ជប៉ុនបានប្តេជ្ញាពង្រឹងសមត្ថភាពប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងពីអាវុធដែលត្រូវបានបង្ហាញក្នុងអំឡុងពេលព្យុហយាត្រាយោធាដែលធ្វើឡើងដោយកូរ៉េខាងជើងកាលពីចុងសប្តាហ៍។
កូរ៉េខាងជើងដែលប្រារព្ធខួបលើកទី៧៥ នៃគណបក្សកាន់អំណាចរបស់ខ្លួនកាលពីថ្ងៃសៅរ៍បានធ្វើដង្ហែក្បួនប្រព័ន្ធអាវុធជាច្រើនប្រភេទដែលបង្ហាញនូវអ្វីដែលហាក់ដូចជាមីស៊ីលផ្លោងអន្តរទ្វីប។
វាក៏បានបង្ហាញនូវអ្វីដែលទំនងជាមីស៊ីលទំនើបជំនាន់ថ្មីដែលអាចបាញ់ចេញពីនាវាមុជទឹក។
ខណៈពេលដែលក្រុមអ្នកជំនាញមួយចំនួននិយាយថា កាំជ្រួចដែលត្រូវបានបង្ហាញក្នុងព្យុហយាត្រានោះ អាចគ្រាន់តែជាមីស៊ីលតំណាង ដោយសារវាកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ ការដង្ហែរបង្ហាញនេះហាក់ដូចជាបង្ហាញភាពប្រសើរឡើងជាបន្តបន្ទាប់នូវសមត្ថភាពអាវុធរបស់ប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលការទូតនុយក្លេអ៊ែរជាប់គាំងជាមួយសហរដ្ឋអាម៉េរិក។
លោក កាត់ស៊ូណូបូ កាតុ នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា”ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង យើងនឹងខិតខំពង្រឹងសមត្ថភាពទប់ស្កាត់មីស៊ីលដ៏ពិស្តាររបស់យើង។ យើងយល់ថាកាំជ្រួចមីស៊ីលមួយចំនួនត្រូវបានគេនិយាយថា ធ្វើឱ្យយើងមានការលំបាកក្នុងការឆ្លើយតបជាមួយប្រព័ន្ធការពារចាស់របស់យើង”។
លោក កាត់ស៊ូណូបូ កាតុ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតស្តីពីការវិភាគរបស់ជប៉ុនចំពោះមីស៊ីលដែលបានបង្ហាញដោយកូរ៉េខាងជើងនោះទេ។លោកគ្រាន់តែនិយាយថា ជប៉ុននឹងបន្តសហប្រតិបតិ្តការជាមួយសហរដ្ឋអាម៉េរិកនិងប្រទេសពាក់ព័ន្ធដទៃទៀតដើម្បីការពារប្រជាជនជប៉ុន។
នៅក្រោមការកាន់អំណាចជិត៨ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្សូ អាបេ ប្រទេសជប៉ុនបានពង្រីកតួនាទីយោធាអន្តរជាតិរបស់ខ្លួន ក្រោមសម្ព័ន្ធភាពជប៉ុន – អាម៉េរិក ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើងនិងចិន៕ប្រែសម្រួល៖សុខា/sn/Ha

ក្នុងព្យុហយាត្រាយោធាកាលពីចុងសប្តាហ៍ កូរ៉េខាងជើងបានបង្ហាញអ្វីដែលទំនងជាកាំជ្រួចឆ្លងទ្វីបដែលអាចបាញ់ដល់ដីគោកអាម៉េរិក