង ព្រឹត្តិការណ៍សាធារណៈផ្សេងៗព្រមទាំងការរឹតត្បិតការធ្វើដំណើរ។ ក្រឹត្យថ្មីនេះក៏បញ្ជាក់ជាថ្មីផងដែរនូវបទបញ្ជាឱ្យដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋធានីដើម្បីពង្រឹងវិធានការនេះ។

ក្រឹត្យមុនរបស់លោកជីនបេកូវ ដែលប្រកាសអំពីស្ថានភាពអាសន្ននៅទីក្រុងប៊ីស្កេត ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលការតវ៉ាមួយនៅក្នុងទីក្រុងប្រែទៅជាអំពើហិង្សានិងការបាញ់កាំភ្លើងត្រូវបានសំដៅទៅលើមេដឹកនាំនយោបាយជាច្រើន។ ក្រឹត្យនោះត្រូវបានចាត់ទុកជាមោឃៈកាលពីថ្ងៃចន្ទ ដោយសារសមាជិកសភាមិនបានពិចារណាក្នុងរយៈពេលបីថ្ងៃ។

កៀហ្ស៊ីស៊ីស្ថាន ដែលជាប្រទេសមានប្រជាជនចំនួន ៦,៥ លាននាក់ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសចិន បានធ្លាក់ចូលក្នុងភាពវឹកវរកាលពីសប្តាហ៍មុនបន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតសភាហាក់ដូចជាបង្ហាញបណ្តាគណបក្សដែលជាប់ទាក់ទងនឹងបក្សកាន់អំណាច បានឈ្នះឆ្នោត។ ក្រុមអ្នកតវ៉ាបានសម្រុកចូលនិងរឹបអូសយកអគាររដ្ឋាភិបាលជាច្រើនកន្លែង ដោយលួចយករបស់របរនៅការិយាល័យមួយចំនួន ហើយគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឆ្លើយតប ដោយទុកជាមោឃៈនូវការបោះឆ្នោតនៅថ្ងៃអាទិត្យនោះតែម្តង។

សមាជិកនៃគណបក្សប្រឆាំងមួយចំនួនបានប្រកាសផែនការបណ្តេញលោកជីនបេកូវនិងបង្កើតរដ្ឋាភិបាលថ្មីមួយ។ សម័យប្រជុំសភាបន្ទាន់នៅថ្ងៃទី ៦ ខែតុលាបានតែងតាំងអតីតសមាជិកសភាលោក សាឌា ហ្សាប៉ារ៉ូវ ជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែចំណាត់ការនេះត្រូវបានទាត់ចោលភ្លាមៗដោយក្រុមបក្សប្រឆាំងផ្សេងទៀត។

ក្រុមសមាជិកសភាបានបោះឆ្នោតកាលពីថ្ងៃសៅរ៍ដើម្បីបិទបញ្ចប់ការតែងតាំងលោកហ្សាប៉ារ៉ូ ប៉ុន្តែលោកជីបេកូវ ដែលនិយាយថាលោកអាចនឹងពិចារណាចុះចេញពីតំណែងបន្ទាប់ពីស្ថានភាពនយោបាយនៅក្នុងប្រទេសមានស្ថិរភាព មិនទាន់បានចុះហត្ថលេខាលើក្រឹត្យណាមួយដើម្បីបញ្ជាក់ពីបំណងចុះចេញពីតំណែងនៅឡើយទេ។

ការធ្វើបាតុកម្មនៅទីក្រុងប៊ីស្កេតបានបន្តសឹងតែពេញមួយសប្តាហ៍មុន ដោយអ្នកគាំទ្រនៃបក្សគូប្រជែងតែងតែប៉ះទង្គិចគ្នាទៅវិញទៅមក៕ ដោយ ៖ កញ្ញាដាលីស