ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកក្នុងផ្ទះហ្គាមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១១៧ កន្លែងបាញ់ត្រីមួយកន្លែងខាងជើងផ្សារថ្មី ជិតបេនឡានបាត់ដំបង ស្ថិតនៅតាមបណ្ដោយផ្លូវ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

សពជនរងគ្រោះឈ្មោះ អ៊ូ មករា ហៅ អាម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
តាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះខាងលើ បានចូលទៅលេងក្នុងកន្លែងហ្គេមបាញ់ត្រី ហើយមួយសន្ទុះក្រោយមកឃើញចូលទៅខាងក្នុងជិតបន្ទប់ទឹក មិនបានចេញមកវិញ ក៏ស្រាប់តែពេលនោះ មានបុរសម្នាក់ដើរចូលទៅបន្ទប់ទឹកស្រាប់តែឃើញជនរងគ្រោះខាងលើ ចងកជាមួយនឹងក្រម៉ាជាប់និងចម្រឹងបង្អួចស្លាប់ ត្រូវបានអ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ ក៏ហ៊ុមព័ទ្ធកន្លែងកើតហេតុមិនឲ្យអ្នកណាចូល។ បន្ទាប់មកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ។

តាមសម្ដីសាច់ញាតិបានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើធ្លាប់ជាប់មណ្ឌលកែប្រែ ទើបតែចេញពីមណ្ឌលកែប្រែមកវិញ ដោយមិនមានផ្ទះសម្បែងស្នាក់នៅ គឺដើរទៅជ្រកកោនគ្រប់កន្លែង ហើយមិនដឹងថា មានរឿងអ្វីនោះទេ បានចងកសម្លាប់ខ្លួនបែបនេះ ទៅវិញ។
សមត្ថកិច្ចបានត្រួតពិនិត្យឃើញជាក់ស្តែងថា ពិតជាចងកសម្លាប់ខ្លួនអត្តឃាតខ្លួនឯងពិតប្រាកដមែន។ ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ៕ ល

